ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ប្រភព​មន្ត្រី​នគរបាល​ស្រុក​សំឡូត​ឱ្យ​ដឹង​ថា កសិករ​ម្នាក់​បាន​ដើរ​ជាន់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង ខណៈ​ព្យា​យាម​​ចូល​កាប់​រុករាន​វាទ​យក​ដី​ព្រៃ​នៅ​ចំណុច​ចម្ការ​ភ្នំ DK ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ២០១៦ ស្ថិត​ក្នុងភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ។

ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​មាស ស៊ី​ថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ (​ដាច់​ប្រអប់ជើង​ខាងស្ដាំ​) ។

បើ​តាម​សាក្សី​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ចូល​កាប់​រុករាន​ដី​ព្រៃ ដើម្បី​ធ្វើ​ចំការ តែ​ចៃដន្យ​ក៏​ជាន់​មីន​ដែល​ជា​ប្រភេទ​មីន​ស្គរ​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ។ ដី​ព្រៃ​នៅ​តំបន់​ខាងលើ​នោះ ប្រកបដោយ​គ្រោះថ្នាក់​បំផុត ព្រោះ​ជា​តំបន់​អតីត​សមរភូមិ​ក្ដៅ ។