បទល្មើស​កាប់​ព្រៃ​លិច​ទឹក​ទន្ទ្រាន​យក​ដី​ក្នុងស្រុក​កំពង់លែង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ដីព្រៃ​តំបន់​៣ ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​ចំណុច​យក្ស​ឱប តំបន់​វាល​គោក​ព្រះ និង​ប្រាសាទ​បាក់ ប្រមាណ​២០០​ហិកតា​កំពុង​ត្រូវ​អ្នកមាន​លុយ​អ្នកមានអំណាច​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ការដែល​អ្នកមាន​លុយ អ្នកមានអំណាច អាច​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ច្រ​ណូ​ក ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​រាប់រយ​ហិកតា គឺមាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុងស្រុក​កំពង់លែង ផងដែរ​។ បើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទេនោះ ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ច្រ​ណូ​ក បាន​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ព្រៃ​លិច​ទឹក​ប្រមាណ​ជាង​២០០​ហិកតា ត្រូវបាន​បំផ្លាញ​រួចទៅហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​យោធា​ម្នាក់​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស​ព្រៃ​ខៀវ បាន​យក​ដី​នៅ​ចំណុច​ដូច​រៀបរាប់​ខាងលើ​ទៅ​លក់​ឲ្យ​ឈ្មួញ ហើយ​ឈ្មួញ​ចាប់ផ្ដើម​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ជាង​២០០​ហិកតា​ឲ្យ​ក្លាយទៅជា​វាល​ស្រលះ​ធេង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ផលប្រយោជន៍​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អភិបាលស្រុក​កំពង់លែង គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​គាស់​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ឃុំ​ច្រ​ណូ​ក​នោះដែរ ហេតុនេះហើយ​ទើប​អាជ្ញាធរ​ស្រុក​គ្មាន​វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ដែលជា​ជម្រក​ត្រី​ពង​កូន​ក្នុង​បឹង​ទន្លេសាប​។ បញ្ហា​នេះ​ក្រសួងកសិកម្ម​និង​ក្រសួងបរិស្ថាន មិនត្រូវ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង តទៅទៀត​ទេ​ព្រោះ​បទល្មើស​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​។ ជាមួយគ្នានេះ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង គួរ​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​មហន្តរាយ​តទៅទៀត​៕

T-0324​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង k-komPong