វិចារណកថាៈ បទល្មើសកាប់ឈើ និងរំលោភយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ នៅតែបន្តកើតមាន

 មួយរយៈពេលចុងក្រោយនេះ បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ក៏ដូចជាបទល្មើស កាប់ព្រៃទន្ទ្រាន យកដីធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើង យ៉ាងអនាធិបតេយ្យ នៅតែតាមបណ្ដាខេត្តមួយចំនួន ។ ជាក់ស្ដែងព្រៃឈើនៅក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាប់ព្រំប្រទល់រវាងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុក ភ្នំពេញក្រវាញ ខេត្តពោធិ៍សាត់ នៅតែបន្តកើតមានឥតឈប់ឈរ ។ បើតាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ក្នុងតំបន់នោះ បានឲ្យដឹងថា មន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ ដែលកំពុងកើតឡើងយ៉ាង ពេញ បន្ទុក នោះទេ ។ ផ្ទុយទៅវិញ ប្រភពមួយចំនួន បានឲ្យដឹងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើក្នុងតំបន់ ដែនជម្រក សត្វភ្នំ ឱរ៉ាល់ គឺជាប្រភពចំណូល របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចមួយចំនួនទៀត ហេតុនេះហើយ ទើបពុំមានអ្នកណាបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព។

 ដោយឡែកប្រភពពីប្រជាពលរដ្ឋតាមបណ្ដាឃុំមួយចំនួន នៅស្រុកសំបូរ ខេត្តក្រចេះ ក៏បានឲ្យដឹងដែរថា ក្នុងមូលដ្ឋាន របស់ពួកគាត់ បទល្មើសកាប់ព្រៃទន្ទ្រាន យកដី ក្នុងមូលដ្ឋានរបស់ពួកគាត់ នៅតែបន្តកើតមានឥត ឈប់ឈរ។ តាមការអះអាងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រៃសហគមន៍ និងព្រៃការពាររាប់រយ រាប់ពាន់ ហិកតា ត្រូវកាប់បំផ្លាញទន្ទ្រានយកដី ជាបន្តបន្ទាប់ ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹងមិន ឮអ្វីទាំងអស់ បណ្ដោយឲ្យបទល្មើស រាលដាលកាន់តែខ្លាំង។ ប្រជាសហគមន៍ការពារព្រៃឈើ នៅស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា នៅពេលឃើញមានបទល្មើសកើតឡើង ពួកគាត់តែងតែ រាយការណ៍ ទៅមន្ត្រីអាជ្ញាធរ ឃុំ និងស្រុក មន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាមន្ត្រីបរិស្ថាន ហើយគ្មាននរណាចាត់វិធានការ ទប់ស្កាត់បទ ល្មើសឲ្យ បានទាន់ពេល វេលានោះទេ។ ប្រការនេះ កំពុងធ្វើឲ្យព្រៃសហគមន៍ក្នុងឃុំមួយចំនួន នៅស្រុកសំបូរ ត្រូវប្រឈម នឹង សេចក្តីវិនាស ព្រោះបច្ចុប្បន្នបទល្មើសកាប់ព្រៃទន្ទ្រានយកដី នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។

 ប្រជាពលរដ្ឋក្នុងឃុំមួយចំនួន នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ព្រៃឈើក្នុងមូលដ្ឋាន របស់ពួកគាត់ ត្រូវមានអ្នកមានលុយមានអំណាច និងជនចំណាក់ស្រុកមួយចំនួន កាប់ទន្ទ្រានរំលោភយកដី ធ្វើជាកម្មសិទ្ធិដោយគ្មានញញើតអ្វីទាំងអស់។ ព្រៃឈើរាប់រយរាប់ពាន់ហិកតា ក្នុងស្រុកថាឡាបរិវ៉ាត់ ជាតំបន់ ព្រៃឡង៍កំពុងប្រឈម នឹងបទល្មើសកាប់គាស់ឈូសឆាយ យ៉ាងអនាធិបតេយ្យ ដូចមុនដដែល ព្រោះមន្ត្រី អាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធជាច្រើនស្ថាប័ន មិនយកចិត្តទុកដាក់បង្ក្រាបតាមច្បាប់នោះឡើយ។ ប្រជាសហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ពួកគាត់តែងតែទទួលរងនូវការគំរាមកំហែង ពីអ្នកមានលុយ អ្នកមានអំណាច ហើយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនចាត់វិធានការទប់ស្កាត់នោះទេ ។ សូម្បីតែដើមច្បោះជ័រ ដែលជាមុខរបរប្រពៃណី របស់ជនជាតិដើមភាគតិច ក៏ប្រឈមនឹងការកាប់រំលំយ៉ាងមហន្តរាយដែរ ព្រោះក្រុមជនល្មើសមិនខ្លាចវិធានការច្បាប់ របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធឡើយ។

 នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក៏នៅតែមានសេចក្ដីរាយការណ៍ពីបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ ដែលបន្តកើតឡើង យ៉ាងអនាធិបតេយ្យដែរ ព្រោះការបង្ក្រាបរបស់សមត្ថកិច្ច មិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ជាក់ស្តែងប្រជាសហគមន៍ ក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុករវៀង ខេត្តព្រះវិហារ បានរាយការណ៍ថា ព្រៃសហគមន៍ព្រះរកា និងព្រៃសហគមន៍ជាំពាន ក៏ដូចជាដែនជម្រកសត្វព្រៃបឹងពែ នៅតែបន្តកើត ឡើងឥតឈប់ឈរ។ នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាតំបន់ព្រៃឡង៍ បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ នៅតែបន្តកើតឡើងជាបន្តបន្ទាប់ ហើយប្រជាសហគមន៍មិនអាចទប់ស្កាត់បទល្មើសបានទេ។ ជាការពិតសកម្មភាពដឹកឈើ ពីខេត្តព្រះវិហារ ចូលខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែបង្ក្រាបមិនចេះអស់ឡើយ។

 ដោយឡែកនៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរី បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ នៅតែបន្តកើតឡើងគួរឲ្យកត់សម្គាល់ បើទោះបីសមត្ថកិច្ចបង្ក្រាប ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ចាប់តាំងពីចុងខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី សមត្ថកិច្ចបង្ក្រាប រថយន្តដឹកឈើប្រណីតខុសច្បាប់ រាប់សិបលើកមកហើយ ប៉ុន្តែបទល្មើសនៅតែកើតមានមិនចេះអស់។ ជាងនេះទៅទៀត មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី ចូលទៅក្រុងបានលុង នៅតែបន្តកើតឡើង យ៉ាងគគ្រឹកគគ្រេង ហើយសមត្ថកិច្ចពាក់ព័ន្ធ នៅស្រុកលំផាត់ និងក្រុងបានលុង មិនបង្ក្រាបនោះទេ។ បញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរយកចិត្តទុក ដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់បទល្មើសកាប់ព្រៃទន្ទ្រានយកដី និងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីការពារឈើ ឲ្យបានគង់វង្សយូរអង្វែងតទៅទៀត៕