ម្តាយ​រវល់​លក់​នៅ​ផ្សារ ឪពុក​ប្រមឹក​ស្រវឹងស្រា​ចាប់​កូនស្រី​រំលោភ​សេពសន្ថវៈ

ម្តាយ​រវល់​លក់​នៅ​ផ្សារ ឪពុក​ប្រមឹក​ស្រវឹងស្រា​ចាប់​កូនស្រី​រំលោភ​សេពសន្ថវៈ

ខេត្តព្រៃវែង ៖ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​«​ខ​» បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​មក​ដាក់​ពាក្យ​ប្តឹង​ដោយ​ចោទ​ថា បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​រហូត​បាន​សម្រេច​ចំនួន​២​ដង ។

បុរស​ម្នាក់​នេះ​ឈ្មោះ សុវណ្ណ វង់ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមីនា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធ ។

លោក អាត អ៊​ន នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​«​ខ​» បាន​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធ បាន​អះអាង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ខណៈ​រូប​គាត់​ជា​ប្រពន្ធ​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ បុរស​ជា​ប្តី​បាន​ចាប់​កូនស្រី​បង្កើត​អាយុ​១៤​ឆ្នាំ រំលោភ​រហូត​បាន​សម្រេច ។ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​៥ ខែមីនា ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច​ម្តងទៀត ទើប​កូនស្រី​ហ៊ាន​ប្រាប់​គាត់ ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង ហើយ​រូប​គាត់​ក៏​នាំ​កូនស្រី​មក​ដាក់​ពាក្យ​ប្តឹង​ភ្លាម​ៗ​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍ បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ស្រី្ត​ជា​ប្រពន្ធ​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​ជន​ខាងលើ និង​ឃាត់ខ្លួន​នាំ​មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល ។ ប៉ុន្តែ​ដោយសារ​តែ​ជន​នេះ​ស្រវឹង​ជោក​និយាយ​ស្តាប់​គ្នា​មិន​បាន ក៏​ឃុំខ្លួន​ទុក​១​យប់ រហូត​ដល់​ព្រឹក​ឡើង​ទើប​ធ្វើការ​សាកសួរ ប៉ុន្តែ​ជន​នេះ​បដិសេធ​មិន​ព្រម​ទទួល​ថា ខ្លួន​បាន​ចាប់​កូនស្រី​រំលោភ​នោះ​ទេ ។

ទោះជា​ជនសង្ស័យ​មិន​ព្រម​សារភាព​ក៏​ដោយ ប៉ុន្តែ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទៀត ដើម្បី​ធ្វើការ​សាកសួរ​បន្ត និង​បាន​នាំ​ខ្លួន​ក្មេង​ស្រី ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង ហើយ​បើ​ឃើញ​លទ្ធផល​យ៉ាងណា​នោះ នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែមីនា លោក​ឧកញ៉ា ជឹ​ម សុខ បាន​ឧបត្ថម្ភ​ដល់​ក្មេង​ស្រី​រង​គ្រោះ​នូវ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម ហើយ​អាជ្ញាធរ​ឃុំ​និង​ស្រុក​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ដែរ​៕