​លោក កឹម សុខា បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាល់ច្រក​ទេ ហើយ​កាន់តែ​រឹងមាំ​ឡើង

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ដើម​សប្តាហ៍​នេះ​បានបញ្ជាក់​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រាបថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាល់ច្រក​ទេ ទោះបី​គេ​ខិតខំ​រុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទល់​ជញ្ជាំង​ជាច្រើន​ដង រួចមកហើយ​ក៏ដោយ​។ ការបញ្ជាក់​របស់លោក កឹម សុខា ត្រូវគេ​សង្កេតឃើញថា​កើតឡើង​ស្រប​ពេលដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ដែរថា​គ្មាន​នរណា​អាច​បំបែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ព្រោះ សម រង្ស៊ី និង កឹម សុខា ជា​ដៃគូ​ស្លា​ប់រស់ ដើម្បី​សង្គ្រោះ​ជាតិខ្មែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា ច្រក ឬ ផ្លូវ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​នោះ​គឺ​៖ ទី​១-​ជា​ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​បាន​ត្រឹមត្រូវ​គឺ ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​។ ទី​២- អ្នក ដែល​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​នោះ​គឺ ប្រជាពលរដ្ឋ​ខ្មែរ​។ បើ​គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ​បើកផ្លូវ និង​ចូលរួម​ធ្វើដំណើរ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនអាច​ដើរ​បាន​ជោគជ័យ​ដល់​ថ្ងៃ​នេះដែរ​។ ដូច្នេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គប្បី​បន្ដ​ការតស៊ូ អត់ធ្មត់ ព្យាយាម តទៅទៀត ដើម្បី​សម្រេច​គោលដៅ​ដែល​ប្រជាពលរដ្ឋ​ប្រាថ្នា​ចង់បាន​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ត្រូវធ្វើ​អ្វី​ទៅតាម​គោលដៅ​របស់​គណបក្ស​ដែល​បានកំណត់​ហើយ​។ គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​ធ្វើ​អ្វី​តាម ដែល​គេច​ង់​បង្វែរ​គោលដៅ​របស់​គណ​បក្ស ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឃ្លាត​ចេញពី​បញ្ហា​ជាតិ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។ ធម្មតា​គណបក្សនយោបាយ​នីមួយៗ តែងតែមាន​របៀបវារៈ​នយោបាយ​របស់ខ្លួន​។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​តាមរបៀប​វារៈ​រប​ស់​ខ្លួន គេ​ធ្វើតាម​របៀបវារៈ​របស់​គេ​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ជា​ចុងក្រោយ មានតែ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ទេ ដែលជា​អ្នក​វិនិច្ឆ័យ​តាមរយៈ​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ថា​តើ​អ្នកដឹកនាំ​ណា​? ឬ គណបក្សនយោបាយ​ណា​? ដែល​ធ្វើ​ត្រូវ ឬ ខុស គួរ​គាត់​គាំទ្រ ឬ មិន​គាំទ្រ​៕

943982_1055420874514645_2431455699924463567_n 12321603_1300954686588494_4676074533755011795_n 12800248_1300955009921795_4969001072738411638_n