លោក ស ថេត ការពារ​មន្ត្រី​ខិលខូច​ដូច​លោក យឹម វិចិត្រ ដល់​ណា​ទៀត​?

អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ត្រូវបាន​មន្ត្រីនគរបាល​ក្រោម​ឱវាទ​មួយចំនួន​លាតត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ដូចជា​លោក យឹម វិចិត្រ នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង ដាក់​ជា​សំនួ​រថា តើ​លោក ស ថេត ទុក​មន្ត្រី​ខិលខូច​ដូច​លោក យឹម វិចិត្រ ដល់​ណា​ទៀត​? ព្រោះ​ភស្តុតាង​នៃ​អំពើអាក្រក់​របស់លោក យឹម វិចិត្រ ត្រូវបាន​លាតត្រដាង​យ៉ាងច្បាស់​ក្រឡែត​អស់​ទៅហើយ​។

កាលពី​យប់​ថ្ងៃ​សុក្រ ទី​០៤ ខែមីនា ឆ្នាំ​២០១៦ មានការ​បាច​ត្រាក់​នៅមុខ​សាលាខេត្ត​បាត់ដំបង ហើយ​នៅក្នុង​ត្រាក់​នោះបាន​លាតត្រដាង​អំពើអាក្រក់​ជាច្រើន​ចំណុច​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​។ តាមរយៈ​ត្រាក់​ដែល​ជន​មិន​ស្គាល់មុខ​បាច​នៅមុខ​សាលាខេត្ត​បាត់ដំបង​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបាត់ដំបង បានដឹង​យ៉ាងច្បាស់​នៅ​អំពើអាក្រក់​របស់លោក យឹម វិចិត្រ តែម្តង​មិនអាច​បិទបាំង​តទៅទៀត​បានទេ​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ទំនងជា​ទទួលផល​ប្រយោជន៍​ពី​លោក យឹម វិចិត្រ ទើប​មិន​ព្រម​ដកហូត​តំណែង​មន្ត្រី​ខិលខូច​រូបនេះ បើទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក៏ដោយ​។

សូមបញ្ជាក់ថា រឿងអាស្រូវ​ដើរ​ប្រមូល​លុយ​ពី​កន្លែង​បើក​ល្បែងស៊ីសង រឿងអាស្រូវ​ស៊ីដាច់​ម៉ូតូ​ជនសង្ស័យ និង​ករណី​រក្សាទុក​កាត​អេ​ធី​អឹម​របស់​មន្ត្រីនគរបាល​ដែល​មិន​មក​ធ្វើការ ដើម្បី​ទុក​បើកប្រាក់​ខែ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន គឺជា​អំពើពុករលួយ​របស់លោក យឹម វិចិត្រ យ៉ាងច្បាស់​ក្រឡែត​។ ហេតុនេះហើយ​ទើប​ផ្លាស់​មកពី​ស្រុក​ថ្មគោល ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ លោក យឹម វិចិត្រ សល់​លុយ​យ៉ាងច្រើន​រហូត​ទិញ​បាន​ផ្ទះ​២​ល្វែង​នៅក្នុង​បុរី​រំចេក ក្នុងខណៈដែល​មន្ត្រីនគរបាល​ក្រុង​បាត់ដំបង ភាគច្រើន​មាន​ជីវភាព​ខ្វះខាត​។ ប្រការនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក យឹម វិចិត្រ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។ លើស​នេះ​ទៅទៀត​បច្ចុប្បន្ន​នៅ​ក្រុង​បាត់ដំបង មាន​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ជាពិសេស​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើចោរកម្ម ហើយ​លោក យឹម វិចិត្រ គ្មាន​សមត្ថភាព​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ប្រជាពលរដ្ឋ​បានឡើយ​៕

12644964_1551267155187650_2102684710360585579_n1-300x250​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបងcamnews-56d3e927eb649​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង