រដ្ឋាភិបាល​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​រឿង​យួន​ទន្ទ្រាន​ចូល​ដី​ខ្មែរ​ជាង​៥០០​ហិកតា​នៅតាម​ព្រំដែន​ស្រុក​ចន្ទ្រា​

កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ភាគី​យួន​បន្ត​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ទឹកដី​ខ្មែរ​យ៉ាងជ្រៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ប្រមាណ​ជាង​៥០០​ហិកតា​។ ទាក់ទង​នឹង​បញ្ហា​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដូចជា​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​គ្មាន​ប្រតិកម្ម​អ្វី​ទាំងអស់​ចំពោះ​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​មកលើ​បូរណភាព​ទឹកដី​ខ្មែរ​។ សកម្មជន​ព្រំដែន​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ក៏បាន​លើកឡើង​ដែរ​ថា កន្លងមក​យួន​មិន​ត្រឹមតែ​រំកិល​ព្រំដែន​ចូលមកក្នុង​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ​ទេ គឺ​ប្រជាជន​យួន​ចូលមក​រស់នៅ​លើទឹក​ដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​ទៀតផង​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ចន្លោះ​ពី​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​១៩៨ យួន​បាន​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ ធ្វើ​ឲ្យ​ប្រជាកសិករ​ខ្មែរ​ច្រើន​គ្រួសារ​បាត់បង់​ដីស្រែ​សរុប​ជាង​៥០០​ហិកតា​។ សកម្មជន​ព្រំដែន​ដែល​ចុះទៅ​ពិនិត្យមើល​ក្នុង​តំបន់​នោះបាន​ឲ្យ​ដឹងថា ចំណុច​ដែល​ប្រជាកសិករ​ខ្មែរ​បាត់បង់​ដីស្រែ​ច្រើន គឺ​នៅក្បែរ​បង្គោល​ព្រំដែន​លេខ​១៩៦ ឬ​ហៅថា​តំបន់​ចំពុះទា ហើយ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរខេត្ត​ស្វាយរៀង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​យួន​បន្តសកម្មភាព​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន រីឯ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​កម្ពុជា មិនគួរ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​បាត់បង់​ដីស្រែ​តទៅទៀត​ទេ​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ​នេះដែរ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ពួកគាត់​ពិបាក​ក្នុង​ការតវ៉ា​ទាមទារ​ដីស្រែ​ពី​យួន​វិញ ព្រោះ​ទាំង​អាជ្ញាធរខេត្ត​ស្វាយរៀង ដែលមាន​លោក ជៀង អំ ជា​អភិបាលខេត្ត និង​រដ្ឋាភិបាល​ដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មិន​ហ៊ាន​ប្រឈមមុខ​នឹង​អំពើ​ឈ្លានពាន​របស់​យួន​ឡើយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មើលទៅ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ខ្លាច​យួន​ខ្លាំងណាស់ ដូច្នេះ​ប្រសិនបើ​ពួកគាត់​តវ៉ា​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​យួន អាច​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ចាប់​ដាក់គុក​ច្រវាក់​ជាមិនខាន​។ រហូតមកដល់​ពេលនេះ​ហើយ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន មិន​ខ្វល់​រឿង​យួន​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ឃុំ​ចន្ទ្រា ខេត្តស្វាយរៀង​នោះទេ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា លោក វ៉ា គឹមហុង បម្រើ​ប្រយោជន៍​យួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

12768246_970004996418512_7645041658716309885_o 09b50528-8fea-4071-b44b-aa9431021f76 Pic22ជនជាតិយួនទទួលបានឯកសាររស់នៅស្របច្បាប់ក្នុងខេត្តស្វាយរៀង