​មនុស្ស​បែប​ណា ដែល​ងាយ​រង​បញ្ហា ខ្មោច​សង្កត់​ខ្លះ​?

​មនុស្ស​បែប​ណា ដែល​ងាយ​រង​បញ្ហា ខ្មោច​សង្កត់​ខ្លះ​?

​តើ​អ្នក​មាន​ធ្លាប់​ភ្ញាក់​ពី​គេង​មក កម្រើកខ្លួន​មិន​រួច តែ​ភ្នែក​អាច​បើក​បាន និង​ដកដង្ហើម​ធម្មតា​ដែរ​ទេ​? រឿងនេះ ខ្មែរ​យើង​ចំណាំ​ហៅថា​ខ្មោច​សង្កត់​។ ប៉ុន្តែ សូម​កុំ​ទាន់​បារម្ភ​អី ព្រោះ​វា​ត្រូវបាន​វិទ្យាសាស្ត្រ​ចាត់ទុកថា ជា​បាតុភូត​ចម្លែក​មែន តែ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។

​តើ​មនុស្ស​ប្រភេទ​ណា ដែល​ងាយ​រង​បញ្ហា​ខ្មោច​សង្កត់​នេះ​?
ខណៈពេល​ដែល​មនុស្ស​មួយចំនួន គ្រាន់តែ​ធ្លាប់​មាន​ករណី​ខ្មោច​សង្កត់​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយជីវិត តែ​ក៏​មាន​មនុស្ស​ជាច្រើន​ទៀត តែងតែ​ជួប​បញ្ហា​នេះ​ញឹកញាប់ ហើយ​ពេល​ខ្លះ អាច​នឹង​កើតមាន​ពីរ​បី​ដង​ឯណោះ ក្នុង​មួយ​សប្តាហ៍​។ យោង​ទៅ​តាម​ការសិក្សា​មួយ ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Penn State បានឲ្យដឹងថា មាន​អត្រា​ប្រជាជន​ប្រមាណ ៨ ភាគរយ​ហើយ ដែល​ធ្លាប់មាន​បញ្ហា ខ្មោច​សង្កត់​នេះ​ម្តង​ហើយ​ម្តងទៀត​។ ការ​សិក្សា​ក៏​រកឃើញ​ទៀតថា អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ដូចជា ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត សុទ្ធតែ​ងាយ​ជួប បញ្ហា​ខ្មោច​សង្កត់​នេះ​ម្តង​ហើយ​ម្តងទៀត​។

ចំពោះ​មនុស្ស ដែល​ប្រឈម​នឹង​បញ្ហា​ដែរនោះ មានដូចជា អ្នក​គេង​បាត់​ដង្ហើម អ្នក​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ដែល​គេ​មិន​លក់​។

ខាងក្រោម​នេះ គឺជា​កត្តា​ប្រឈមមុខ នឹង​ការ​គេង​ខ្មោច​សង្កត់​ញឹកញាប់​បំផុត ៖

  • ​គេង​មិនបាន​គ្រប់គ្រាន់​
  • ​ឧស្សាហ៍​ផ្លាស់ប្តូរ​ពេលវេលា​គេង​
  • ​មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា តានតឹង​ក្នុង​អារម្មណ៍​ច្រើន ឬ​ជំងឺ​ម្តង​សប្បាយ​ម្តង​កើតទុក្ខ​
  • ​គេង​ផ្ងារ​
  • ​មាន​បញ្ហា​ក្នុង​ការ​គេង​ដូចជា ជំងឺ Narcolepsy ឬ​រមួលក្រពើ​ជើង​ក្នុងពេល​គេង​
  • ​កំពុង​តែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ ជាពិសេស​ជំងឺ ADHD
  • ​ប្រើ​គ្រឿងញៀន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។