អ្នកតវ៉ា​​​​ជា​​​និស្សិត​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​វេទិកា​​​​​​គណបក្ស​​​សង្គ្រោ​​​ះជាតិ​​​

អ្នក​​​តវ៉ា​​​​ជា​​​និស្សិត​​​មួយ​​​ក្រុម​​​ដែល​​​ប្រឹង​ប្រែង​​​​តតាំង​​​នឹង​​​លោក​​​ កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពាក់​​​ព័ន្ធ​​​ខ្សែអាត់​​​សំឡេង​​​មួយ​​​ចំនួន​​​ដែល​​​អះអាង​​​ថា ជា​​​ការ​​​សន្ទនា​​​គ្នា​​​រវាង​​​រូបលោក​​​ និង​​​ស្រី​​​កំណាន់​​​ម្នាក់ ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​វេទិកា​​​សាធារណៈ​​​​ចំនួន​ពីរ​​​កន្លែង​​​ធ្វើឡើង​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​។

លោក កឹម សុខា ដែល​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ជា​​​សាធារណៈ​​​ចំពោះ​​​ខ្សែ​​​អាត​​់​​​សំឡេង​​​ទាំង​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​​​​​​​បាន​​​ធ្វើ​​​ជា​​​អធិបតីនៅ​​​ក្នុង​​​វេទិកា​​​សាធារណៈ​​​នៅ​​​​ខេត្ត​ព្រះសីហនុ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ និង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​ថ្ងៃ​​​ម្សិល​​​មិញ​។

ប៉េង ភីរេន អាយុ​​​២៤​​​ឆ្នាំ​​​ ជា​​​និស្សិត​​​ម្នាក់​​​​​​​​នៅ​​​សាកលវិទ្យាល័យភូមិន្ទ​​​​​​នីតិសាស្ត្រ និង​​​វិទ្យាសាស្ត្រ​​​សេដ្ឋកិច្ច​​​ដែល​​​​​​​ក៏​​​បាន​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​​​​កណ្តាល​ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​របស់​គណបក្ស​​​សង្គ្រោះ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា និស្សិត​​​ប្រហែល​​​​៣០​នាក់​​​​មាន​​​គម្រោង​​​ចូល​​​រួម​​​វេទិកា​​​កាល​​​ពី​​​ម្សិលមិញ នៅ​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​ ប៉ុន្តែ ត្រូវ​​​បានរារាំង​​​ដោយ​​​សន្តិសុខ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​​ថ្លែង​​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​​នៅវេទិកា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​​​​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ។ 

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​​ថ្លែង​​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​​នៅវេទិកា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​​​​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ។

និស្សិត​​​ ប៉េង ភីរេន បាន​​​និយាយ​​​ថា “​​​យើង ​​​ចង់​​​ស្នើ​​​ឲ្យ​​​លោក កឹម សុខា និយាយ​​​ថា តើ​​​សំឡេង​​​នោះ​​​គឺជា​​​របស់​​​គាត់​​​ ឬ​​​មិន​​​មែន​​​​​​ប៉ុន្តែ អង្គរក្ស​​​របស់​​​គាត់​​​បាន​​​រារាំង​​​មិន​​​ឲ្យយើង​​​ដើរ​​​ចូល​​​ទៅ​​​ក្នុង​​​កន្លែង​​​​​​វេទិកា​​​សាធារណៈ​​​ទេ ហើយ​​​ពួកគេ​​​បាន​​​​​វាយ​​​និស្សិត​​​៣​​​នាក់​​​”។​​​ និស្សិត​​​​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា ក្រុម​​​របស់​​​ខ្លួន​​​ក៏​​​ត្រូវ​​​បាន​​​បដិសេធ​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​កាន់​​​កន្លែង​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្នុង​​​ខណ្ឌព្រៃ​​​នប់​​​ ក្រុង​​​ព្រះសីហនុ ដែរ​។​ “ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​លោក ​​​កឹម ​​​សុខា ព្យាយាម​​​គេច​​​ពី​​​យើង​​​ ហើយ​​​មិន​​​ឆ្លើយ​​​សំណួរ​​​យើង​​​ឡើយ​”។

