ភ្លើង​ឆេះ​បំផ្លាញ​ឈើ​មួយ​គំនរទៀត​ដែលគេ​សង្ស័យ​​​ថា ជា​​​ឈើ​​​ខុសច្បាប់

លោក​ ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌល​ គិរី​​បាន​មាន​ប្រសាសន៍កាលពី​ម្សិល​មិញ​ថា ​មាន​​ឈើ​​ដែលជា​ភ័ស្តុតាង​ផ្លូវច្បាប់គួរ​ឲ្យ​សង្ស័យមួយ​គំនរ​ទៀត​បាន​ឆេះក្នុង​លក្ខណៈ​​​​គួរ​ឱ្យ​​សង្ស័យ​កាលពី​ថ្ងៃពុធ ថ្ងៃ តែមួយ​នឹង​​​​ការ​ឆេះ​ឈើ​មួយ​គំនរ​ធំ​គួរ​ឱ្យ​សង្ស័យ​នៅ​លើ​ចម្ការ​កៅស៊ូមួយ​​​កន្លែង​​​របស់ក្រុមហ៊ុន​​ Unigreen Resources ។

កាលពី​សប្ដាហ៍​មុន​ អាជ្ញាធរ​មូលដ្ឋាន​បាន​លើក​ឡើង​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​នោះ​​បាន ​​ឆេះ​បំផ្លាញឈើ​មាន​តម្លៃ​មួយ​ចំនួន​ធំដែល​កាប់​ចេញពី​ឈើ​លេខ​១បី​ប្រភេទ​​​ដែល​ត្រូវ​គេ​គរ​ទុក​នៅ​លើ​ដី​របស់​ក្រុម​ហ៊ុន​ Unigreen បណ្ដាល​ឲ្យ​មាន​ការ​ស៊ើបអង្កេតកើតឡើង​​។

កាលពី​ម្សិលមិញ លោក សំអ៊ាង បាន​មាន​ប្រសាសន៍​ថា ការ​ឆេះ​នេះ​បាន​បំផ្លាញ​ឈើ​អស់​ប្រហែល​១០០​ដុំ។ លោក​បាន​ថ្លែង​ថា “​យើង​បាន​ដាក់​ពង្រាយ​កម្លាំង​ដើម្បី​​យាម​ឈើ​នេះ​រាល់​ថ្ងៃ។ ប៉ុន្តែ​មន្ត្រី​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ភ្លើង​បាន​ចាប់​ផ្តើម​​ឆេះព្រៃ ហើយ​ ខ្ញុំ​មិន​ដឹង​ថា នរណា​ដុត​ឡើយ…។ យើង​មិន​អាច​សន្និដ្ឋាន​ថា ក្រុម​ហ៊ុន​នេះ​បាន​ដុត​ឈើ​នេះ​ឡើយ ពីព្រោះ​យើង​មិន​មាន​ភ័ស្តុតាង ប៉ុន្តែ​មន្ត្រី​របស់​យើង​កំពុង​ស៊ើបអង្កេត​​ដើម្បី​ស្វែង​រក​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ”។

​អភិបាល​ខេត្ត​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន Unigreen បាន​បង់​ពន្ធ​ឈើ​នេះ រួចហើយ ប៉ុន្តែ​លោក​មិន​បាន​​លើក​ឡើង​ថា តើ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រក្សា​ទុក​ឈើ​នេះ​ ឬ​ថា​តើ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ផាក​ពិន័យឬយ៉ាងណានោះឡើយ​​។ ច្បាប់​​ព្រៃ ឈើ​​​​តម្រូវ​ឲ្យ​អ្នក​ដែលគេ​រក​ឃើញ​ថា ស្តុក​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ត្រូវ​ផាក ពិន័យ​ពី​ពីរ​ទៅ​បី​ដង​នៃ​តម្លៃ​ឈើ ហើយ​ថា សម្ភារ​ក៏​នឹង​ត្រូវ​រឹបអូស​​ដែរ។

បន្ទាប់ពី​ការ​ចាប់​ផ្ដើម​​បោស​សម្អាត​ខេត្ត​ភាគ​បូពា៌របស់រដ្ឋាភិបាល​​ដើម្បី​​​រក​​ការ​ស្តុក​ឈើ​ខុស​ច្បាប់​កាលពី​ពាក់​កណ្ដាល​ខែ​មករា​មក ក្រុមហ៊ុន​Unigreen បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​បដិសេធ​ថា ក្រុម​ហ៊ុន​មិន​បាន ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​ឡើយ។

