រឿង​រលក​ផ្ទប់​ច្រាំង ការ​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​កំពុង​ក្លាយជា​ជម្លោះ​រឿង​ខ្សែអាត់​សំឡេង

រឿង​រលក​ផ្ទប់​ច្រាំង ការ​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​កំពុង​ក្លាយជា​ជម្លោះ​រឿង​ខ្សែអាត់​សំឡេង

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​អះអាង​ថា​ខ្លួន​ជា​និស្សិត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​មួយ​ប្រាវ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​ហិង្សា​អ្វី​នោះ​ទេ  ខណៈ​ក្រុម​និស្សិត​បាន​ព្យាយាម​ទាមទារ​ឱ្យ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បំភ្លឺ​ការ​ពិត​ពី​សំឡេង​ខ្សែអាត់​ទាក់ទង​ជាមួយ​ស្រី​ក្មេង​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​បាន​សារព័ត៌មាន​នានា​យក​មក​ផ្សាយ​បន្ត​ព្រោងព្រាត ។

ការ​ប៉ះ​ពាក្យ​សម្តី​គ្នា​រវាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​និស្សិត​មួយ​ក្រុម បាន​កើតឡើង​នៅ​ក្នុង​វេទិកា​មួយ​ដែល​លោក កឹ​ម សុខា បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ជួប​ជាមួយ​សកម្មជន​មូលដ្ឋាន នៅ​ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ។ នេះ​ជា​ការ​តាម​ទាមទារ​ដូច​ស្រមោល​អន្ទោលតាមប្រាណ​ជា​លើក​ទី​២ បន្ទាប់​ពី​ការ​ព្យាយាម​មួយ​ឈុត​កាលពី​ថ្ងៃ​ទី​៥ ខែមីនា នៅ​ស្រុក​ព្រៃ​នប់ ក្នុង​ពិធី​ដូច​គា្ន​នេះ​ដែរ ។

ទោះជា​យ៉ាងណា ការ​ចង់ឱ្យ​បំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​ពី​សំណាក់​ក្រុម​និស្សិត​នេះ មិន​ត្រូវ​បាន​លោក កឹ​ម សុខា ឆ្លើយ​តប​យ៉ាងណា​នោះ​ទេ ។ ជាង​នេះ​ទៀត លោក​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដែរ ទោះបីជា​ក្រុម​អ្នក​សារព័ត៌មាន​ព្យាយាម​ចង់ឱ្យ​លោក​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា​ក្ដី ។

នៅ​ក្នុង​វេទិកា​នោះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ថ្លែង​មិន​សំដៅចំ​ៗ​ទៅ​អ្នក​ណា​នោះ​ទេ ដោយ​លោក​បញ្ជាក់​ទៅ​កាន់​អ្នកគាំទ្រ​ថា «​គេ​មាន​បំណង​បិទផ្លូវ និង​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទ័លច្រក​មិន​អាច​ដើរទៅ​មុខ​បាន ប៉ុន្តែ​គណបក្ស​បាន​ជម្នះ​រាល់​បញ្ហា​ទាំងអស់ ហើយ​ធ្វើ​ដំណើរ​ទៅ​យ៉ាង​រលូន​» ។

លោក កឹ​ម សុខា នៅ​តែ​ប្រកាន់​ជំហរ​ពី​គោលដៅ​របស់​គណបក្ស​ថា ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ។ លោក​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​ទាមទារ​ជា​ច្រើន​ដែល​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ជាក់ស្តែង​បាន​ធ្វើ​កំណែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាដើម ។ ប៉ុន្តែ លោក​មិន​បាន​ថ្លែង​ពី​បញ្ហា​ខ្សែអាត់​សំឡេង​ដែល​កំពុង​តែ​លាន់ឮ​ខ្ទរខ្ទារ​នោះ​ទេ ។ លោក​បាន​សង្កត់ធ្ងន់​ថា «​យើង​អត់​ទ័លច្រក​ទេ យើង​មិន​ចាំបាច់​យក​ក្បាល​ទៅ​បោក​នឹង​ជញ្ជាំង​ទេ យើង​ត្រូវ​រក​ច្រក​ដើរ ។ គេ​ថា យើង​ខ្ទេចខ្ទី​អស់ហើយ ប៉ុន្តែ​យើង​មាន​ខ្ទេចខ្ទី​ឯណា យើង​មាន​អ្នកគាំទ្រ​ច្រើន​ជាង​ឆ្នាំ​២០១៣​ទៀត ។ បើ​យើង​ដើរ​ខុសផ្លូវ យើង​ធ្លាក់​រណ្តៅ និង​ធ្លាក់​នរក​បាត់​ហើយ​» ។

ក្រុម​និស្សិត​ដែល​លើកគ្នា​ទៅ​កាន់​កន្លែង​ប្រារព្ធ​វេទិកា បាន​ទាមទារ​ឱ្យ​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ធ្វើការ​រ​បំភ្លឺ​ជា​សាធារណៈ និង​អះអាង​ថា ពួក​គេ​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ។ ឯ​មូលហេតុ​ដែល​ពួក​គេ​ចង់ឱ្យ​លោក កឹ​ម សុខា បំភ្លឺ​នោះ ព្រោះ​ចង់​ដឹង​ឱ្យ​ច្បាស់លាស់​ទាក់ទង​នឹង​ការ​បង្ហោះ​សំឡេង​ខ្សែអាត់​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​រឿងអាស្រូវ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​លោក​ជាមួយ​ស្រី​ក្មេង​នោះ​តើ​ពិត ឬ​មិន​ពិត ។

ក្រុម​និស្សិត​ដែល​នាំ​គ្នា​ទៅ​កាន់​ទីនោះ​បាន​លើក​ឡើង​ថា ពួក​គេ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ចង់បាន​មេដឹកនាំ​មួយ​រូប​ដែល​ហ៊ាន​ទទួលខុសត្រូវ ។ យុវជន​ដែល​ជា​និស្សិត​ទាំងនោះ​បញ្ជាក់​ថា «​យើង​មក​ពេល​នេះ គឺ​ចង់ឱ្យ​ថ្នាក់ដឹកនាំ​បកស្រាយ​ពី​ការ​ពិត និង​ចង់បាន​អ្វី​ដែល​ជា​ការ​ពិត ។ យើងខ្ញុំ​ក៏​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ប៉ុន្តែ​ហេតុ​អ្វី​បានជា​ថ្នាក់ដឹកនាំ​មិន​ទទួលខុសត្រូវ​» ។

ទោះបីជា​មានការ​ស្នើ​សុំ​ឱ្យ​បំភ្លឺ​ជុំវិញ​ខ្សែអាត់​សំឡេង​នោះ​ពី​សំណាក់​អ្នក​សារ​ព័ត​មាន និង​ក្រុម​និស្សិត​យ៉ាងណា​ក្តី ក៏​លោក កឹ​ម សុខា មិន​បាន​អើពើ​នឹង​ការ​ស្នើ​សុំ​នោះ​ទេ ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញឫទ្ធិ ធ្លាប់​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​អើពើ ឬ​គិត​នឹង​ការ​ផ្សាយ​បង្ហោះ​ខ្សែអាត់​សំឡេង​ថា លោក កឹ​ម សុខា ទាក់​ជាមួយ​ស្រី​ក្មេង​នោះ​ទេ ។ ជាង​នេះ​លោក​ថា សំ​ឡង​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​មួល​បង្ខូច​លោក កឹ​ម សុខា តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា សំឡេង​ខ្សែអាត់​ដែល​ចោទ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​ទាក់ទង​ជាមួយ​ស្រី​ក្មេង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​វគ្គ​ៗ​និង​ជា​ហូរ​ហែ ។ ឯ​លោក សម រ​ង្ស៊ី ដែល​និរទេស​នៅ​ក្រៅ​ស្រុក បាន​ថ្លែង​តាម​រយៈ​វី​ដេ​អូ​ខន​ហ្វឺ​រ៉េ​ន​បាន​ចាត់​ទុក​ថា ការ​អុកឡុក​និង​ឆាឆៅ​គណបក្ស​សង្គ្រោះ​ជាតិ​រាល់​លើក គឺជា​រឿង​នយោបាយ ។ 

មុន​នេះ​១​ថ្ងៃ ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រារាំង​យុវ​និស្សិត​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៥០​នាក់ ដែល​ប៉ុនប៉ង​ចូល​ជួប​លោក កឹ​ម សុខា  ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ទៅ​ជួប​អ្នកគាំទ្រ នៅ​ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក សុខ សាវ៉ាត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ ខាង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់​សម្តី​ថា វត្តមាន​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​មក​ពី​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ ជាដើម ចង់​ចូល​ជួប​លោក កឹ​ម សុខា គឺ​មាន​បំណង​មក​រំខាន​វេទិកា​ជួបជុំ​សមាជិក​គាំទ្រ​គណបក្ស ។

ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​អាស៊ី​សេរី ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​វេទិកា​ជួបជុំ​នា​ឱកាស​នោះ លោក សុខ សាវ៉ា​ត ចោទ​ថា ក្រុម​យុវជន​ទាំងនោះ​មាន​អ្នក​នៅ​ពីក្រោយ ឬ​មានការ​ចាត់តាំង​ត្រឹមត្រូវ​ពី​គណបក្ស​ផ្សេង​ណាមួយ​ក្នុង​គោលដៅ​មក​រំខាន​ការ​ជួប​ពិភាក្សា​រវាង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​សមាជិក​គាំទ្រ​ដែល​រៀបចំ​នៅ​ឃុំ​ឧក​ញ៉ា ហេង ស្រុក​ព្រៃ​នប់ ។ ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​យុវជន​ទាំងនោះ​ត្រូវ​បរាជ័យ ដោយ​ត្រូវ​ក្រុម​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទប់ស្កាត់ ។

តំណាង​ក្រុម​និស្សិត គឺ​យុវជន ស្រី ចំរើន បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ថា គោលបំណង​ពួក​គេ​មក​ជួប​លោក កឹ​ម សុខា គឺ​ចង់​សួរ​សំណួរ​ទាក់ទង​ទៅ​នឹង​សំឡេង​ឆ្លង​ឆ្លើយ​ស្នេហា​ជាមួយ​ស្រី​កំណាន់​ម្នាក់ ដើម្បី​ចង់​ដឹង​ថា តើ​សារ​សំឡេង​នោះ​ជា​សំឡេង​ពិត​របស់​លោក កឹ​ម សុខា ឬ​បែប​ណា ។ យុវជន ស្រី ចំរើន និយាយ​ទៀត​ថា ពួក​គេ​មិន​មាន​បំណង​ណាមួយ​រំខាន​វេទិកា​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ៕