សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ នៅ​ខែឧសភា ២០១៦ សមាគម​សិល្បករ​ខ្មែរ​នឹង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ ។ ការ​បង្ហាញ​ពី​គម្រោង​ផែនការ​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ កុម្ភៈ ។

ពិធី​ជជែក​ពិភាក្សា​គ្នា​មួយ​បាន​រៀបចំ​ឡើង ដោយ​ផ្តោត​កម្មវិធីសំខាន់​ៗ​មួយ​ចំនួនដូច​ជា​ការ​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត ការ​ប្រគំ​តន្ត្រី​របស់​សមាគម​សិល្បករ​ខ្មែរ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​អំឡុង​ដើមខែ​ឧសភា​ខាង​មុខ ។ ការ​ជួបជុំ​នេះ​មាន​វត្តមាន​អ្នកសិល្បៈ​ជើង​ចាស់ និង​ថ្មី​មួយ​ចំនួន​ដូច​ជា​លោក​សុះ ម៉ាច លោក​ទុំ សា​រុត​ហៅ​នាយ​ឃ្លោក លោក​កុយ ស៊ី​ឌឿ​ន លោក​ហម ឈ​រ៉ា លោក​ជា ណូ​បូ អ្នកស្រី​ថុ​ង ស៊ីវ​ទៀង អ្នក​នាង​ចាន់ តារា​ទី លោក​អុ​ឹ​ម ជីវ៉ា កញ្ញា​ហេង ស្រី​ពេជ្រ លោក​ម៉ា​ដូ​ណា អ្នកស្រី​ត្រឡុង កា​ណា​រ៉ូ លោក​វេជ្ជបណ្ឌិត​សេង ហាក់​ស្រ៊ុ​ន ជា​ម្ចាស់​ក្លឹ​ប​ខារ៉ាអូខេ​អ៊ី​ច​អូ ដែល​ផ្តល់​ទីតាំង​សម្រាប់​ការ​ជួបជុំ​នោះ ។

លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លើក​ឡើង​ថា អ្នកសិល្បៈ​ជួបជុំ​គ្នា​នេះ​លើកយក​ផែនការ​មួយ​ចំនួន​មក​ពិភាក្សា ក្នុង​នោះ​មានការ​ចុះ​ឈ្មោះ​របស់​សិល្បករ​ណា​ចង់​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ។ នៅ​ខែឧសភា​នឹង​មានកម្ម​វិធី​ប្រគំ​តន្ត្រី​មួយ ក្រោម​ការ​ចូលរួម​ពី​បវរកញ្ញា​អន្តរជាតិ​មួយ​ចំនួន ក្នុង​នោះ​មក​ពី​អា​មេ​រិ​ក​ជាដើម ។

គោលបំណង​ដែល​បវរកញ្ញា​ទាំងនោះ​មក​ស្រុក​ខ្មែរ ព្រោះ​ពួក​នាង​ជួយ​រក​មូលនិធិផ្សេង​ៗ​ជួយ​ដល់​ជន​ក្រីក្រ ក៏​ដូច​ជា​ដើម្បី​បាន​ឈ្វេងយល់​អំពី​អរិយធម៌ វប្បធម៌ ប្រទេស​យើង ពិសេស​ចង់​ទស្សនា​ប្រាសាទអង្គរវត្ត ។

ប្រធាន​សមាគម​រូប​នេះ​និយាយ​ថា អ្វី​ដែល​ចង់បាន​នោះ គឺ​ចង់​ឲ្យ​បណ្តា​អ្នកសិល្បៈ​ទាំងអស់​ជ្រាប​ព័ត៌មាន​នេះ​គួរតែ​ចូលរួម​ទាំងអស់​គ្នា ព្រោះថា​កម្មវិធី​ប្រគំ​តន្ត្រី​ត្រូវការ​មនុស្ស​ជួយ​ច្រើន អាច​និយាយ​ថា ត្រូវការ​អ្នក​កាន់​កិច្ចការ ផ្សេង​ៗ​ដើម្បី​រុញច្រាន​ឲ្យ​ពិធី​ទាំងមូល​ជោគជ័យ ។ នេះ​ជា​កិច្ចការ​មួយ​ត្រូវ​ជួយ​គ្នា ដូច​ជា​ការ​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​ក៏​ជា​ការ​ជួយ​ផ្សាយ​វប្បធម៌​ទៅ​អន្តរជាតិ​ផង​ដែរ ។

