ចង់​បង្ការ​ជំងឺ​រលាក​សន្លាក់​ហ្គោដ គួរ​ចៀសវាង​អាហារ​អ្វី​ខ្លះ​ទៅ​?

ចង់​បង្ការ​ជំងឺ​រលាក​សន្លាក់​ហ្គោដ គួរ​ចៀសវាង​អាហារ​អ្វី​ខ្លះ​ទៅ​?

​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ហើយ គឺ​មាន​ការឈឺចាប់​ខ្លាំងណាស់ ហើយ​ពេល​ខ្លះ អាច​រហូតដល់​ត្រូវ​សម្រាក នៅក្នុង​មន្ទីរពេទ្យ​ទៀតផង​។ ជំងឺ​មួយ​នេះ អាច​ជា​សញ្ញា​មួយ នៃ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ដែរ​។ អ្វី​ដែល​ពិបាក​នោះ​គឺថា ជំងឺ​រលាក​សន្លាក់​ហ្គោដ ច្រើន​តែ​ធ្ងន់ធ្ងរ​ទៅៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។
​មុន​ពេល​យើង​និយាយ​អំពី អាហារ​ដែល​ត្រូវ​ចៀសវាង អ្នក​គួរតែ​យល់ដឹង​អំពី មូលដ្ឋាន​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​សិន​។ ជំងឺ​នេះ គឺជា​ទម្រង់​រលាក​សន្លាក់​មួយ​ប្រភេទ ដែល​បណ្តាល​មកពី​ការកើនឡើង​ខ្ពស់ នៃ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​រាងកាយ​។ នៅពេល​រាងកាយ មាន​ចំនួន​អាស៊ីត​មួយ​នេះ​ច្រើន​ពេក វា​នឹង​បង្កើតបាន​ជាគ្រី​ស្តាល់ ដែល​បណ្តាល​ឲ្យ​ឈឺ នៅ​ជុំវិញ​សន្លាក់​យ៉ាងខ្លាំង​ក្លាយ​។ ចំពោះ​អាហារ​ដែល​គួរ​ចៀសវាង​នោះ មានដូចជា ៖

គ្រឿង​ស្រវឹង​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ញឹកញាប់ អាច​នាំ​ឲ្យ​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​រលាក​សន្លាក់​ហ្គោដ​។ ការសិក្សា​បានឲ្យដឹងថា ស្ត្រី​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀងទាត់ អាច​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​ហ្គោដ ខ្លាំង​ជាង​អ្នក​ដែល​មិន​ញ៉ាំ​គ្រឿង​ស្រវឹង​សោះ​រហូតដល់ ៣ ដង​ឯណោះ​។ សម្រាប់​បុរស​វិញ គឺ​ខ្លាំង​ជាង​ពីរ​ដង​។ គ្រឿង​ស្រវឹង​ដែល​ធ្វើទុក្ខ​ខ្លាំង​នោះ គឺ​ស្រា​បៀ​រ និង​ស្រា​តែម្តង ព្រោះ​វា​នឹង​បង្កើន​ចំនួន អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ខ្លួន​។

ប្រូតេអ៊ីន​
សាច់មាន់ សាច់ជ្រូក និង​សាច់​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​ប៉ះពាល់ ដល់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ទាំងអស់​។ នេះ​ដោយសារ​តែ​អាហារ​ទាំងនេះ នឹង​បំលែង​សារធាតុ Purines ទៅ​ជា​អាស៊ីត​អ៊ុយ​រិក​។ សាច់ និង​អាហារ​សមុទ្រ សុទ្ធតែ​មាន​សារធាតុ Purine ទាំងអស់​។ ហេតុដូច្នេះ​ហើយ ទើប​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោដ ត្រូវបាន​គេ​ណែនាំ មិនឲ្យ​ទទួលទាន​សាច់ និង​អាហារ​សមុទ្រ​។

សាច់​គ្រឿងក្នុង​
បើសិនជា​សាច់​មិនល្អ ចំពោះ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ហើយ អ្នក​ក៏​មិន​ត្រូវ​ញ៉ាំ​សាច់​គ្រឿងក្នុង​ដែរ ព្រោះ​វា​ប៉ះពាល់ ខ្លាំង​ជាង​សាច់​ធម្មតា​ទៅ​ទៀត ព្រោះ​សាច់​គ្រឿងក្នុង សម្បូរ​សារធាតុ Purine ណាស់​។ សាច់​គ្រឿងក្នុង​ទាំងនោះ មានដូចជា ថ្លើម​សត្វ បេះដូង​សត្វ ខួរ​សត្វ ក្រ​លៀន និង​ពោះវៀន​តែម្តង​។

ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ឬ​ទឹក​ផ្លែឈើ​
របប​អាហារ​ដែល​មាន​បន្ថែម​ជាតិ​ស្ករ សុទ្ធតែ​ប៉ះពាល់​ដល់ ជំងឺ​រលាក​សន្លាក់​ហ្គោដ​ទាំងអស់​។ ទឹក​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ប្រភេទ Fructose និង Glucose ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ក៏​អាច​ប៉ះពាល់​ដល់​ថ្លើម​ដែរ​។ ការសិក្សា​ថ្មី​បាន​រកឃើញថា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ Fructose ខ្ពស់ នឹង​ប្រឈម​កាន់តែខ្លាំង នឹង​ការ​ធ្វើ​ទុក្ខ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​រហូតដល់ ៨៥ ភាគរយ​ឯណោះ​។ នេះ​ដោយសារ​តែ Fructose ទៅ​បំបែក​សារធាតុ Purine ក្នុង​រាងកាយ ទៅ​ជា​អាស៊ីត​អ៊ុយ​រិ​កកាន់តែច្រើន​។ ការ​ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ផ្អែម​ប្រភេទ​នេះ ក៏​មិន​ល្អ​ដែរ ដូច្នេះ គួរតែ​ចៀសវាង​។ ផ្លែ​ឈើ​ទាំង​នោះ មានដូចជា ក្រូច និង​ផ្លែ​ប៉ោម​ជាដើម​។

ថ្នាំ​អាស្ពីរីន
ថ្នាំ​មួយចំនួន​ដែល​អ្នក​ញ៉ាំ ក៏​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ដែរ​។ ថ្នាំ​ទាំង​នោះ​មានដូចជា ថ្នាំ​អាស្ពីរីន​កម្រិត​ទាប ដែល​ប្រើ​សម្រាប់​បង្ការ​ជំងឺ​បេះដូង​។ ដូច្នេះ បើសិនជា​អ្នក​មាន​គ្រួសារ ធ្លាប់​កើត​ជំងឺ​រលាកសន្លាក់ហ្គោដ អ្នកក៏គួរតែប្រាប់រឿងនេះដល់គ្រូពេទ្យឲ្យបានដឹងផង៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។