ស្ត្រី​ ជា​វិស្វករ ​មាន​កំណើន​ជា​លំដាប់​​ នៅ​កម្ពុជា

ស្ត្រី​នៅ​ក្នុង​ការងារ​ជា​វិស្វករ​មាន​កំណើន​ជា​លំដាប់​គិត​ត្រឹម​រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស្វករ​ដែល​បាន​ចុះ​បញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា គឺ​មាន​ចំនួន​ជាង ២ ០០០ នាក់ ក្នុង​នោះ មាន​ស្ត្រី​ប្រមាណ​ជា ជាង ៧០ នាក់ ហើយ​តួលេខ​ស្រ្តី​នេះ ​គឺ​​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

ស្ត្រី​ ជា​វិស្វករ ​មាន​កំណើន​ជា​លំដាប់​​ នៅ​កម្ពុជា

 

 

លោក លឹម សុថាវ អគ្គ​លេខាធិការ​គណៈ​វិស្វករ​កម្ពុជា បាន​ប្រាប់ Sabay ថា គណៈ​វិស្វករ​កម្ពុជា ចាប់​ទទួល​ចុះ​បញ្ជី​​ជា​វិស្វករ គឺ​បាន​ ៦ ឆ្នាំ​ហើយ​ ដោយ​​កាល​ចុះ​បញ្ជី​ ៦ ឆ្នាំ​មុន គឺ​​ស្រ្តី​នៅ​ក្នុង​ការងារ​ជា​វិស្វករ​មាន​តិចតួច ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ស្ត្រី​បាន​មក​ចុះ​ឈ្មោះ​កើន​ឡើង​ជា​លំដាប់។ តួលេខ​ចុង​ក្រោយ​នេះ គឺ​មាន​ស្រ្តី​ប្រមាណ​ជា ជាង​ ៧០ នាក់​ហើយ​ ប៉ុន្ដែ នេះ​រាប់​តែ​ស្រ្តី​ចុះ​បញ្ជី​ប៉ុណ្ណោះ អាច​ថា ស្រ្តី​មាន​ច្រើន​ជាង​នេះ នៅ​ក្នុង​​ការងារ​ជា​វិស្វករ។

 

“ខ្ញុំ​សង្កេត​ឃើញ​ថា ស្រ្តី​ឥឡូវ​ចូល​រួម​ច្រើន​នៅ​ក្នុង​ការងារ​នេះ។ ខ្ញុំ​គិត​ថា បុរស​ធ្វើ​អ្វី​បាន​ នារី​ក៏​អាច​ធ្វើ​អ្វី​បាន​ដែរ។ ការ​ចូល​រួម​របស់​ស្រ្តី​នៅ​ក្នុង​វិស័យ​វិស្វករ​ គឺជា​ ផ្នែក​មួយ​នៃ​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ”។ លោក លឹម សុថាវ និយាយ។

 

លោក ជាម សុផល​មករា អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម បាន​លើក​ឡើង​ថា ដ្បិតតែ​មិន​ទាន់​មាន​តួលេខ​ជាក់​លាក់​អំពី​ស្ត្រី​នៅ​ក្នុង​វិស័យ​សំណង់ ឬ វិស័យ​ជា​វិស្វករ​ក្ដី ក៏​ប៉ុន្តែ​តាម​ការ​អង្កេត​ឃើញ​ថា ស្រ្តី​ពិត​ជា​បាន​ចូលរួម​នៅ​ក្នុង​វិស័យ​នេះ​កើន​ឡើង​មែន។

 

“ខ្ញុំ​យល់​ឃើញ​ថា ស្ត្រី​ចូលរួម​នៅ​ក្នុង​វិស័យ​នេះ​ច្រើន​គឺ​កាន់​តែ​ល្អ​ គឺ​ស្រ្តី​ប្រៀប​បាន​នឹង​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច ដូច្នេះ​​ ការ​ចូលរួម​របស់​ស្រ្តី​នឹង​ធ្វើ​ឲ្យ​មាន​ចំណូល​នៅ​ក្នុង​គ្រួសារ​បន្ថែម​ទៀត និង ស្រ្តី​មាន​សមត្ថភាព​អាច​ធ្វើ​បាន​ ព្រោះ លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ ​គឺ​ស្ត្រី​ជា​មនុស្ស​ម៉ត់ចត់ ពូកែ​តុបតែង (រចនា​ប្លង់) ជាដើម”។

 

ស្ត្រី​ ជា​វិស្វករ ​មាន​កំណើន​ជា​លំដាប់​​ នៅ​កម្ពុជា

 

 

លោក​ បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​ បាន​ចូលរួម​លើក​កម្ពស់​វិស័យ​យេនឌ័រ​ ដោយ​បាន​កំណត់​ថា យ៉ាង​ហោច​មាន​ស្រ្តី​ម្នាក់​នៅ​ក្នុង​អង្គភាព​មួយ។ ដូច្នេះ ស្ត្រី​បាន​ចូលរួម​កាន់​តែ​ច្រើន​ឡើង​ៗ នៅ​ក្នុង​ក្រសួង​ដែន​ដី ជា​ពិសេស​ស្រ្តី​ជា​វិស្វករ​សង្កេត​ឃើញ​ថា មាន​ការ​កើន​ឡើង​ជា​លំដាប់។ “ស្រ្តី​បាន​ផ្លាស់​ប្ដូរ​​ទស្សនៈ​កាល​ពី​ច្រើន​ឆ្នាំ​មុន​​ ដែល​ថា ស្រ្តី​បង្វិល​ចង្ក្រានមិន​ជុំ ឥឡូវ​ស្រ្តី​មិន​មែន​ត្រឹម​តែ​អាច​ធ្វើ​កិច្ច​ការ​ផ្ទះ តែ​ស្រ្តី​អាច​ធ្វើ​ការ​សង្គម​បាន​ល្អ និង រក​ប្រាក់​ចំណូល​បាន​ដូច​បុរស​ដែរ”។

 

ទាក់ទង​នឹង​ស្រ្តី​នៅ​ក្នុង​វិស័យ​វិស្វករ​វិញ​ លោក លឹម សុថាវ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​និស្សិត​មក​ចុះ​បញ្ជី​ដើម្បី​ទទួល​បាន​អាជីព​វិស្វករ​ពេញ​សិទ្ធិ​នៅ​គណៈ​វិស្វករ​កម្ពុជា។ ការ​ចុះ​បញ្ជី​ទាមទារ​ឲ្យ​វិស្វករ​ មាន​បទ​ពិសោធន៍​ ចេញ​ពី​សាលា​បរិញ្ញាបត្រ​ វិស្វករ​ចំនួន​ ៥ ឆ្នាំ បទ​ពិសោធន៍​អនុបណ្ឌិត​វិស្វករ​ ៣ ឆ្នាំ វិស្វករ​បទ​ពិសោធន៍​ ២ ឆ្នាំ ហើយ​ចំពោះ​វិស្វករ​អាស៊ាន​ត្រូវ​មាន​បទ​ពិសោធន៍​ ៧ឆ្នាំ។

 

ការ​ចុះ​បញ្ជី​ជា​វិស្វករ​ នៅ​គណៈ​វិស្វករ​កម្ពុជា នឹង​ទទួល​បាន​៖

 

១. ការ​ទទួល​ស្គាល់​ពី​គណៈ​វិស្វករ​កម្ពុជា
២. ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​លើ​គ្រប់​មុខ​ជំនាញ
៣. ទទួល​បាន​ជា​វិស្វករ​អាជីព​រួច​ហើយ​នឹង​ឈាន​ទៅ​ដល់​វិស្វករ​អាស៊ាន។
៤. ចុង​ក្រោយ​​នឹង​ឈាន​ដល់​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល និង រដ្ឋាភិបាល​អាស៊ាន​ ក្រោម​ស្វារតី នៃ​កិច្ច​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​​អាស៊ាន​ទាំង ១០៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា