រដ្ឋសភាទទួល តំណាងស្រ្តី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា

ភ្នំពញ៖ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ វិមានរដ្ឋសភា មានប្រពៃណី ទទួលតំណាងនៃស្រ្តី ដើម្បីអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មីនា ដែលជាថ្ងៃ និម្មិតរូប ដ៏សំខាន់និងជាថ្ងៃ គោលប្រវត្តិសាស្រ្ត ពិភពលោក ដែលសង្គមមនុស្សទាំងមូល ពិសេសស្រ្តីដែលជាសមាសភាពពាក់  កណ្តាលនៃសង្គមដណ្តើមបានជោគជ័យ ក្នុងការរៀបចំ និងផ្តល់ជូនដល់ស្រ្តី នូវតម្លៃគ្រប់យ៉ាងដែលដៃគូរ របស់បុរសនេះមានតាំងពីរកំណើត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមជាអធិបតី ខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ “ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព” នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ នាវិមានរដ្ឋសភា និងមានការចូលរួមពីសំណាក់ ស្រ្តីនៃក្រសួងកិច្ចការនារី ស្ត្រីជាសមាជិកសមាជិការដ្ឋសភា និងស្ត្រីជាមន្ត្រីរាជការជាច្រើនរូបទៀត។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការ នារីបានលើកឡើងថា ក្នុងរយៈពេល២ទស្សវត្សកន្លងមកនេះ ដោយមានការប្រឹងប្រែង ពីស្ថាប័ននិតិប្រតិបត្តិ និតិបញ្ញត្តិ និងដៃគូពីស្ថានភាពនិងតួនាទី របស់ស្រ្តីនៅ  កម្ពុជាមានការវិវត្តរីកចម្រើនប្រកបដោយ សមធម៌ ដែលឆ្លុះបញ្ចាំអោយឃើញពីការយកចិត្តទុកដាក់ តស៊ូជំនះរាល់ ឧបសគ្គ ក្នុងការធ្វើអោយប្រសើរឡើង នូវស្ថានភាព ជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជា លើគ្រប់វិស័យក្នុងការអនុវត្ត ផែនការសកម្មភាពនាទីក្រុងប៉េកាំង ដែលបានដាក់ចេញក្នុងសន្និសីទ ស្រ្តីពិភពលោកលើកទី៤ឆ្នាំ១៩៩៥។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា “ក្រោយសន្និសីទពិភពលោក ឆ្នាំ១៩៩៥ ស្ថានភាពរបស់ស្រ្តី និងក្មេងស្រីនៅកម្ពុជា មានការរីកចម្រើន គួរឥឲ្យកត់សម្គាល់ ចំនួនស្រ្តីក្នុងតួនាទី ជាអ្នកដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានការកើនឡើង សម្លេង របស់យុវវ័យត្រូវបានដាក់បញ្ចូលទៅក្នុង គោលនយោបាយ របស់រាជរដ្ឋាភិបាល និងច្បាប់សំខាន់ៗមួយចំនួន ដែលធានាការពារសិទ្ធិ និងផលប្រយោជន៍ស្រ្តី និងបុរស ត្រូវបានអនុម័តយល់ដឹងនិងប្រតិបត្តិ”។
សម្តេចប្រធានបានចាត់ទុកថា «ស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ» បើមិនមានសមភាពយេនឌ័រ និងការចូលរួមពេញលេញរបស់ស្រ្តី នៅក្នុងការងារសង្គម សេដ្ឋកិច្ច និងអភិបាលកិច្ចទេ នោះយើងក៏និងមិនអាចទទួលបាននូវ សង្គមមួយដែលយើងប្រាថ្នាចង់បាននោះឡើយ។

សម្តេច ពញាចក្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល  និងជោគជ័យដែលក្រសួងកិច្ចការនារី សម្រេចបានដែលឆ្លើយតប ទៅនិងវិជ្ជមានទៅនឹងផែនការ សកម្មភាពទៅក្រុងប៉េងកាំង ផែនការយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល និងផែនការនារីរតនៈរបស់ក្រសួងកិច្ចការនារី។

សម្តេចបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ជាផែនការជាក់លាក់របស់ជាតិ ដែលបង្ហាញពីការបញ្ជ្រាប យេនឌ័រជាបញ្ហាអន្តរវិស័យ និងត្រូវបានបញ្ចូលក្នុងគោលនយោបាយ និងកម្មវិធីនានារបស់បណ្តាអន្តរវិស័យ ជាការឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាខ្ពស់ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងផ្តល់ភាពអង់អាចដល់ស្រ្តី សំដៅលើកកម្ពស់សមភាពយេនឌ័រ។

សូមបញ្ជាក់ផងដែរថា រដ្ឋសភាបានបង្កើត ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ហៅកាត់ថា «ក-ស-ក-ន-ស» មានសមាភាព៨រូប ក្នុងនោះលោកស្រី ឃួន សុដារី ជាប្រធាន និងមានសមាជិកមកពីគណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា ។ ការបង្កើតក្រុមសភាជាតិកម្ពុជា ដើម្បីជម្រុញ គាំទ្រ និងលើកទឹកចិត្តឲ្យស្រ្តី បានចូលរួមក្នុងការងារ សាធារណៈ និងនយោបាយ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

រដ្ឋសភាទទួល តំណាងស្រ្តី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា

រដ្ឋសភាទទួល តំណាងស្រ្តី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា

រដ្ឋសភាទទួល តំណាងស្រ្តី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា