មន្រ្តី​​អ.ស.ប.រីករាយ​ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​

មន្រ្តី​​អ.ស.ប.រីករាយ​ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​

រូប​ឯកសារ៖ លោក​ Jan Eliasson អគ្គលេខាធិការ​រង​អ.ស.ប.​ នៅ​ក្នុង​សន្និសីទ​មួយ​ ក្នុង​ទីក្រុង​ញូវយ៉ក​ ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៤។​

បើ​តាម​លោក​ Jan Eliasson អគ្គលេខាធិការ​រង​អ.ស.ប.​ថា ​អ.ស.ប.​មាន​ការ​ពេញ​ចិត្ត​នឹង​កិច្ច​ខិតខំប្រឹង​ប្រែង​សកល​ ដែល​កំពុង​មាន​ធ្វើ​ដើម្បី​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​ដែល​ហៅ​កាត់ថា​ SDGs ដែល​ប្រទេស​នានា​ក្នុង​ពិភព​លោក​បាន​សន្យា​ថា​នឹង​អនុវត្ត​ដើម្បី​ឱ្យ​ជីវភាព​ពលរដ្ឋ​របស់​ពួកគេ​ល្អ​ប្រសើរ​ជាងមុន។

កាល​ពី​ខែ​កញ្ញា​ ក្រុម​មេដឹកនាំ​ពិភពលោក​១៩០​នាក់​បាន​ប្តេជ្ញា​ថា​ នឹង​បំពេញ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ចំនួន​១៧​ ដើម្បី​បញ្ចប់​ភាព​ក្រីក្រ​ខ្លាំង​ ដោះស្រាយ​បញ្ហា​ប្រែប្រួល​ធាតុ​អាកាស​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​មិន​ស្មើ​គ្នា​និង​អំពើ​អយុត្តិ​ធម៌​ នៅ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​មាន​ពិភពលោក​មួយ ​ដែល​មាន​មាន​ភាព​ស្មើគ្នា មាន​ភាព​សំបូរ​រុងរឿង​ជាង​មុន ​និង​ប្រកប​ដោយ​ចីរភាព​ផងដែរ។​

គោលដៅ​ SDGs មាន​គោលបំណង​បង្កើន​សកម្មភាព​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ​នៅ​ក្នុង​ផ្នែក​មាន​សារៈសំខាន់ខ្លាំង។​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA លោក Eliasson បាន​សម្តែង សុទិដ្ឋិនិយម​អំពី​គោលដៅ SDGs ​ត្រូវ​បាន​អនុវត្ត​បែប​ណា​ឱ្យ​ក្លាយ​ទៅ​ជា​ភាព​ពិត​ជាក់ស្តែង​ យុទ្ធ​សាស្ត្រ ​និង​ផែនការ។

លោក Eliasson បាន​មាន​ប្រសាសន៍​ថា​ «ក្រុម​ប្រទេស​នានា​ចាប់​ផ្តើម​អនុវត្ត​រួច​ស្រេច​ហើយ​នូវ​ SDGs តាម​កម្រិត​ជាតិ។ ​នេះ​ជា​ឆ្នាំ​ទី​មួយ​ នេះ​ជា​ខែ​ទី​ពីរយើង​មាន​ប្រទេស​ជាតិ​ជិត​២៥​ដែល​ចង់​និយាយ​ប្រាប់​យើង​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​រួច​ស្រេច​ហើយ​ នៅ​ក្នុង​រដូវ​ក្តៅ​ខាង​មុខ​នេះ​ នៅ​ពេល​យើង​មាន​ការប្រជុំ​ធំ​មួយ​អំពី​ការ​អនុវត្ត​ SDGs»៕