​​​​​​​​​ឪពុក​ម្ដាយ​​​របស់​​​​​​ក្មេង​​​ស្រី​​​​​​​​​រង​​​គ្រោះ​​​​ប្ដឹង​​អភិបាល​រង​ក្រុង​បាត់ដំបង​​​​​​​​ ពីបទ​គប់​​ក្ដា​រចំមុខ​កូន​​របស់​ខ្លួន​

ពីរ​សប្ដាហ៍​​​ក្រោយ​​​​​​ពី​​អភិបាល​រង​ក្រុង​បាត់ដំបង​ទាញ​បន្ទះ​ក្ដារ​ឈើ​​គប់​​ត្រូវ​មុខ​របស់​​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​​និយាយ​កាលពី​ម្សិលមិញ​ថា គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​អភិបាល​រង​រូប​​​នេះទៅ​សាលា​ដំបូង​ខេត្ត​​​​​ហើយកាលពី​ថ្ងៃ​ព្រហស្បតិ៍។

ពាក្យ​បណ្ដឹង​ប្ដឹង​អភិបាល​រង​ក្រុង​​ឈ្មោះ ឌី ពៅ ​មាន​ខ្លឹមសារ​​ដូច្នេះ​ថា ​”​ប៉ូលិស​ប្រាប់​ខ្ញុំ​ថា ​គ្រាន់​តែ​លេប​​ថ្នាំ​ទៅ ​​ កូន​ស្រី​ខ្ញុំ​​នឹង​ជា​ហើយ​ ហើយ​បន្ទាប់​មក​ក៏​ដើរ​ចេញ​ដោយ​មិន​បាន​ចាត់​វិធានការ​អ្វី​ទាំង​អស់​។ ខ្ញុំ​សុំ​​​ស្នើ​​ឲ្យ​​​ប្រធាន​​​​តុលាការ​​​​​មេត្តា​​​ជួយ​​រក​យុត្តិធម៌​​ និង​ផ្ដន្ទា​ទោស​​​​ជន​ល្មើស​​ទៅ​តាម​ច្បាប់​​​​”។

លោក ឯម និល ​​ឪពុក​របស់​ក្មេងស្រី​​រង​គ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​​​​ដំបូង​​​​​ដែល​ដាក់​ទៅ​​​​​​កង​រាជអាវុធហត្ថ​​ បន្ទាប់ពី​ទទួល​បាន​សំណង​​១៥០​ដុល្លារ​​ពី​អភិបាល​រង​​ក្រុង​​ ឌី ពៅ នេះ​បើ​​​​យោង​តាម​​មន្ត្រី​តាម​អង្គការ​សិទ្ធិ​មនុស្ស​​មួយ​រូប​​ដែល​​​​បាន​ជួយជ្រោម​​​​​​ជ្រែង​​​​​​​​​​ពួកគាត់​​ក្នុង​​​សំណុំ​​រឿង​​​នេះ​។ នៅ​​​ពេល​​​អ្នក​​​ស្រី អៀង មុំ​ ​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​​​ដឹង​រឿង​​​នេះ ​គាត់ក៏​​​​​​​​​បាន​ទទូច​ដាក់​ពាក្យ​បណ្ដឹង​ជា​ថ្មី​ទៅ​តុលាការ​។

​អ្នកស្រី​​​បាន​និយាយ​កាលពីម្សិលមិញ​ថា ​​​របួស​​​​​​​​​របស់​​​​កូន​ស្រី​​​​គាត់​ឈ្មោះ និល ឡុងអឿ ​ដែល​​​​​​ទទួល​​​រង​​​​​​​​​​​​​​​​​​​​​​​​ដោយ​​​សារ​​​​​​​​​​​ហេតុ​ការណ៍​​នោះ​ មិន​​​​​​ទាន់​​​ជា​​​​​​សះស្បើយ​​​​​​ទេ ​​ដោយ​នាង​ចេះ​តែ​ឈឺក្បាល​​ ចេញ​ឈាម​តាម​​​ច្រមុះ និង​ឈឺ​ចុក​ចាប់​​ក្នុង​ត្រចៀក​ខាងឆ្វេង។

អ្នកស្រី​​បាន​និយាយ​​​ពី​ផ្ទះ​របស់​សាច់ញាតិ​ម្នាក់​​នៅ​ខេត្ត​កំពង់ឆ្នាំង​​ កន្លែង​ដែល​គាត់​កំពុង​​​​​​មើល​ថែ​កូនស្រី​​​​យ៉ាង​​​ដូច្នេះ​​​​​​​​​ថា​ “[លោក ពៅ] មិន​​​​ខ្វល់​ពីយើង​ទេ ហើយ​​បាន​និយាយ​ថា គាត់​វ៉ៃ​កូនស្រី​ខ្ញុំ​ក្នុង​បំណង​សម្លាប់​វាចោល​ ហើយ​​​​និយាយ​​​​​​ថា យើង​គួរ​នាំ​នាង​ទៅ​ពេទ្យ​ទៅ​បាន​ហើយ”។

​​​ទាក់​​​ទិន​​​​​​ករណី​​​​​​​​​​​​នេះ កញ្ញា ស៊ិន ចាន់ពៅ​រ៉ូហ្សេត ​ជំទប់​សង្កាត់​អូរចា ដែល​​​​​​​​​កើត​​​​​​មាន​​​​​​​​​ហេតុការណ៍​នេះ​បាន​បញ្ជាក់​ថា ​អ្នក​ជិត​ខាង​ម្នាក់​របស់​គ្រួសារ​រង​​​គ្រោះ​​​​​​​ជា​​​​​​​​​អ្នក​​​​​​​​​ដាក់​ពាក្យ​បណ្ដឹង​​​​ទៅ​តុលាការ​។ ​​ជំទប់​​​​​​រូប​​​នេះ​​​​​បាន​​​​​​​​​​​​​​​​​​​​​លើក​​​​​​​​​​ឡើង​​​​​​ទៀត​​​ថា “​ខ្ញុំ​ជឿ​ថា បន្ទាប់ពី​ពាក្យ​បណ្ដឹង​ទៅ​ដល់​​តុលាការ តុលាការ​​​​​​​ប្រាកដ​​​ជា​​​ចាត់​វិធាន​​​​ការ​ស្វែង​រក​យុត្តិធម៌​​ជូន​ជន​រងគ្រោះ​​​មិន​​​​​​​​​ខាន​” ​​​ហើយ​​ថា លោក ឌី ពៅ ដឹង​​​ច្បាប់​​​​​​បំពាន​​​ច្បាប់​​ ហើយ​ប្រសិន​បើ​ត្រូវ​តុលាការ​ចោទ​​​​ប្រកាន់​ ត្រូវ​តែ​​​​​​​​​ដក​​​គាត់​​​ចេញ​ពី​​​​តំណែង។

ទោះ​​​ជា​​​​​​យ៉ាង​​​ណា កាលពី​សប្ដាហ៍​មុន ទាំង​​លោក ចាន់ សុផល អភិបាល​ខេត្ត​​​​​​​​បាត់​​​ដំបង ​​និង​លោក សៀងឯម វូនស្ហី ​អភិបាល​ក្រុង​បាត់ដំបង​​ សុទ្ធ​​​តែ​​​បាន​លើក​ឡើង​ថា លោក ឌី ពៅ ​នឹង​ទទួល​ការ​ព្រមាន ប៉ុន្តែ​មិន​មែន​ទទួល​​​​​​ការ​​​​ផ្ដន្ទាទោស​ឡើយ​​​។

លោក ហេង សាយហុង ​មន្ត្រី​សម្រប​សម្រួល​​​​​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​​​ខេត្ត​នេះ​​ ដែល​បាន​សរសេរ​ពាក្យ​បណ្ដឹង​​​​​ជំនួស​ឲ្យ​​​គ្រួសារ​រងគ្រោះ​​​​បាន​​​​​​​​​​​​ថ្លែង​​​​​​​ថា ​ការ​ដោះ​ស្រាយ​របស់​តុលាការ​​​​ក្នុង​​​​​​សំណុំរឿង​​​​​​នេះ​​​នឹង​ជា​សញ្ញា​​យ៉ាង​ច្បាស់​​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការចោទ​​​​​​​​​ប្រកាន់​​​​បុគ្គល​ដែល​មាន​ឥទ្ធិពល​នយោបាយ៕ សុខុម​​​​​​​​

The post ​​​​​​​​​ឪពុក​ម្ដាយ​​​របស់​​​​​​ក្មេង​​​ស្រី​​​​​​​​​រង​​​គ្រោះ​​​​ប្ដឹង​​អភិបាល​រង​ក្រុង​បាត់ដំបង​​​​​​​​ ពីបទ​គប់​​ក្ដា​រចំមុខ​កូន​​របស់​ខ្លួន​ appeared first on ខេមបូឌា ដេលី.