ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប​៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អនុរដ្ឋលេខាធិការ​នឹង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​មាន​ប្រសា​ស​ន៏​ថា បុគ្គល​យោធា​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ អាច​ប្រឈម​នឹង​ការ​ទម្លាក់​សក្តិ ឬ​ក៏​ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​យោធា អាស្រ័យ​ទៅ​លើ​កម្រិត​ទោស​កំណត់​ក្នុង​សាលក្រម​តុល​ការ​ស៊ី​វិល ។

លោក​បាន​មាន​ប្រសា​ស​ន៏​ប្រាប់​ឱ្យ​ដឹង​កាល​ព្រឹក​ថ្ងៃ​ទី​០៣ មិ​នា ឆ្នាំ​២០១៦ កន្លង​ទៅ ដោយ​ភ្ជាប់​ទៅ​នឹង​ករណី​លោក​វិ​រ​សេនីយ៍ គី ហាក់​ឡុ​ង ជា​មេបញ្ជាការ​រង​មណ្ឌល​៤ ចំនុះ​ការ​រិ​យា​ល័យ​ទី​២ នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក​ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​ជាប់​ពាក់​ពន្ធ​ទៅ​នឹង​ករណី​បាញ់បោះ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ជាយក្រុង​សៀមរាប កាលពីដើម​ខែកុម្ភៈ​កន្លង​ទៅ ។

លោក​បាន​បន្ថែម​ថា ផ្អែក​លើ​ស្មារតី​អង្គប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ ទឹ​ស​ដៅ​ឆ្នាំ​២០១៦ របស់​ក្រសួងការពារជាតិ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ពេល​ថ្មី​ៗ​បាន​រឹត​ប​ន្តឹ​យ៉ាង​ខ្លាំង​លើ​ការ​ចេញ​លិខិត​ស្នាម​អនុញ្ញាត​ឲ្យ​ប្រើប្រាស​អាវុធ ក្នុង​គោលបំណង​រក្សា​សន្តិសុខ​សង្គម ដូច្នេះ​ចំពោះ​មន្ត្រី​យោធា​ទាំងឡាយ​ណា​ដែល​អាង​អំណាច​ប្រើប្រាស់​អាវុធ​ដោយ​សេរី ដូច​ជា​ករណី​បាញ់បោះ​នៅ​ខេត្តសៀមរាប ឬ​នៅ​កន្លែង​ផ្សេង​ៗ ពួក​គេ​ក្រៅពី​ត្រូវ​ទទួល​បានការ​ជំនុំ​ជំ​រះ​ទោស​ដោយ​តុលាការស៊ីវិល ក៏​ត្រូវ​ទទួលទោស​ដោយ​តុលាការយោធា​ផង​ដែរ ។

លោក​បាន​ពន្យល់​ថា «​តាម​ធម្មតា​នៅ​ពេល​មន្ត្រី​យោធា​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​នឹង​ត្រូវ​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ តួរ​នាទី​នឹង​ក្រប​ខណ្ឌ​យោធា​របស់​គាត់ ត្រូវ​បាន​ព្យួរ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការស៊ីវិល​បន្ត​នីតិវិធី​រហូត​ដល់​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស ទើប​ទណ្ឌកម្ម​ផ្នែក​កងកម្លាំង​អាច​អនុវត្ត​ទៅ​បាន ថា​តើ​ទោស​របស់​គាត់​ត្រូវ​ទទួលទោស​ត្រឹម​ទម្លាក់​សក្តិ ឬ​ក៏​បណ្តេញ​ចេញពី​ក្រប​ខ​ណ្ខ​យោធា​ទៅ​តាម​កម្រិត​ទោស ដែល​មាន​ចែង​ក្នុង​អំណាច​សាលក្រម​ជា​ស្ថាពរ​នោះ​ដែរ ។

ដូច​ករណី​គ្នា​ដែរ ឧត្តម​សេនី​ហ៍​ទោ ម៉ៅ ផល្លា អ្នកនាំពាក្យ​អគ្គបញ្ជាការ​កង​ទ​ព័​ជើង​គោក បាន​មាន​ប្រសា​ស​ន៏​នៅ​រសៀល​ថ្ងៃ​ទី​៦ មីនា នេះ​ថា ជា​នីតិវិធី​ចំពោះ​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំខ្លួន ឬ​ចេញ​សាលក្រម​ខាង​តុលាការស៊ីវិល ត្រូវ​ជូនដំណឹង ឬ​ក៏​ផ្ញើ​សាលក្រម​ទៅ​ឲ្យ​សាមី​អង្គភាព​បានដឹង​ជា​មុន ដើម្បី​ឲ្យ​មានការ​ចាត់តាំង​ក្រុម​អធិការកិច្ច​ចុះ​អនុវត្ត​ន៏​សាលក្រម ថា​ត្រូវ​បក​សក្តិ​ភ្លាម​ៗ ឬ​ក៏​បញ្ជូន​ឈ្មោះ​ទៅ​ខាង​ក្រសួងការពារជាតិ​ជា​អ្នក​សម្រេច ។

គួរ​រំលឹក​ថា ឈ្មោះ គី ហាក់​ឡុ​ង ឋាន​វិ​រ​សេនីយ៍​ត្រី ជា​មេបញ្ជាការ​រង​មណ្ឌល​៤ ចំនុះ​ការ​រិ​យា​ល័យ​ទី​២ នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក រួម​ទាំង​បក្ខពួក​គាត់​ម្នាក់​ទៀត គឺ​ឈ្មោះ តាន់ ហ៊ុយ​ហួត ឋានៈ​វិ​រ​សេនីយ៍​ទោ ជា​មេបញ្ជាការ​ស្នាក់​ការ​ការិយាល័យ​ទី​២ ចំនុះ​អគ្គបញ្ជាការ​កង​ទ​ព័​ជើង​គោក ប្រចាំ​ខេត្តសៀមរាប ត្រូវ​បាន​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​០២ កុម្ភៈ ឆ្នាំ​២០១៦ នៅ​មុខ​ស្នាក់​ការ​របស់​ខ្លួន​ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប បន្ទាប់​ពី​មានការ​ប្តឹង​ថា​បុគ្គល​យោធា​ទាំង​ពីរ​នោះ​បាន​ទៅ​ផឹកស៊ី​រាំច្រៀង​រួច​បាន​បាញ់បោះ​ដោយ​សេរី​ក្នុង​បន្ទប់​លេខ​៧៧៧៧ នៃ​មណ្ឌល​កំសាន្ត​យីហោ « ហ៊ី​ត​ឌិន​ផា​ឡេ​ស៏​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ជាប់​ព្រំប្រទល់​ក្រុង​ទេសចរ​ណ៏​សៀមរាប ខាងក្រោយ​ស្ថានីយ​ប្រេង​ឥន្ទៈ​យីហោ «​ហាម​ន្នី​» ម្ចាស់​ឈ្មោះ ហួត ដែល​គេ​ល្បី​ថា ជា​មនុស្ស​ស្និត​ស្នាល​នឹង​នាយ​ឧត្តមសេនីយ៍​យោធា​ផ្កាយ​បួន​មួយ​រូប ។

ទោះបីជា​យ៉ាងនេះ​ក្តី​នៅ​ថ្ងៃ​បន្ទាប់ ខាង​កងរាជអាវុធហត្ថ​បាន​សម្រេច​ធ្វើការ​ដោះ​លែង​លោក តាន់ ហ៊ុយ​ហួត ឲ្យ​មាន​សេរីភាព​វិញ ដោយ​អះអាង​ថា គ្មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​លើង​លែង​តែ​ឈ្មោះ គី ហាក់​ឡុ​ង ជា​ម្ចាស់​កាំភ្លើងខ្លី នឹង​ជា​អ្នក​កេះកៃ​កាំភ្លើង​បាញ់ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ទាក់ទិន​ទៅ​នឹង​សំណុំរឿង​នេះ​ដែរ ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​ថា ឈ្មោះ គី ហាក់​ឡុ​ង ត្រូវ​បាន​តំណាង​អាយ្យ​ការ​ចោទប្រកាន់​ចំនួន​ពី​បទ​ចោទ​ផ្សេង​គ្នា គឺ​ប្រើប្រាស់​អាវុធ​ខុស​ច្បាស់ និង ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ដោយ​ចេតនា ។

តាម​មាត្រា​ចោទ​ទី​០១  រួម​ទាំង​បទល្មើស​ជាក់ស្តែង​ជនជាប់ចោទ​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០២​ឆ្នាំទៅ​០៥​ឆ្នាំ ឯណោះ ។ ដោយឡែក​ប្រភព​ពី​មន្ត្រី​យោធា​មួយ​រូប​បាន​បង្ហើប​ថា នេះ​មិនមែន​ជា​លើក​ទី​០១​ទេ ដែល​មន្ត្រី​យោធា ឈ្មោះ គី ហាក់​ឡុ​ង ខាងលើ​ធ្វើការ​បាញ់បោះ​សេរី បង្ក​ការ​ភ័យ​ខ្លាច​ដល់​សង្គម ។

កន្លង​មក​រាល់ពេល​ផឹកស្រា​ស្រវឹង​ជន​នេះ តែងតែ​បាញ់បោះ​សេរី​មិន​តិច​ជាង​០៤​ដង​ទេ ដូច​ជា​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ នៅ​លើ​ដងផ្លូវ​ហា​យ​វ៉េ (​ផ្លូវ​៦៧) នៅ​បរិវេណ​ខារ៉ាអូខេ​នាង​ពួន​នឹង​ចុង​ក្រោយ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​៧៧៧៧ ខាងលើ​តែ​ម្តង ៕