GMAC អះអាងថា កម្មកររកប្រាក់ ចំណូល ជាមធ្យម ២០០ដុល្លារ ក្នុង១ខែ

ភ្នំពេញ៖ សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានរកឃើញថា កម្មករ-កម្មការិនី អាចរកប្រាក់ចំណូល បានជិត២០០ដុល្លារ ក្នុង១ខែៗ រួមទាំងប្រាក់ឧបត្ថម្ភ ប្រាក់ រង្វាន់និងប្រាក់ ឈ្នួលអតិបរមា ១៤០ ដុល្លារផងដែរ។

ប្រាក់ឧបត្ថម្ភ ប្រាក់រង្វាន់ និងប្រាក់ការងារបន្ថែមម៉ោង ដែលកម្មកររោងចក្រ ទទួលបានគឺមានកម្រិត យ៉ាងតិចបំផុត ចាប់ពី ១៧  ដុល្លារ រហូតដល់ទៅ ៦០ ដុល្លារ ឬច្រើនជាងនេះ ។ នេះមានន័យថា ជាមធ្យម កម្មករទទួលបាន ប្រាក់ចំណូល ប្រមាណជា ២០០ ដុល្លារក្នុងមួយខែ ។ នៅសប្ដាហ៍នេះ កម្មកររោងចក្រ កាត់ដេរ នឹងទទួលបានប្រាក់ខែ ទីពីររបស់ខ្លួនហើយ ។

អគ្គលេខាធិការរង សមាគមរោងចក្រ កាត់ដេរនៅ កម្ពុជា លោក កាំង ម៉ូនីកា បានមានប្រសាសន៍ថា "ជារួម កម្មករកាត់ដេរនៅកម្ពុជា មិនថាមានជំនាញ ឬគ្មានជំនាញនោះទេ គឺអាចទទួល បានប្រាក់ខែ យ៉ាងហោច ណាស់ ក៏ចន្លោះពី ១៥៧ ដុល្លារ ដល់ជាង ២០០ ដុល្លារ ដែរក្នុងមួយខែៗ ហើយនេះជាទឹកប្រាក់ ដែលគាត់ទទួល បានជាក់ស្ដែង ។ ប្រសិនបើយើង ក្រឡេកមើល លើប្រាក់ឈ្នួល អប្បបរមា និងប្រាក់ខែ ដែលទទួលបាន ជាក់ស្ដែងវិញ ឃើញថា ខុសគ្នាច្រើន" ។

ប្រាក់ឧបត្ថម្ភដែល កំណត់ដោយច្បាប់ រួមមាន ១០ ដុល្លារយ៉ាងតិច សម្រាប់ការងារទៀងទាត់ ៧ ដុល្លារ យ៉ាងតិច សម្រាប់ការស្នាក់នៅ និងធ្វើដំណើរ និងពី ២ ដល់ ១១ ដុល្លារ សម្រាប់ អតីត ភាពការងារ។  ចំណែកឯប្រាក់ រង្វាន់វិញរួមមាន ៥ ដុល្លារសម្រាប់កម្មករ ដែលមានជំនាញ និងប្រាក់ឧបត្ថម្ភថ្លៃ អាហារ យ៉ាងតិច ០,៥ ដុល្លារសម្រាប់កម្មករ ដែលស្ម័គ្រចិត្តធ្វើការ ថែមម៉ោង ។

លោក កាំង ម៉ូនីកា បានមានប្រសាសន៍ បន្ថែមទៀតថា ដោយសារតែ ប្រាក់ខែ ដែលកម្មករ ទទួលបាន ជាក់ស្ដែង ចេះតែបន្តកើនឡើង ដូច្នេះ ឧស្សាហកម្មចាំបាច់ ត្រូវផ្ដោតលើ មធ្យោបាយ នានា ធ្វើយ៉ាងណា បង្កើនផលិតភាពការងារ ។

លោក កាំង ម៉ូនីកាបានអះអាងថា ខណៈដែលបញ្ហា ប្រាក់ខែ ត្រូវបានដោះស្រាយ ដោយផ្ដល់អាទិភាព លើកម្មករ ដូច្នេះ នៅពេលនេះ ឧស្សាហកម្មកាត់ដេរ ចាំបាច់ត្រូវរួមគ្នា ស្វែងរក វិធីសាស្ត្រ បង្កើនផលិតភាព ការងាររបស់យើង ដើម្បីធ្វើឲ្យឧស្សាហកម្ម កាត់ដេរនៅកម្ពុជា មានលទ្ធភាពប្រកួត ប្រជែងជាមួយនឹង ប្រទេសផលិត សម្លៀកបំពាក់ ផ្សេងទៀត ដែលផ្ដល់ ប្រាក់ខែទាបជាង ប៉ុន្តែមាន ផលិតភាព ខ្ពស់ជាងកម្ពុជា៕

GMAC អះអាងថា កម្មកររកប្រាក់ ចំណូល ជាមធ្យម ២០០ដុល្លារ ក្នុង១ខែ