វិធានការ​ទៅលើ​ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​កំពុង​ត្រូវ​ប្រជាពលរដ្ឋ​តាមដាន​ដោយ​យកចិត្តទុកដាក់​

​វិធានការ​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងការ​ប្ដឹង​ឈ្មួញ​ឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ៩​នាក់​ទៅ​តុលាការ​ត្រូវបាន​មជ្ឈដ្ឋាន​នានា ជាពិសេស​ប្រជាពលរដ្ឋ​ទូទៅ​តាមដាន​ដោយ​យកចិត្តទុកដាក់​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​ឈើ​ទាំង​៩​នាក់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ នឹងត្រូវ​តុលាការ​កោះហៅ​ចូល​បំភ្លឺ​នៅក្នុង​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ជា​បន្តបន្ទាប់​។ ទោះជា​យ៉ាងណា​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​បញ្ជាក់ថា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​មែនមាន​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តែ​៩​នាក់​នោះទេ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​លើ​ឈ្មួញ​ទាំងអស់​ប្រកបដោយ​តម្លាភាព​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា ក្រៅពី​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា វ័ន ប៊ុន​ថៃ ជាដើម គឺមាន​ឈ្មួញ​ឈើ​ជាច្រើន​នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​បទល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​។ ក្នុងនោះ​ឈ្មួញ​ខ្លះ​ជា​អភិបាលស្រុក ជា​មេ​នគរបាល​ស្រុក ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​កងរាជអាវុធហត្ថ​ជាដើម សរុបទៅ​មាន​ជាង​៣០​នាក់​ឯណោះ​។ ហេតុនេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ជឿជាក់​លើ​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​គណៈកម្មការ​ជាតិ​មួយ​នេះ​គួរ​ចាត់វិធានការ​លើ​ឈ្មួញ​ទាំងអស់​តាមច្បាប់ ជា​វាង​ធ្វើ​ដោយ​ដុំ​ដោយ​កន្លែង​គ្នាឯង​គ្នា​គេ ធ្វើ​ឲ្យ​ការងារ​ទទួលបាន​លទ្ធ​ផល​តិចតួច​។

នៅក្នុង​ខេត្តស្ទឹងត្រែង​ឯណោះ​វិញ ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​ទៅលើ​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែល​ល្បីឈ្មោះ​ខាង​ជួញដូរ​ឈើ​ប្រណីត​នៅក្នុង​ខេត្តស្ទឹងត្រែង​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នាពេល​កន្លងមក​បាន​រកឃើញ​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង យ៉ាងច្រើន​ក៏ប៉ុន្តែ​មកដល់​ថ្ងៃនេះ​មិនទាន់​ឃើញ​មាន​វិធានការ​អ្វី​ឡើយ​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ហាក់ដូចជា​លាក់បាំង​ព័ត៌មាន​ពី​ការរកឃើញ​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ទៅវិញ​។

​អ្នកតាមដាន​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​វាយតម្លៃថា មើលទៅ​គ្រាន់តែ​ជា​រឿង​លេងសើច​ឥតន័យ ព្រោះ​រហូតមក​ដល់ពេលនេះ​យាយ​ព្រឿង​នៅតែ​អាច​គេច​ផុតពី​វិធានការ​ច្បាប់​យ៉ាង​ក្រអឺតក្រទម​ដដែល​។ ជាងនេះទៅទៀត​សិប្បកម្ម​កែច្នៃ​ឈើ​របស់​យាយ​ព្រឿង នៅក្នុង​ភូមិ​បែក​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង​នៅ​ភូមិ​បាន​មួង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង នៅតែ​ដំណើរការ​យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង នោះទេ​ព្រោះ​ឥទ្ធិពល​លុយ​របស់​យាយ​ព្រឿង មិនធម្មតា​ឡើយ​៕

image 317c94e8-8db5-4600-8381-67a323649497 7970_3 KA-09-01-2016-01