លោក សំអ៊ាង បាន​បន្ថែម​កាល​ពី​ម្សិល មិញ​ថា ឈើ​​៣០​ដុំ​ទៀត​​បាន​ឆេះ​នៅ​លើ​អតីត ​​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​ Khmer Angkor Agriculture ថ្ងៃ​តែ​មួយ​នឹង​ការ​ឆេះ​នៅ​​​ក្រុម​ហ៊ុន​ Unigreen ហើយ​ក្នុង​​លក្ខណៈ​ដូច​គ្នា។

លោក​បាន​ថ្លែង​ថា ”​ភ្លើង​បានចាប់ផ្តើម​​ឆេះ​ព្រៃ ហើយ​មន្ត្រី​​របស់​​​​យើង​បាន​ព្យាយាម​​ ពន្លត់​​ ប៉ុន្តែមិន​អាច​ពន្លត់​បាន​ឡើយ ពីព្រោះ​មិនមាន​ប្រភព​ទឹក​នៅ​ក្នុង​តំបន់​នេះ​។វា​ងាយ​ស្រួល​ក្នុង​ការ​កើត​មាន​​អគ្គិភ័យ​ណាស់​ក្នុង​ពេល​ឥឡូវ​នេះពីព្រោះ​​វា​ជា​រដូវ​ប្រាំង​ ហើយ​ យើង​​ពិបាក​ក្នុង​ការ​ទប់​ស្កាត់អគ្គិភ័យ”។

​ភ្លើង​ឆេះ​នៅកន្លែង​ចាស់​របស់​ក្រុមហ៊ុន Khmer Angkor យ៉ាង​ហោច​ណាស់​ជា​ការ​ឆេះ​គំនរ​ឈើ​លើក​ទី៥​ហើយ ​ដែល​អាជ្ញាធរ ​បាន​​ធ្វើ​ការ​ស៊ើបអង្កេត​​​ចាប់​តាំង​ពី​​ចាប់​ផ្ដើម​ការ​បោស​សម្អាត​មក។អាជ្ញាធរ​​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ដូចគ្នា​ថា ពួកគេ​សង្ស័យ​ថា អ្នក​ដែល​បាន​កាប់​​ឈើ ​ឬ​បាន​ទិញ​ឈើ បាន​បង្ក​អគ្គិភ័យ​​លើក​​​មុនៗ​​ដើម្បី​បំផ្លាញ​ភ័ស្តុតាង​។ ​រដ្ឋាភិបាល​​បាន​លុប​ចោល​សម្បទាន​របស់​ក្រុមហ៊ុន Khmer Angkor ​កាលពី​ដើម​ឆ្នាំ​២០១៥ ដោយ​មូល​ហេតុ​ដែល​​​​គេ​មិន​បញ្ជាក់​ ឲ្យដឹង​។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពីបាន​​​​ប្រកាស​ពី​ការ​បោស​សម្អាតមក លោក អេង ប៊ុនហៀង ជា​អភិបាល​​ខេត្ត​មណ្ឌល​គិរី​នៅ​ពេល​នោះ បាន​មាន​ប្រសាសន៍​ថា ដី​មួយ​ក្បាល​ដូច​គ្នា​នេះ​ដែល​បាន​អះ​អាង​​សិទ្ធិកាន់កាប់​ឡើង​វិញ​ពី​ក្រុមហ៊ុន Khmer Angkor ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ពាណិជ្ជករ​ លឹម បុណ្ណា ជា​សម្បទាន​ថ្មី​ ជា​ចំណាត់​ការ​​​ដែល​​រំលោភ​​ការ​ផ្អាក​ជា​បណ្ដោះ អាសន្ន​​ឆ្នាំ​២០១២​ស្តីពី​ការ​ផ្ដល់​សម្បទាន​ថ្មី​។

​ថ្ងៃ​បន្ទាប់ លោក អៀង សុផាល្លែត អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បានមាន​ប្រសាសន៍​ថា លោក លឹម បុណ្ណា ត្រូវ​បាន​​ផ្ដល់​ការ​អនុ​​​ញ្ញាត​​ឲ្យ​​កាន់​កាប់​ឈើ​ដែល​​ត្រូវបាន​ទុក​ចោល ​ដោយ​ក្រុម​ហ៊ុន​ Khmer Angkor ប៉ុន្តែ​បាន​បដិ​​​សេធ​មិន​បញ្ចេញ​ច្បាប់​ចម្លង​នៃ​កិច្ច​ព្រម​​​ព្រៀង​នេះ​ឡើយ​៕ សារុន​​​

The post ភ្លើង​ឆេះ​បំផ្លាញ​ឈើ​មួយ​គំនរទៀត​ដែលគេ​សង្ស័យ​​​ថា ជា​​​ឈើ​​​ខុសច្បាប់ appeared first on ខេមបូឌា ដេលី.