សម្តេច ហេង សំរិន​៖​ត្រូវ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្រី្ត និង​កុមារី​

ភ្នំពេញ:
​ក្នុងឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា សម្តេច ហេង សំរិន  បានផ្តល់​អនុសាសន៍​នារី ឲ្យ​បន្ត ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​កៀរគរ​មតិ និង​មូល​និ​ធី​សម្រាប់​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្រី្ត​និង​កុមារី​។​

​ក្នុងឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៥ នៅ​រដ្ឋសភាជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា​ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នានា លើ​សកលលោក តែងតែ​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​របស់​ស្ត្រី ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី ដោយ​ពិនិត្យមើល​ផល​ដែរ លើ​សមិទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម​នៅ​សេសសល់ ដើម្បី​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត​ដ​ជា​បន្តបន្ទាប់​ទៅ​ឆ្នាំ​មុខ​ទៀត ឆ្ពោះទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​

​លោកស្រី បាន​បន្តថា ឆ្នាំនេះ ក្រសួង​កិច្ចការនារី បានជ្រើសរើស​យក​ប្រធានបទ "​វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​"​។ ប្រធានបទ​នេះ មាន​គោលបំណង​បង្ហាញ​អំពី​តម្រូវការ​នៃ​ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ជា​សកល​នេះ​ឲ្យ​បាន​ជោគជ័យ​។​

​លោក​បាន​បន្ថែមថា "​ការបន្ត​គាំទ្រ​របស់​រដ្ឋសភាជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​ប្រធានរដ្ឋសភា ចំពោះ​ការអនុវត្ត​គោលនយោបាយ​លើកកម្ពស់​សមភាព​យេនឌ័រ នៅតែមាន​សារសំខាន់ ដើម្បី​ព​ន្លឿ​ន​ការធ្វើ​ឲ្យ​សម្រេចបាន​សង្គម​មួយ​ប្រកបដោយ​សមភាព សមធម៌ និង​សុខដុមរមនា​"​។​

​លោកស្រី​រដ្ឋមន្ត្រី បាន​លើកឡើងថា ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏​អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​ជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និង​កុមារ នៅតែ​បន្ត​កើតមាន ដែល​ទាមទារ​ឲ្យ​មាន​កិច្ចសហការ និង​ការចូលរួម​យ៉ាងសកម្ម និង​ហ្មត់ចត់​ពី​គ្រប់​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ អាជ្ញា​ធរមាន​សមត្ថកិច្ច ដែ​គូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​សម្តេច​ហេង សំរិន បាន​មានប្រសាសន៍ថា ការមកដល់​នៃ​សាកលភាវូបនីយកម្ម ក៏បាន​នាំមក​នូវ​បញ្ហា​ប្រឈម​នានា​ជាច្រើន ដែល​រួមមាន​ការប្រកួតប្រជែង​រក​ការងារ​ធ្វើ ការ​ឈ្លក់​វង្វេង​គ្រឿងញៀន ការសេព​គ្រឿង​ស្រវឹង ភាពជា​មនុស្ស​ទំនើង ការផ្សព្វផ្សាយ​រូបភាព​អាសអាភាស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បង្ក​ឲ្យ​មាន​ឡើង​នូវ​អំពើ​រំលោភបំពាន ការកេងប្រវ័ញ្ច​គ្រប់​ប្រភេទ អំពើហិង្សា ការជួញដូ​ចមនុស្ស និង​ការប្រព្រឹត្ត​អំពើ​អនាចារ​ជាដើម ដែល​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អាយុជីវិត សណ្តាប់ធ្នាប់​សង្គម និង​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម​គ្រួសារ សហគមន៍​និង​សង្គមជាតិ បញ្ហា​ទាំងនេះ​ជា​កង្វល់​ដ៏​ចម្បង​របស់​សង្គមជាតិ​ទាំងមូល ដែល​យើងទាំងអស់គ្នា​ត្រូវតែ​រួមគ្នា​គិត​និង​រួមគ្នា​ធ្វើ​ឲ្យ​បាន​ខ្លាំងក្លា​ជាទីបំផុត​។​

​សម្តេច​បាន​បន្តថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ បើ​មិនមាន​សមភាព​យេនឌ័រ និង​ការចូលរួម​ពេញលេញ​របស់​ស្ត្រី នៅក្នុង​ការងារ​សង្គម សេដ្ឋកិច្ច និង​អភិបាលកិច្ច​ទេ នោះ​យើង​ក៏​នឹង​មិនអាច​ទទួលបាន​នូវ​សង្គម​មួយ ដែល​យើង​ប្រាថ្នា​ចង់បាន​នោះឡើយ​។​

​ក្នុងឱកាស​នោះដែរ​សម្តេច​ហេង សំរិន បានផ្តល់​អនុសាសន៍​ដ​ល់​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី ត្រូវ​បន្ត​លើកកម្ពស់ និង​អនុវត្ត​សកម្មភាព​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ និង​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​កុមារី​៕