លោក ហូរ វ៉ាន់ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​ចូល​​​រួម​​​វេទិកា​​​កាល​​​ពី​​​ម្សិលមិញ ​​​បាន​​​បញ្ជាក់​​​ថា និស្សិត​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​កន្លែង​​​ជួប​​​ជុំ​​​គ្នា​​​មែន ​​​ប៉ុន្តែ បាន​​​បដិសេធ​​​ថា គ្មាន​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​កើត​​​ឡើង​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “​​​ខ្ញុំ​​​សូម​​​បដិសេធ​​​ ទាំង​​​ស្រុង​​​​​​ថា យើង​​​មិន​​​បាន​​​​​​វាយ​​​ក្រុម​​​និស្សិត​​​នោះ​​​ឡើយ។ យើង​​​គ្រាន់​​​តែ​​​ប្រាប់​​​ឲ្យ​​​ពួក​​​គាត់​​​ចេញ​​​ទៅ​​​ឆ្ងាយ​​​ព្រោះ​​​ពួក​​​គាត់​​​ចង់​​​បង្ក​​​បញ្ហា​​​នៅ​​​កន្លែង​​​វេទិកា​​​សាធារណៈ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ទាំង​​​នោះ​​​ចូល​​​រួម​​​វេទិកា​​​ ព្រោះ​​​ពួក​​​គាត់​​​មិន​​​មែន​​​ជា​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​ ស៊ើ​​​ប​​​អង្កេត​​​​នៅ​​​អង្គ​​​​ការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ដែល​​​ក៏​​​បាន​​​ចូល​​​រួម​​​វេទិកា​​​នេះ​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ឃើញ​​​ក្រុម​​​និស្សិត​​​ត្រូវ​​​បាន​​​​​​បណ្តេញ​​ចេញ​​​ទៅ​​​ឆ្ងាយ​​​​​​ដោយ​​​​​អ្នក​​​គាំទ្រ​​​​និង​​​អង្គរក្ស​គណបក្ស​​​សង្គ្រោះ​​​ជាតិ​។

លោក​​​បាន​​​​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​មាន​​​ការ​​​វាយ​​​ដំ​​​នោះ​​​ទេ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​ឃើញ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​រុញ​​​ក្រុម​​​និស្សិត​​​​​​ឲ្យ​​​ចេញ​​​ឆ្ងាយ​​​ប្រហែល​​​១០០​​​មែ៉ត្រ​​​ពី​​​វេទិការ​​​សាធារណៈ​​​មុន​​​ពេល​​​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​មក​​​ដល់​​​ព្រោះ​​​​​​ពួក​​​គេ​​​ខ្លាច​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ និស្សិត ​​​ប៉េង ភីរេន ​​​និយាយ​​​ថា ខ្លួន​​​មាន​​​គម្រោង​​​ជួប​​​ជាមួយ​​​មេធាវី​​​ដើម្បី​​​រៀប​​​ចំ​​​ដាក់​​​ពាក្យ​​ ​​​ប្តឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំពោះ​​​សកម្ម​​​ភាព​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ និង​​​រាជធានី​​​ភ្នំពេញ​​​។

និស្សិត​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “ឥឡូវ​​​​​​នេះ​​​យើង​​​កំពុង​​​ប្រមូល​​​ភ័ស្តុ​​​តាង ហើយ​​​យើង​​​​​​នឹង​​​ពិភាក្សា​​​ជា​​​មួយ​​​មេធាវី​​​​​​ដើម្បី​​​ដាក់​​​ពាក្យ​​​ប្តឹង​​​អង្គរក្ស​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ក្រុម​​និស្សិត​​​”។

និស្សិត​​​ច្បាប់​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ទៀ​​​ត​​​ថា ​​​ក្រុម​​​របស់​​​ខ្លួន​​​ដែល​​​អះ​​​អាង​​​ថា ឯករាជ្យ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​គណបក្ស​​​នយោបាយ​​​ណា​​​មួយ​​​​​​បានខឹង​ ដោយ​​​សារ​​​ខ្លឹម​​​សារ​​​នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​ដែល​​​បុរស​​​ម្នាក់​​​​មាន​​​សំឡេង​​​ដូច​​​ លោក កឹម​​​ សុខា និយាយ​​​បញ្ឆិត​​​បញ្ឆៀង​​​ទៅ​​​រក​​​រឿង​​​ផ្លូវ​​​ភេទ​​​ និង​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ​​​របស់​​​ស្រី​​​កំណាន់​​​ម្នាក់​​​​​​ ដែល​​​លោក​​​លើក​​​ឡើង​​​ថា​​”បាន​​​យក​ចេញ​​​”។ អ្នក​តវ៉ា​ជា​​​និស្សិត​​​មិន​​​មែនជា​​​ក្រុម​​​តែ​​​មួយ​​​គត់​​​ដែល​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ជួប​​​និយាយ​​​ជាមួយ​​​លោក កឹម សុខា កាល​​​ពី​​​ម្សិលមិញ​​​នោះ​​​ឡើយ​​​។

