ក្រុមទ័ព លត់វេស្ទើន ៥-១ ប៉ុន្តែព្រះខ័នរាជ បានត្រឹមស្មើប៉ូលិស

ក្រុមក្រសួងការពារជាតិ(ទ័ព) កំពុងបានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីភាពខ្លាំងរបស់ខ្លួន សម្រាប់ការប្រកួតរដូវកាលថ្មីនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេបានបន្តលត់ក្រុមវេស្ទើនភ្នំពេញ ៥-១ ក្នុងការប្រកួតវិលជុំលើកទី៣ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមស្នងការនគរបាលជាតិ(ប៉ូលិស)។
1
ជ័យជម្នះជាមួយការស៊ុតបាល់បញ្ចូលទីទៅលើក្រុមវេស្ទើន រហូតដល់ ៥-១ នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ វារឹតតែបង្ហាញឲ្យឃើញពីគុណភាពលេងរបស់ទ័ព ពិសេសភាពមុតស្រួចរបស់កីឡាករកូរ៉េខាងជើង Choe Myong Ho ព្រោះការប្រកួតនេះគេរកបានរហូតដល់៤គ្រាប់តែម្នាក់ឯង ដែលមិនធ្លាប់កើតមានពីមុនមកនោះឡើយ គឺនៅនាទីទី១៦, ៥៤, ៧៤ និង៧៥ ហើយ រ៉ឹង ប៊ុនហៀង រកបាន១គ្រាប់នៅនាទីទី៤៣។

ចំណែក១គ្រាប់របស់វេស្ទើន រកបានដោយខ្សែប្រយុទ្ធ Okoro Osa នៅនាទីទី៦៤ ហើយតាមរយៈលទ្ធផលនេះបានធ្វើឲ្យទ័ព មាន៩ពិន្ទុស្មើជាមួយក្រុមបឹងកេត និងបានឡើងទៅឈរនៅលេខរៀងទី២វិញ តែក្រុមវេស្ទើន មានត្រឹម១ពិន្ទុ ជាមួយការស្មើ១ និងចាញ់២ប្រកួតជាប់ៗគ្នានេះ។

យ៉ាងណាមិញ ក្រុមព្រះខ័នរាជស្វាយរៀង ដែលបានបង្ហាញភាពខ្លាំង២លើកជាប់ៗគ្នា នៅលើទឹកដីខ្លួនឯកនោះ បានជួបការមិនសប្បាយចិត្តជាលើកដំបូង ខណៈពួកគេបានចែកគ្នាម្នាក់១ពិន្ទុជាមួយការប្រកួតស្មើគ្នា ១-១ នោះ។

កីឡាករ Sareth Kriya បានរកឃើញគ្រាប់បាល់បើកឆាកឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានមុននៅនាទីទី៣២ ប៉ុន្តែរយៈពេល២នាទីក្រោយមក កីឡាករ Osei Tutu Michael បានវាយបកតាមស្មើឲ្យប៉ូលិស។ លទ្ធផលនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ដែលបានគ្រប់គ្រងកំពូលតារាងចំនួន២សប្តាហ៍ជាប់ៗគ្នានោះ បានធ្លាក់មកឈរនៅលេខរៀងទី៣វិញ ដោយមាន៧ពិន្ទុ ដោយតាមពីក្រោយដោយភ្នំពេញក្រោន និងណាហ្គាវើល ដែលមាន៤ពិន្ទុដូចគ្នា៕