ពីកុមារី លក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ

ភ្នំពេញ៖ ភាពឯកា កង្វះភាពកក់ក្តៅ កំសត់កម្រ តែលតោល គឺជាកម្លាំងចិត្តដ៏រឹងមាំ រុញច្រានឲ្យ អតីតកុមារី លក់នំ និងទឹកកកដុំម្នាក់ ក្លាយទៅជាស្រ្តីជើងខ្លាំង ជោគជ័យ ក្នុងមុខជំនួញ អាជីវកម្ម ផលិតផលគ្រឿង សម្អាង គ្រួសារកក់ក្តៅ  Online Shop ក្នុងស្រុក។

ដៃម្ខាងជូតដំណក់ ទឹកភ្នែកដែលហូរ កាត់ថ្ពាល់ ឯដៃម្ខាងទៀត ទប់ដើមទ្រូង រួចសួរខ្លួនឯងថា “ហេតុអីបានជាខ្ញុំអភ័ពម្ល៉េះ មិនមានភាពកក់ក្តៅ ដូចកូនគេ?” នេះជាសំនួនរឿយៗ ដែលអ្នកនាង ហ៊ឹម សុភក្រ័ តែងលាក់ទុកក្នុង ចិត្តតែម្នាក់ឯង ពុំប្រាប់អ្នកណា កាលនៅវ័យ៧ឆ្នាំជាកុមារី កំព្រាឳពុកម្តាយ។ រាល់ថ្ងៃ សុភ័ក្រតែងតែ មមាញឹកជាមួយនឹង ការងារតម្រៀបនំ ដាក់លើចង្អេរ សម្រាប់លក់ និងមើលថែប្អូនៗ ជាមួយជីដូនចាស់។

មួយឆ្នាំក្រោយមក ជីវភាពជីដូនចាស់ របស់សុភ័ក្រ ក៏ធ្លាក់ដុនដាបទៅៗ ដែលពុំអាច មានលទ្ធភាព បន្តចិញ្ចឹមបីបាច់ ថែរក្សានាង ហើយក៏បញ្ចូននាង ឲ្យទៅរស់នៅ ជាមួយ អ៊ុស្រីខាងម្តាយ។
 
រស់នៅជាមួយអ៊ុស្រី សុភ័ក្រ បានហូបឆ្អែត ប៉ុន្តែក៏ត្រូវខំធ្វើការ ខ្លាំងក្លាណាស់ដែរ។ ជារៀងរាល់ថ្ងៃ តាំងពីព្រលឹម ទល់ព្រលប់ នាងត្រូវឈរ លើកទឹកកកដុំ ធ្ងន់ស្រាល សម្រាប់លក់ឲ្យភ្ងៀវ។ នៅក្រោមកម្តៅ ថ្ងៃក្តៅហែង តំណក់ញើស ហូរតក់ៗ ស្រក់ពាសពេញ ផ្ទៃមុខ និងដងខ្លួន  កុមារីវ័យប្រមាណ ប្រាំបីរូបនេះ ពុំដែលរអ៊ូមូយមាត់ណា ឲ្យអ៊ុស្រី របស់ខ្លួនលឺឡើយ តែបែរជា ខំធ្វើការ វេចខ្ចប់លើកទឹកកកដុំ ជូនភ្ញៀវ យ៉ាងសកម្មទៅវិញ។

សុភ័ក្រ និយាយទាំងអួលដើមកថា៖ “វាពិតជាការងារ នឿយហត់ និង ពិបាកខ្លាំងណាស់ កាលនោះនាងខ្ញុំ ជាកុមារីតូច ហើយត្រូវលើក ទឹកកកដុំធ្ងន់ៗ លក់ឲ្យភ្ងៀវ"។ ដោយសារ មើលឃើញ ពីភាពលំបាក របស់សុភ័ក្រ មា្តយមីងខាងម្តាយ របស់នាង ក៏ទទួលយកនាង មកធ្វើជាកូនចិញ្ចឹម ហើយជួយផ្គត់ផ្គង់ នាងឲ្យបានចូលរៀនសូត្រ។

ជាអកុសល នៅពេល សុភ័ក្រសិក្សា បានថ្នាក់ទី៦ ម្តាយមីងរបស់នាង ក៏ត្រូវបាន លាចាក លោកនេះទៅ បន្សល់ទុកឲ្យ នាងរស់នៅ ជាមួយស្វាមី របស់គាត់ដែលត្រូវជា ឳពុកធម៌។ សុភ័ក្រ បន្តរស់នៅ ក្រោមដំបូលតែមួយ ជាមួយឳពុកធម៌ រហូតបានបញ្ចប់ ថ្នាក់ទី១២ ទើបនាងក៏ត្រូវបាន ឳពុកបង្កើត ត្រឡប់មកជួយផ្គត់ផ្គង់ ឲ្យនាងបានសិក្សា ថ្នាក់មហាវិទ្យាល័យ។ ក្នុងនាមជា និស្សិត នាងត្រូវការចំណាយច្រើន ហើយក៏ពុំចង់ពឹងផ្អែក ទាំងស្រុងឡើង ឳពុកបង្កើត ដូច្នេះនាងក៏ បានសម្រេចចិត្ត ចូលបម្រើការ ជានារីរត់ ដែលបានប្រាក់ខែ ត្រឹមតែ ៤០ដុល្លារ ក្នុងមួយខែ។  

ជានិច្ចកាល សុភ័ក្រត្រូវធ្វើដំណើរ ដោយថ្មើរជើង ពីផ្ទះទៅសាលារៀន ពីសាលារៀន ទៅកន្លែងធ្វើការ។ ភាពនឿយហត់ក្នុងការសិក្សា និងការមាឃងាយ ពីសំណាក់ភ្ងៀវ លើករូបនាង ជានារីរត់ សុភ័ក្រ ក៏បានសម្រេចចិត្ត ឈប់ធ្វើការ និងសិក្សា ហើយបន្តស្វែងរក ការងារថ្មីសម្រាប់ជីវិត។ មិនយូរប៉ុន្មាន ការប្តេជ្ញាចិត្ត កិច្ចខិតប្រឹងប្រែង រៀនរស់ដោយខ្លួនឯង របស់សុភ័ក្រ បានចម្លង នាងឲ្យអាចមាន លទ្ធភាពផ្លាស់ប្តូរជីវភាព ពីនារីរត់តុ ប្រាក់ខែត្រឹមតែ ៤០ដុល្លារ ទៅជាបុគ្គលិក បម្រើការនៅ មន្ទីរពេទ្យធ្មេញ អន្តរជាតិ ប្រាក់ខែ៨០ដុល្លារ ។

ជាការពិតណាស់ បម្រើការជា បុគ្គលិកនៅ មន្ទីរពេទ្យធ្មេញ ពិតជាមិនងាយស្រួល នោះទេ សម្រាប់អ្នកដែលពុំមាន បទពិសោធន៏ដូចរូបនាង។ ប៉ុន្តែ សុភ័ក្របានធ្វើការតាំងចិត្ត រៀនសូត្រ និងក្រេបជញ្ជក់ នូវបទពិសោធន៏ល្អៗ ពីអ្នកជុំវិញខ្លួន។
 
កិច្ចខិតខំប្រឹងប្រែង ឧស្សាហ៏ព្យាយាម និងភាពវ័យឆ្លាត ប៉ិនប្រសប់ តស៊ូមិនរាថយ នឹងការលំបាកគ្រប់បែបយ៉ាង សូម្បីតែធ្វើការងារ លើសម៉ោង បានជំរុញឲ្យ សុភ័ក្រ អាចឡើងប្រាក់ខែ ៥ដុល្លារៗ បន្ថែម រហូតបានក្លាយ ទៅជាបុគ្គលិកគំរូ និងជំនួយការ ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ប្រចំាមុន្ទីរពេទ្យ។

៥ឆ្នាំក្រោយមក សុភក្រ័ បានលះបង់ការងារ ពីជំនួយការជាន់ខ្ពស់ ទៅប្រកកបរបរកស៊ី ជាមួយនឹង បុរសជាអនាគតស្វាមី ដោយនាងគិតថា "បើការប្តីត្រូវតាមប្តី ត្រូវតស៊ូជាមួយគ្នា ក្នុងនាមជា ជីវិតប្តីប្រពន្ធ"។

ដំបូងសុភ័ក្រ និងដៃគូរសង្សារ បានចាប់ដៃគ្នា បើករបរលក់ប្រហិត ជាមួយគ្នា។ ពេលវេលាកន្លងផុត មិនយូរប៉ុន្មានផល ពួកគេបានវិវត្តន៏ ពីអ្នកលក់ប្រហិត ដោយខ្លួនឯង ក្លាយទៅ កែហាង លក់ប្រហិត និងមានលុយបើក ហាងតូចល្មមនៅឌ្រឹមឡែន។ 
ការចេះសន្សំសំចៃ ពីលុយកាក់ លុយសេន បានធ្វើឲ្យ សុភ័ក្រ និងអនាគតស្វាមី មានលទ្ធភាព បង្កើតនូវមុខរបរថ្មី មួយទៀតគឺ មុខរបរហាង ២៥០០រៀលដំបូងគេបង្អស់។ ក្រោយពីបង្កើត មុខរបរ ២៥០០រៀល បានជួយឲ្យជីវភាពរបស់ពួកគេ ផ្លាស់ប្តូរយ៉ាងលឿន រហូតមានលុយទិញផ្ទះធំ ទ្រនុំខ្ពស់ និងអាចរៀបការដោយខ្លួនឯង។ រស់នៅក្នុងជីវភាពដ៏ធូរធារ ពេលនោះ សុភ័ក្រ មានកូនប្រុសម្នាក់ ហើយនាង លែងចង់គិតគូរ លើ់ការរកស៊ីឲ្យ លំបាកដូចមុនទៀតហើយ ពោលគឺទុកឲ្យស្វាមីរបស់នាង ជាអ្នកធ្វើការរកស៊ីចុះ ចំណែកនាងនៅចាំផ្ទះ និងមើលថែកូន។

នៅផ្ទះ លុយមានចាយ មានបាយញុំា តែសម្រស់គ្មាន ដូច្នេះ សុភ័ក្របានស្វែងរក ការព្យាបាលជាច្រើនកន្លែង ប៉ុន្តែគ្មានបានផល។ ចៃដន្យថ្ងៃមួយ ស្វាមីរបស់នាង បានស្គាល់គេ ហើយកឹបានយកផលិតផលនោះមកឲ្យនាងប្រើសាកល្ប។ បន្ទាប់មក សុភ័ក្រក៏បានស្អាតមែន ដូច្នេះនាងក៏មានកូនចិត្តតូចមួយ គឺ ដាក់លក់ផលិតផលនោះ លើអនឡាញសាកមើល។

កាលនោះអ្នកនាង ហ៊ឹម សុភក្រ័ បានចាប់ផ្តើម បង្កើតគំនិតអាជីវកម្ម លើផលិតផល គ្រឿងសម្អាងតាមរយៈ  "គ្រួសារកក់ក្តៅ Online Shop"  ដែលជាគេហទំព័រ ហ្វេសបុក។  ពីមួយថ្ងៃ ទៅមួយថ្ងៃ សន្ទុះនៃការគាំទ្រ ពីម្នាក់ទៅម្នាក់ នៅលើអនឡាញ ធ្វើឲ្យការលក់របស់នាង កើនឡើងជាលំដាប់។

ក្រោយពីមានការ ជំរុញនិងលើកទឹកចិត្ត ពីសំណាក់អតិថិជន និងស្វាមីរបស់នាង សុភ័ក្រសម្រេចចិត្ត បើកហាងផលិតផល គ្រឿងសម្អាងផ្ទាល់ខ្លួន ដែលមានឈ្មោះថា "គ្រួសារកក់ក្តៅ Online Shop" ដំបូងបង្អស់ មានទីតាំង ផ្ទះលេខ៣៨eo ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់់ខណ្ឌចំការមន ម្តុំវិមាឯរាជ្យ។

ពិតជាមិនគួរឲ្យជឿ គ្រាន់តែបើកសម្ភោធ ហាងផលិតផលគ្រឿង "គ្រួសារកក់ក្តៅ Online Shop"ភ្លាម អ្នកនាង ហ៊ឹម សុភ័ក្រ ក៏មានអ្នកគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតអាច មានលទ្ធភាព បើកហាងជាបន្តបន្ទាប់ ដល់ទៅ ៧ សាខា រួមមាន ភ្នំពេញ ៤សាខា ប៉ោយប៉ែត ១សាខា សៀមរាប ១សាខា និង ១សាខាទៀត គ្រោងនឹងបើកសម្ភោធ នៅខេត្តបាត់ដំបង ក្នុងពេលឆាប់ៗនេះ។

ក្នុងរយៈពេលដ៏ខ្លី អតីតកុមារីលក់នំ បានវិវត្តន៏ខ្លួន យ៉ាងឆាប់រហ័ស ក្លាយទៅជា អគ្គនាយិកា និងជាម្ចាស់ ក្រុមហ៊ុនផលិតផល គ្រឿងសម្អាង គ្រួសារកក់ក្តៅ Online Shop ខ្នាតធំ ដែលមាន កេរ្តិ៏ឈ្មោះល្បីល្បាញ ទូទាំងប្រទេស។

អ្នកស្រីអគ្តនាយិកា ក្រុមហ៊ុនផលិតផល គ្រឿងសម្អាង គ្រួសារកក់ក្តៅ Online Shop ហ៊ឹម សុភ័ក្រ បានឲ្យដឹង៖ "នាងខ្ញុំមិន ដែលនឹកស្មានថា នាងខ្ញុំអាចមានថ្ងៃនេះ នោះទេ! នាងខ្ញុំពិតជាមាន អារម្មណ៏រំភើប សប្បាយរីករាយក្រៃលែង និងសូមអរគុណ ដល់អតិថិជន  និងស្វាមីនាងខ្ញុំផ្ទាល់ ដែលតែងតែ ស្រឡាញ់ និងជួយគាំទ្រ នាងខ្ញុំរហូតមក"។

ស្រ្តីជើងខ្លាំងខាង មុខជំនូញរូបនេះ បានបង្ហើបថា ចំណុចពិសេស និងគន្លឹះសំខាន់ៗ ដែលធ្វើឲ្យ ក្រុមហ៊ុនខ្លួនមាន ភាពជោគជ័យ គឺដោយសារក្រុមហ៊ុន របស់អ្នកនាងឈរ លើយុទ្ធសាស្រ្ត បួនចំណុចជាចំបង៖ ទីមួយ គឺគុណភាពផលិតផល ទីពីរ តម្លៃសមរម្យ ទីបីគឺយុទ្ធសាស្រ្តទីផ្សារ និងទីបួនគឺទីតាំង។ គួរកត់សម្គាល់ថា យុទ្ធសាស្រ្ត ទីផ្សារពិសេស ជាងគេបំផុត របស់ក្រុមហ៊ុន របស់ស្រ្តីសហគ្រិន វ័យក្មេងរូបនេះ គឺបណ្តាញសង្គម ហ្វេកបុក "គ្រួសារកក់ក្តៅ"។

ដំបូងគេហទំព័រមួយនេះ គឺគ្រាន់តែការផ្តួចផ្តើម រួមគ្នាផ្ទាល់ខ្លួន របស់ អ្នកស្រី ហ៊ឹម សុភ័ក្រ និងស្វាមី ដើម្បី ឆ្លុះបញ្ចាំងពីភាព កក់ក្តៅ នៅក្នុងក្រុមគ្រួសារ ផ្ទុយពីអតីតកាល។

អ្នកនាងបានពន្យល់ថា៖  "ពួកយើងបង្កើតវាគ្រាន់ តែសម្រាប់គ្រួសារ យើងផ្ទាល់ខ្លួន ហើយក៏ មិនដែលគិតថា គេហទំព័រមួយនេះ អាចជួយពួកយើង បានច្រើនដល់ថ្នាក់ នេះសោះ!"

ក្រៅពីជាស្តី្រ ជោគជ័យ មានកេរ្តិ៏ឈ្មោះ ល្បីល្បាញ អ្នកនាង ហ៊ឹម សុភ័ក្រ បានឆ្លៀតចូលរួម ចំណែក សកម្មភាពការងារសង្គម ជាពិសេសគឹ ចែករំលែកភាពកក់ក្តៅ និងស្នាមញញឹម ដែល ខ្លួនមានតាមរយៈ ជួយឧបត្ថម្ភ កុមារកំព្រាជាង ១០០ នាក់ នៅអង្គការផ្ទះបាយ កុមារ កុមាររស់នៅលើ គំនរសំរាម ស្ទឹងមានជ័យជាង ៣០០នាក់ ជូនថវិកា ដល់មុន្ទីរពេទ្យ គន្ធបុប្ជា កុមារកំព្រា នៅបុរីកុមារ អាស្ព៊ែកា និងជួយរួមរើស សម្រាម ការពារបរិស្ថាន។

ចុងក្រោយ អតីតកុមារ កំព្រា និងបច្ចុប្បន្ន ជាម្ចាស់ក្រុមហ៊ុន ផលិតផលគ្រឿង សម្អាងរូបនេះ បាន អំពាវនាវដល់ កុមារកំព្រា កុមារអនាថាគ្មានទីពឹង ស្រ្តីដែលខ្វះភាពកក់ក្តៅ ស្រ្តីទន់ខ្សោយ និងត្រូវបាន រំលោភបំពាន ឲ្យក្រោកឈរឡើង សារជាថ្មី ព្យាយាមពង្រឹង សមត្ថភាព ក្រេបយកចំណេះជំនាញ និងខិតខំរៀនសូត្រ ដើម្បីឲ្យជីវិត និងអនាគត ភ្លឺស្វាង៕

ពីកុមារី លក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ

ពីកុមារី លក់នំ ក្លាយទៅជាស្រ្តី ជោគជ័យ ក្នុងមុខជំនួញធំ