cam-photo-sokha-1-e1457312045993អង្គរក្ស​​​ និង​​​អ្នក​​​គំាទ្រ​​​គណបក្ស​​​ប្រឆាំង​​​យ៉ាង​​​តិច​​​ចំនួន​​​២០​​​នាក់​​​​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​ថា បាន​​​ឈរ​​​ព័ទ្ធ​​​អ្នកយក​​​ព័ត៌មាន​​​​​​​ម្នាក់​​​មក​​​ពី​​​ស្ថានីយ​​​ទូរទស្សន៍​​​ក្នុង​​​ស្រុក​​​មួយ​​​​​​ ដែល​​​ព្យាយាម​​​សម្ភាស លោក កឹម សុខា ក្រោយ​​​វេទិកា​​​សាធារណៈ​​​រួចភ្លាម​​។

​​​ពេល​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​ហេតុការណ៍​​​នេះ​​​លោក ហូរ វ៉ាន់ បាន​​​លើក​​​ឡើង​​​ថា គ្មានរឿង​បែបនេះ​​​​​កើត​​​ឡើង​​​ទេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​មិន​​​បាន​​​ឃាត់​​​អ្នក​​​កាសែត​​​ណា​​​ម្នាក់​​​មិន​​​ឲ្យ​​​ព្យាយាម​​​សម្ភាសឯកឧត្តម​​​ កឹម សុខា​​​ ទេ។​​​ខ្ញុំ​​​គិត​​​ថា ​​​ព័ត៌មាន​​​នេះ​​​មិន​​​ពិត​​​ឡើយ​​​​ ព្រោះ​​​​​​យើង​​​ប្រកាន់​​​ ជំហរ​ប្រជាធិបតេយ្យ​​​បើ​​​ក​​​ទូលាយ​​​​​​ ហេតុ​​​ដូច្នេះ​​​អ្នក​​​កាសែត​​​ទាំង​​​អស់​​​អាច​​ធ្វើ​សេចក្តី​រាយការណ៍អំពី​​​​​យើង​​​ដោយ​​​សេរី​​​”។​

លោក​​​ស្រី ជៀប សុធារី អ្នក​​​សម្រប​​​សម្រួល​​​ នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​​​​ព្រះសីហនុ​​​បាន​​​លើក​​​ឡើង​​​ថា អ្នកតវ៉ា​ជា​​​និស្សិត​​​ ប្រហែល​​​៥០​​​នាក់​​​បាន​​​​​​ចេញ​​​មក​​​ហើយ​​​សំដៅ​​​ទៅ​​​កន្លែង​​​វេទិកា​​​សាធារណៈ​​​នៅ​​​ក្នុង​ខណ្ឌ​​​ព្រៃ​​​នប់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​រារាំង​​​ពួក​​​គាត់​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​វេទិកា​​​នេះ​​​​ ដោយសារ​​​ពួក​​​គេ​​​ខ្លាច​​​ក្រុម​​​​​​និស្សិត​​​ទាំង​​​នេះ​​​​​​មក​​​បង្ក​​​បញ្ហា​​​នៅ​​​កន្លែង​​​​​​​វេទិកា​​​សាធារណៈ”។

លោកស្រី​​​បាន​​​បន្ថែម​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​បាន​​​វាយ​​​ដ​​​ំ​​​ក្រុម​​​និស្សិត​​​ទេ ប៉ុន្តែ ពួក​​​គេ​​​គ្រាន់​​​តែ​​ដណ្តើម​​​យក​​​ឧគ្ឃោសន​​​ស័ព្ទ​​​ពី​​​ក្រុម​​​និស្សិត​​​ប៉ុណ្ណោះ​​​ ព្រោះ​​​ពួក​​​គាត់​​​បាន​​​រិះ​​​គន់​​​ឯកឧត្តម​​​ កឹម សុខា ទាក់​​​ទិន​​​រឿង​​​អាស្រូវ​​​​​​ស​ហាយ​​​ស្មន់​​​ជាមួយ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​លេចឡើង​នៅ​ក្នុង​​​​វីដេអូ​​​ឃ្លីប”។

