ស្លាប់ ៦នាក់ របួស១៣នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៦មីនា ម្សិលមិញ

ភ្នំពេញ៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ក្នុងនោះយប់ ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី ២នាក់) និងរបួសស្រាល ៤នាក់ (ស្រី ១នាក់) ។

យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៩គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង រថយន្តធុនធំ ចំនួន ៤គ្រឿង និងយានផ្សេងៗ ១គ្រឿង។

មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក , ប្រជែង គ្រោះថ្នាក់ ៣លើក, មិនគោរពសិទ្ធី ១លើក , មិនប្រកាន់ស្តាំ ១លើក ,បត់គ្រោះថ្នាក់ ១លើក និងបុកដែកបារ៉ាស់ផ្លូវ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៥នាក់ (យប់ ១១នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨លើក ផ្លូវខេត្ត/ក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៣លើក រថយន្តធុនធំ ២លើក និងយានកែច្នៃ ១លើក ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តព្រៃវែង ១លើក ស្លាប់ ២នាក់ ភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ ខេត្តកំពង់ឆ្នាំង ១លើក ស្លាប់ ១នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ១នាក់ ( ស្រី ) ។

នៅថ្ងៃទី៦ ខែមីនានោះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥.២៩៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២.៤៨៦គ្រឿង ពិន័យសរុប ២.៨១០គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១.២៤៩នាក់ ៕

ស្លាប់ ៦នាក់ របួស១៣នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៦មីនា ម្សិលមិញ