អតីត​តារា​កំប្លែង​លោក​ទុំ សា​រុត ហៅ​នាយ​ឃ្លោក ពេញចិត្ត​ជួយ​ក្នុង​កម្មវិធី​របស់​សមាគម ជា​ពិសេស​ការ​ប្រគំ​តន្ត្រី ដោយ​តាម​ផែនការ​លោក​សុខចិត្ត​យក​រថយន្ត​របស់​លោក​ផ្ទាល់​សម្រាប់​ដឹក​ជញ្ជូន​បវរកញ្ញា​ទាំងនោះ ។ លោក​សា​រុត​ចង់​ឲ្យ​អ្នកសិល្បៈ​រួបរួម​គ្នា​កុំ​គិត​ពី​បក្សពួក ឬ​គិត​ថា ខ្លួន​ល្បី​មិន​ចូលរួម នោះ​មិន​អាច​ជួយ​យឹតយោង​សិល្បៈ​ឱ្យទៅ​មុខ​បាន​ទេ ។

លោក​ទុំ សា​រុត រំភើបចិត្ត​ដ្បិត​មិន​ទាន់​ចាប់ផ្តើម​ផង​មាន​ទាំង​អ្នក​ក្រៅ​សិល្បៈ និង​អ្នកសិល្បៈ​មួយ​ចំនួន​ជួយ​កិច្ចការ​ប្រគំ​តន្ត្រី ដូច​ជា​ខ្លះ​ធានា​រក​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ខ្លះ​ធានា​ចេញ​ឧបករណ៍​ភ្លេង​ប្រគំ​ជូន ។

លោក​វេជ្ជបណ្ឌិត​សេង ហាក់​ស្រ៊ុ​ន ជា​ថៅកែ​ក្លឹ​ប​ខារ៉ាអូខេ​អិ​ុ​ច​អូ បាន​ថ្លែង​ថា លោក​រីករាយ​ក្នុង​ការ​ចូលរួម​ឲ្យ​អ្នកសិល្បៈ​មាន​ជីវភាព​ធូរធារ ដោយ​មិន​ចង់​ឲ្យ​អ្នកសិល្បៈ​ចាស់​ទៅ​អត់​ការងារ​គ្មាន​ទីពឹង ដោយ​រំពឹង​លើ​ជំនួយ​ទេ ។ ដោយ​មើលឃើញ​សមាគម​សិល្បករ​ខ្មែរ​ជួយ​គិតគូរ​ដល់​អ្នកសិល្បៈ ទើប​លោក​វេជ្ជបណ្ឌិត​សហការ​ជាមួយ​បណ្តា​សប្បុរសជន​ជា​ច្រើន​ទៀត​ជួយ​អ្នកសិល្បៈ ។

លោក​កុយ ស៊ី​ឌឿ​ន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ផ្នែក​ហេរញ្ញិក​របស់​សមាគម​សិល្បករ​ខ្មែរ​និយាយ​ថា ឃើញ​សាសន៍​គេ​មានចិត្ត​ចង់​ជួយ​ស្រុក​យើង ដូច្នេះ​លោក​មិន​ជឿ​ថា​អ្នកសិល្បៈ​ខ្មែរ​ព្រងើយកន្តើយ​ទេ គឺ​នឹង​ចូលរួម​ក្នុង​កម្មវិធី​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​មិន​ខាន ៕