ឃុំត្រពាំងធំ ខាងត្បូង គឺជាឃុំទី២ របស់ គ.ប.ម ដែលបានធ្វើសមាជ ជ្រើសរើស សមាសភាពគណៈកម្មាធិការ ប្រតិបត្តិឃុំ

ភ្នំពេញ៖ តាំងពីព្រឹក រហូតដល់ម៉ោង ជាង១២ថ្ងៃត្រង់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ឃុំត្រពាំងធំខាងត្បូង ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំទី២ របស់គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គបម) បានធ្វើសមាជដើម្បីអនុម័ត គោលនយោបាយអភិវឌ្ឍ មូលដ្ឋានថ្នាក់ឃុំ/សង្កាត់ និងជ្រើសរើសមនុស្ស មួយចំនួនធ្វើជាតំណាង របស់ខ្លួនឲ្យចូលបម្រើការងារ នៅក្នុងគណៈកម្មាធិការប្រតិបត្តិ ឃុំត្រពាំងធំខាងត្បូង និងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលខាងមុខ។

គោលនយោបាយអភិវឌ្ឍមូលដ្ឋាន ជាអាទិភាពរបស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានសម្រាប់ ចូលរួមប្រកួតប្រជែងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ /សង្កាត់នៅឆ្នាំ២០១៧ គឺមាន ១៦ចំណុច រួចសង្ខេបមកនៅត្រឹម៣ ចំណុចធំៗគឺ មេឃុំល្អ គ្រូល្អ នគរបាលល្អ។
១-មេឃុំ មេភូមិល្អ
- អ្នកភូមិយើងឈប់បែកបាក់គ្នា ដោយសារតែរឿងនយោបាយ
- អ្នកភូមិយើងចេះសហការគ្នាអភិវឌ្ឍភូមិ ឃុំ
- អ្នកភូមិយើងទទួលបានសេវារដ្ឋបាលសាធារណៈល្អ
- អ្នកភូមិយើងជ្រើសរើសមេភូមិដោយផ្ទាល់តាមរយៈការបោះឆ្នោត
- អ្នកភូមិយើងមានផ្លូវល្អប្រើប្រាស់
- អ្នកភូមិយើងទទួលបានការសម្របសម្រួលដោះស្រាយទំនាស់ប្រកបដោយយុត្តិធម៌។
២-គ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អគ្រប់គ្រាន់
- អ្នកភូមិយើងទទួលបានសេវាសុខភាពល្អ
- កូន ចៅអ្នកភូមិយើងចាប់ពីអាយុ៣ឆ្នាំឡើងទៅទទួលបានសេវាអប់រំល្អ
- កសិករយើងទទួលបាន ទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្មល្អ។
៣-នគរបាលល្អ
- អ្នកភូមិយើងទទួលបានសន្តិសុខ និងសុវត្ថិភាព
- ភូមិឃុំគ្មានគ្រឿងញៀន
- ភូមិឃុំគ្មានបងតូចបងធំ និងគ្មេងទំនើង។

ចំពោះអ្នកដែលត្រូវជ្រើសរើសឲ្យចូលកាន់តំណែង ក្នុងគណៈកម្មាធិការប្រតិបត្តិឃុំមាន ប្រធាន, តំណាងស្រ្តី និងតំណាងយុវជន (យុវជនម្នាក់ និងយុវតីម្នាក់) ចំណែកអនុប្រធានគណៈកម្មាធិការ ប្រតិបត្តិឃុំវិញគឺប្រធានជាអ្នកជ្រើសរើស ដោយខ្លួនឯងនៅពេលក្រោយដោយមានការ យល់ព្រមពីសមាជិកគណៈកម្មាធិកា រប្រតិបត្តិឃុំផងដែរ។
 

លទ្ធផលនៃការជ្រើសរើសដោយបោះឆ្នោតសំងាត់គឺ លោក សំ រឿន ជាប់ជាប្រធានគណៈកម្មាធិការប្រតិបត្តិឃុំ, អ្នកស្រី ដួង ពៅ ជាប់ជាតំណាងស្រ្តីឃុំ, ចំណែកយុវជន អោក ធីម និងយុវតី បូ ម៉ាលី ជាប់ជាតំណាងយុវជនឃុំ។ បេក្ខជនដែលបានជាប់ឆ្នោត បានឡើងប្តេជ្ញាចិត្តបម្រើការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
 
