កូនក្រមុំកូនកំលោះ គួររៀបការខែណាខ្លះ អាចជួយឲ្យមានសុភមង្គល និងទ្រព្យហូរចូលខ្លាំង?​

ភ្នំពេញ៖ ជាការពិត ការជ្រើសរើសពេលាសម្រាប់ថ្ងៃការ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កូនកំលោះ កូនក្រមុំ។ ហើយចំពោះថ្ងៃខែ រៀបការនោះដែរ បើតាមជំនឿ ពីបុរាណបានឲ្យដឹងថា បើចេះជ្រើសរើស ថ្ងៃខែបានល្អ ដើម្បីរៀបការ គឺអាចធ្វើឲ្យមានសុភមង្គល និងរកស៊ីមានបានផងដែរ។

កូនក្រមុំកូនកំលោះ គួររៀបការខែណាខ្លះ អាចជួយឲ្យមានសុភមង្គល និងទ្រព្យហូរចូលខ្លាំង?​

ចុះតើអ្នកដឹងទេថា តើមានខែណាខ្លះ ដែលល្អបំផុត និងខែណាខ្លះ ដែលអាក្រក់បំផុត ដែលកូនកំលោះ កូនក្រុមុំ មិនគួររៀបការនោះ?

បើតាមសម្តី លោកអាចារ្យ អ៊ុក នន់ វ័យ៦០ឆ្នាំ ដែលជាអាចារ្យក្នុងវត្តទួលទំពូង មានបទពិសោធន៍ ពេលាការ តាំងពីឆ្នាំ១៩៨១មកម្លេះ រូបគាត់ បានមានប្រសាសន៍ថា "ពិធីរៀបការ មិនមែនចេះតែរៀបការ ឲ្យចប់ចុងចប់ដើមនោះទេ ហើយពេលវេលាទៀតសោត ក៏គេត្រូវរើសឲ្យបានល្អផងដែរ ដើម្បីជ័យមង្គល សម្រាប់កូនក្រមុំ កូនកំលោះ។ សម្រាប់ខ្ញុំ​ជាអាចារ្យ ដែលដេញពេលាការ រាប់ឆ្នាំមកហើយ ខែដែលល្អបំផុត គឺចាប់ពីខែ វិច្ឆិកា ដល់ចុងខែ មិថុនា និងដើមកក្កដា។ ព្រោះថា ខែនេះ ជាខែដែលត្រជាក់ត្រជុំល្អ ដែលដំណាំផ្សេងៗ មានការលូតលាស់ ស្រស់បំព្រង។ ហើយគេក៏តែងប្រៀបធៀប ខែទាំងនេះ ទៅនឹងគូជីវិត របស់ស្វាមីភរិយា ដែលពួកគេ អាចរស់នៅជាមួយគ្នា​ ដោយសុខសាន្តសុដុមរមនា សុភមង្គលជារៀងរហូត។ ហើយជាពិសេស ពួកគេនឹងអាចរកស៊ីមានបាន ទ្រព្យសម្បត្តិហូរហ៊ារទៅតាមហ្នឹងផងដែរ។ នេះបើទំនៀមទំលាប់ចាស់ៗ ដែលខ្ញុំបានដឹងមក ហើយខ្ញុំក៏តែងរៀបចំ ខែទាំងលើនេះ មករៀបចំ ឲ្យកូនក្រមុំ កូនកំលោះភាគច្រើន មកហើយដែរ"។ 

"បើនិយាយពី ខែអាក្រក់វិញ ដែលមិនគួរ ឲ្យកូនកំលោះកូនក្រមុំ ចូលរោងជ័យជាមួយគ្នានោះ គឺចាប់ពីខែសីហា ដល់ខែ តុលា ។ ហើយអ្នកខ្លះ តែងនិយាយថា ដោយសារតែខែនោះ ជាខែភ្លៀងធ្លាក់ ទើបមិនអាចរៀបការបាន។ តាមពិតទៅ មិនមែនមានតែមួយចំនុច ដូចមនុស្សភាគច្រើន បាននិយាយនោះទេ តែមានជំនឿមួយចំនួនទៀត ចំពោះខែខាងលើនេះ។ សម្រាប់ ខែខែសីហា ដល់ខែ តុលា គឺជារដូវចូលព្រះវស្សា តាំងពីទំនៀមទំលាប់មក គេមិននិយមរៀបការនោះទេ ព្រោះជារដូវធ្វើធម៌សមាធិ ដែលគេមិនចង់ឲ្យកូនក្រមុំកូនកំលោះ រួមសង្វាស់គ្នានោះទេ(ផ្សំដំណេក)។  ហើយវាអាចនាំភាពក្តៅក្រហាយ ក្នុងរង្វង់គ្រួសារ ហើយពេលខ្លះទៀត អាចខ្ចាត់ព្រាត់ជាមួយគ្នាក៏ថាបាន"

 

លោកអាចារ្យ បានបន្តថា «បើក្នុងករណី កូនក្រមុំ និងកូនកំលោះ នៅតែចង់ជំនះ និងសម្រេចចិត្ត រៀបការ ក្នុងខែមិនល្អខាងលើនេះ គឺអាចឲ្យមហាជនដឹងបានថា ពួកគេអាចមានបញ្ហាធំដុំ ដែលមិនអាចប្រកែកបាន ដូចជាខុសទំនៀមទំលាប់ប្រពៃណី ដែលចាស់ៗតែងនិយាយថា ទុំមុនស្រគាល អាចជាមានផ្ទៃពោះជាដើម ទើបធ្វើឲ្យពួកគេ ប្រញាប់ប្រញាល់រៀបការ ទាំងតក់ក្រហល់ ក្នុងខែសីហា ដល់ខែ តុលា បែបនេះ»

ជាចុងក្រោយ លោកអាចារ្យ អ៊ុក នន់ ក៏បានក្រើនរំលឹក ទៅដល់កូនក្រមុំ និងកូនកំលោះ ថ្មីថ្មោងផងដែរ ដែលចង់រៀបការជាមួយគ្នា ត្រូវចេះពិចារណា លើពេលាការ ឲ្យបានម៉ត់ចត់បន្តិច ព្រោះថា វាពិតជាសំខាន់ខ្លាំងបំផុត សម្រាប់ជីវិតគូ ដែលអាចរស់នៅជាមួយគ្នា មានសុភមង្គលជារៀងរហូត ដល់ចាស់កោងខ្នង ហើយក៏អាចនាំលាភសំណាង ទ្រព្យសម្បត្តិហូរហ៊ារផងដែរ៕

កូនក្រមុំកូនកំលោះ គួររៀបការខែណាខ្លះ អាចជួយឲ្យមានសុភមង្គល និងទ្រព្យហូរចូលខ្លាំង?​
កូនក្រមុំកូនកំលោះ គួររៀបការខែណាខ្លះ អាចជួយឲ្យមានសុភមង្គល និងទ្រព្យហូរចូលខ្លាំង?​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត