ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តក្រចេះ​៖ មាន​ករណី​ភ្ជង់​ប្លន់​មួយ​បាន​កើតឡើង​សា​ជា​ថ្មី​ម្តងទៀត បង្ក​ឡើង​ដោយ ក្រុម​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​បី​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​វែង កាលពី​យប់​ថ្ងៃ​ទី​៥ ខែមីនា  បាន​ធ្វើ​សកម្មភាព​ភ្ជង់​លើ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ទិញ​លក់​ដំឡូង​មី​មួយ​កន្លែង​នៅ​ស្រុក​ស្នួល ប្លន់ យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។

អំពើ​ប្លន់​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​កើត​មាន​ជា​លើក​ទី​២​នៅ​ក្នុង ស្រុក បន្ទាប់​ពី​កាលពី​ដើមខែ​កុ​ម្ភះ​កន្លង​ទៅ មានការ​ណី​បាញ់​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន កើតឡើង​ទៅ​លើ​លំនៅ​ឋាន​គ្រួសារ​រង​គ្រោះជា​អ្នកលក់​ដំឡូង​មី នៅ​តំបន់​ដាច់​ស្រយាល ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​បង្ក​ឲ្យ​ម្ចាស់ផ្ទះ​រង​របួស តែ​ការ​ប្លន់​មិន​បាន​សម្រេច ដោយ សារ​តែ​នគរបាល​ចុះ​អន្តរាគមន៍ ក៍​ឈាន​ទៅ​ដល់​ការ​បាញ់​តដៃ​គ្នា​មួយ​ប្រាវ ។

យ៉ាងណា​ក៏​ដោយ ក្នុង​អំពើ​ប្លន់​ដែល​បាន​កើត​មាន​ជា​លើក​ទី​២ កាលពី​យប់​ថ្ងៃ​ទី​៥ ខែ មីនា ទៅ​លើ​គ្រួសារ​រង​គ្រោះ​មួយ​មាន​របរ​រកស៊ី​ទិញ​លក់​ដំឡូង​មី នៅ​ចំនុច​គីឡូ​មែ​ត្រ​លេខ ១០៩ ក្នុងភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល គឺ​ក្រុម​ជនប្រដាប់អាវុធ​មិន​បាន​បំផ្ទុះ​អាវុធ​ឲ្យ​មាន អ្នក​រង​របួស​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ តែ​រយះ​ពេល​ជាង​១០​នាទី​តែ ប៉ុណ្ណោះ ក៍បាន​គេចខ្លួន​ចូល​ព្រៃ​ចម្ការ ។

ស្ត្រី​រង​គ្រោះ​ក្នុង​អំពើរ​ប្លន់​ឈ្មោះ ណាំ គី​ម​ស៊ា​ន ជា​ម្ចាស់ផ្ទះ អាយុ​៥៥​ឆ្នាំ មានមុខ​របរ ជា​អ្នកទិញ​លក់​ដំឡូង បាន​ឲ្យ​ដឹង​ថា ក្រុម​ជនល្មើស​ប្រដាប់​អាវុធ​បាន​ចូល​ភ្ជង់​រូប​គាត់ និង​បាន​គំរាម​ឲ្យ​គាត់​បើក​សោរ​ទូដែក​យក​លុយ​អស់​ជា​ច្រើន​លាន ។

ក្នុង​សកម្មភាព​នោះ​ដែរ ក្រុម​ជនសង្ស័យ​ក៍បាន​ភ្ជង់​ទៅ​លើ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ដែល​បាន​មក​លក់​ដំឡូង​មី បាន​ប្លន់​យក​គ្រឿង​អ​ល​ង្គ​ការ​ប្លា​ទី​ន​អស់​មួយ​ចំនួន ។ អធិការ​នគរបាល​ស្រុក​ស្នួល លោក​ចាន់ សុ​គី​ម បាន​ឲ្យ​ដឹង​ថា ក្រុម​ជនប្រដាប់អាវុធ បាន​ធ្វើ​សកម្មភាព​ក្នុង​រយះ​ពេល​ខ្លី និង​បាន​គេចខ្លួន​ទៅ​ព្រៃ​ក្នុង​ចម្ការ​ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ ។ យ៉ាងណា​ក៍ដោយ​លោក​ថា​ករណី​មួយ​នេះ​ធ្វើ​ឡើង​ដូច​រូបភាព​ករណី​កាលពី​លើក​មុន ហើយ​នគរបាល​បាន​កំណត់​ថា ជនសង្ស័យ​ជា​ក្រុម​តែ​មួយ និង​ក៏​បាន​កំណត់​លើ​មុខសញ្ញា​របស់​ជន​ទាំងនេះ​បាន​ខ្លះ​ដែរ ៕