ខណៈ​​​ខ្សែអាត់ស​​​ំឡេង​​​ទី​​​១ បាន​​​លេច​​​ឡើង​​​នៅ​​​លើ​​​​​​គណនី​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ទើបតែ​​​បង្កើត​​​ថ្មី​​​មួយ​​​​​​ដែល​​​គេ​​​អះអាង​​​ថា​​​ជា​​​របស់​​​ស្រី​​​កំណាន់​​​​លោក កឹម សុខា​​​នោះ​ មាន​​​ខ្សែ​​​អាត់​​​សំឡេង​​​ច្រើន​​​ទៀត​​ត្រូវ​​​បាន​​​បង្ហោះ​​​នៅ​​​លើ​​​គណនីហ្វេស​​​ប៊ុក ​​​”រឿង​​​ពិត CNRP” ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​។

កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ខ្សែអាត់​​​សំឡេង​​​ថ្មី​​​មួយ​​​ចំនួន​​​ដែល​​​គេ​​​សង្ស័យ​​​ថា ជា​​​សំឡេង​​​របស់​​​លោក កឹម សុខា​​​ និយាយ​​​ជា​​​មួយ​​​ស្រី​​​កំណាន់​​​របស់​​​លោក​​​នោះ​​​​​​ត្រូវ​​​​​បាន​​​បង្ហោះ​​​ដោយ​​​គណនី​​​រឿង​​​ពិត​​​ CNRPក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​ខ្សែ​​​អាត់​​​សំឡេង​​​មួយ​​​ដែល​​​លោក​​​ពិភាក្សា​​​ អំពី​​​ការ​​​ទិញ​​​ អាផាតមិន​​តម្លៃ​​​៧០.០០០ដុល្លារ​​​ឲ្យ​​​ស្រី​​​ស្នេហ៍​​​របស​​​់​​​លោក​​​ផង​​​ដែរ។

ក្នុង​​​សារ​​​បង្ហោះ​​​អម​​​ដោយ​​​ខ្សែ​​​អាត់​​​សំឡេង ម្ចាស់​​​គណនី​​​នេះ​​​បាន​​​ចាត់ទុក​​​​ស្ត្រី​​​រូប​​​​​​នេះ​​​ថា ជា​​​ “​​​ប្រពន្ធចុង​​​យួន”​​​របស់​​​លោក​​​ កឹម សុខា​។

នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្សេង​​​ទៀត​​​ក្នុង​​​ការ​​​លើក​​​ឡើង​​​ថា ខ្សែអាត់​​​សំឡេង​​​ទាំង​​​នេះ​​​​គ្រាន់​​​តែ​​​ជា​​​ឧបាយ​​​កល​​​នយោបាយ​​​ដែល​​​មាន​​​បំណង​​​ធ្វើ​​​បាប​​​គណបក្ស​​​របស់​លោក​​​ប៉ុណ្ណោះ​​ ហើយ​​​​​​​ថា ​​​លោក​​​មិន​​​ខ្វល់​ទេ មិន​​​ថា លោក កឹម សុខា គឺ​​​ជា​​​មនុស្ស​​​ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ​​​ ឬយ៉ាង​​​ណា​​​ឡើយ​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា ”ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​ ហើយ​​​ខ្ញុំ​​​មិន​​​​ខ្វល់​​​អំពី​​​អត្ត​​​សញ្ញាណ​​​របស់​​​បុគ្គល​​​រូប​​​នោះ​​​ឡើយ​​​។វា​​​ជា​​​រឿង​​​ធម្មតា​​​​​​​​​​​​​​​​​”៕​​​ ស៊ុយឈាង (រាយការណ៍​​​បន្ថែមដោយ Anthony Jensen)

 

The post អ្នកតវ៉ា​​​​ជា​​​និស្សិត​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​វេទិកា​​​​​​គណបក្ស​​​សង្គ្រោ​​​ះជាតិ​​​ appeared first on ខេមបូឌា ដេលី.