បន្ទាប់​ពី​មាន​ដៃ​គូសហការ វេស្ទើន ​ត្រូវ​ការ​ពេល​២​ឆ្នាំ​ទៀត​ទើប​អាច​ប្រជែង​ពាន​បាន​

តាម​សម្ដី​របស់​លោក ប៉ែន ផាត ​គ្រូ​បង្វឹក​ក្រុម​វេស្ទើន​ភ្នំពេញ​បាន​បញ្ជាក់​ថា ​ក្លឹប​របស់​លោក​ត្រូវ​ការ​ពេល​យ៉ាង​តិច​២​ឆ្នាំ​ទៀត ទើប​អាច​មាន​សមត្ថភាព​ប្រជែង​យក​ពាន​ពី​ក្លឹប​ធំ​ៗ​បាន ព្រោះ​បច្ចុប្បន្ន​សមាជិក​ក្រុម​វេស្ទើន​ភាគ​ច្រើន​សុទ្ធ​តែ​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ។

 

បន្ទាប់​ពី​មាន​ដៃ​គូសហការ វេស្ទើន ​ត្រូវ​ការ​ពេល​២​ឆ្នាំ​ទៀត​ទើប​អាច​ប្រជែង​ពាន​បាន​សមាជិក​ក្រុមវេស្ទើន

 

ក្លឹប​បាល់ទាត់​វេស្ទើន​ភ្នំពេញ​ដែល​សឹងតែ​ដក​ខ្លួន​ចេញ​ពី​លីគ​កំពូល​រដូវ​កាល​នេះ ដោយសារ​តែ​មាន​បញ្ហា​ថវិកា​បន្តិចបន្តួច​នោះ ​ពេល​នេះ​មាន​ដៃ​គូ Main Sponsor ​ធំ​មួយ​ហើយ​គឺ​ក្រុមហ៊ុន Online ​ដែល​បាន​ផ្ដល់​ជំនួយ​៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ ហេតុ​ដូច្នេះ​ហើយ ថវិកា​នេះ​អាច​នឹង​ជួយ​ក្រុម​វេស្ទើន​បាន​ច្រើន​ក្នុង​ការ​ចាយវាយ​ផ្សេង​ៗ​ជា​ពិសេស​ទិញ​កីឡាករ​ចំណូល​ថ្មី។

 

ទន្ទឹម​គ្នា​នេះ​ដែរ លោក ប៉ែន ផាត ​គ្រូ​បង្គោល​ក្រុម​វេស្ទើន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ៖ “កូន​ក្រុម​របស់​ខ្ញុំ​ភាគ​ច្រើន​អាយុ ១៥​ឆ្នាំ ១៧​ឆ្នាំ ១៨​ឆ្នាំ… ​ពួកគេ​សុទ្ធ​តែ​ជា​យុវជន ​តែ​មាន​សមត្ថភាព​អាច​ចូល​ប្រឡូក​នៅ​លីគ​កំពូល​បាន។ អីចឹង​តែ​២​ទៅ​៣​ឆ្នាំ​ទៀត ពួកគេ​នឹង​ពេញ​កម្លាំង​ល្អ នោះ​ក្រុម​យើង​នឹង​ខ្លាំង​ដូច​ក្រុម​ផ្សេង​បានហើយ។ ខ្ញុំ​ចង់​ប្រើ​កូន​ខ្មែរ​ជាង​ទិញ​កីឡាករ​បរទេស​មក​ប្រើ។ ខ្ញុំ​ដឹង​ថា ​កីឡាករ​បរទេស​មាន​សមត្ថភាព តែ​ខ្ញុំ​ចង់​ឱ្យ​មាន​ទំពាំង​ល្អ​ដើម្បី​ស្នង​ឫស្សី​នៅ​ពេល​ខាង​មុខ”។

 

បន្ទាប់​ពី​មាន​ដៃ​គូសហការ វេស្ទើន ​ត្រូវ​ការ​ពេល​២​ឆ្នាំ​ទៀត​ទើប​អាច​ប្រជែង​ពាន​បាន​លោក ប៉ែន ផាត គ្រូ​បង្វឹក​ក្រុម​វេស្ទើន

 

ក្លឹប​វេស្ទើន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ​ដោយ​ឯកឧត្តម​ តែ​ ឡូរិន ហើយ​ទើប​តែ​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ​២០១៥ ​នេះ​ទេ ដោយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​១៥០០​នាក់។ ចំពោះ​ការ​ចាយវាយ​វិញ ​មួយ​ឆ្នាំ​ៗ​ ក្រុម​មួយ​នេះ​ត្រូវ​ចាយ​ប្រមាណ​៦​ម៉ឺន​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