លោកបណ្ឌិត យ៉ង សាំងកុមារ ជាប្រធានក្រុមពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាន បានមានមតិផ្ដាំផ្ញើទៅអ្នកបោះឆ្នោតថា ការបោះឆ្នោតនាពេលខាងមុខមានពីរ គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សូមប្រជាពលរដ្ឋបោះឆ្នោតដោយសំឡឹងមើលពីរចំណុច ទី១ គឺមើលលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះ គឺកុំសំឡឹងមើលថ្នាក់លើ (ក្រុមមេបក្ស) ពីព្រោះមានតែថ្នាក់ក្រោមទេដែលស្គាល់ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមដូចគ្នា និងទី២ គឺមើលគោលការណ៍របស់គណបក្ស។
 
លោកបណ្ឌិតមានប្រសាសន៍បន្តថា «ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦នេះតទៅ គណបក្សប្រជាធិប   តេយ្យមូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង កើតឡើងជាផ្លូវការហើយ ៗសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការងារធ្វើកាន់តែច្រើន និងកាន់តែសកម្មភាពថែមទៀត ពិសេសធ្វើជាគំរូគេក្នុងការដាំបន្លែ និងចិញ្ចឹមសត្វ»។
 
ជាចុងបញ្ចប់នៃកម្មវិធីសមាជនេះ លោក យ៉េង វីរៈ ជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានប្រគល់ត្រាឃុំត្រពាំងធំខាងត្បូង របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជូនលោក សំ រឿន ដែលទើបតែបានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការប្រតិបត្តិឃុំត្រពាំងធំខាងត្បូង។
 
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន មានគោលការណ៍គោរព សេចក្ដីសម្រេចរបស់ថ្នាក់មូលដ្ឋាន ពោលគឺផ្តល់សិទ្ធិសេរីភាព ពេញលេញ ក្នុងការសម្រេចចិត្ត និងជ្រើសរើសតំណាងរបស់ខ្លួន រីឯថ្នាក់លើគ្រាន់តែជាអ្នកសម្របសម្រួល និងបណ្ដុះបណ្ដាលប៉ុណ្ណោះ។ ដូច្នេះហើយបានជានៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសមាជជ្រើសរើសតំណាងរបស់ខ្លួន ព្រមទាំងអនុម័តឯកសារមួយចំនួនគឺមិនមានការចាត់តាំងពីថ្នាក់លើដូចគណបក្សនយោបាយមួយចំនួនឡើយ ហើយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ គឺឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត នឹងធ្វើសមាជដូចឃុំមហាសាំង និងឃុំត្រពាំងធំខាងត្បូងដែរ ព្រមទាំងមានឃុំ/សង្កាត់ផ្សេងៗទៀត នឹងធ្វើសមាជជាបន្តបន្ទាប់៕

ឃុំត្រពាំងធំ ខាងត្បូង គឺជាឃុំទី២ របស់ គ.ប.ម ដែលបានធ្វើសមាជ ជ្រើសរើស សមាសភាពគណៈកម្មាធិការ ប្រតិបត្តិឃុំ

ឃុំត្រពាំងធំ ខាងត្បូង គឺជាឃុំទី២ របស់ គ.ប.ម ដែលបានធ្វើសមាជ ជ្រើសរើស សមាសភាពគណៈកម្មាធិការ ប្រតិបត្តិឃុំ

ឃុំត្រពាំងធំ ខាងត្បូង គឺជាឃុំទី២ របស់ គ.ប.ម ដែលបានធ្វើសមាជ ជ្រើសរើស សមាសភាពគណៈកម្មាធិការ ប្រតិបត្តិឃុំ

ឃុំត្រពាំងធំ ខាងត្បូង គឺជាឃុំទី២ របស់ គ.ប.ម ដែលបានធ្វើសមាជ ជ្រើសរើស សមាសភាពគណៈកម្មាធិការ ប្រតិបត្តិឃុំ