ឧក្រិដ្ឋជន​ជាតិ​ប៊ែលហ្សិក​ម្នាក់ ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កម្ពុជា

ជនជាតិប៊ែលហ្សិកមួយរូប ដែលជាប់ទោសចំនួន១៩ឆ្នាំ ពីបទរួមសន្ធវៈជាមួយកុមារ និងដែល​កំពុង​លាក់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា បានដាក់ពាក្យសុំចូលបង្រៀន នៅក្នុងសាលារៀនមួយ នាខេត្តសៀមរាប។ នេះ​បើ​តាម​សារព័ត៌មាន «Mediahuis» និង «Het Laatste Nieuws» របស់ប្រទេសប៊ែលហ្សិក ដែលបាន​រាយការណ៍ ពី​ករណី​នេះ កាល​ពី​ថ្ងៃ​សៅរ៍។
ឧក្រិដ្ឋជន​ជាតិ​ប៊ែលហ្សិក​ម្នាក់ ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កម្ពុជា
ក្រុមកុមារខ្មែរអានសៀវភៅ នៅក្នុងបណ្ណាល័យ នាឃុំកោះដាច់។ (រូបថតសហការី)

ភាពចម្លែកបង្កការសង្ស័យ​បានកើតឡើង ដោយសារជនមានទោស​ម្នាក់នោះខ្លួនឯង។ សារព័ត៌មានទាំងពីរ បានស្រង់​សម្ដី​របស់​ស្ត្រី ជាសាស្ត្រាចារ្យមួយរូប របស់សាលារៀន​ដែលអ្នកទោស ជាតិប៊ែលហ្សិក បាន​ដាក់​ពាក្យសុំចូលបង្រៀន មកសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា៖ «ចម្លែកដែរ ព្រោះគាត់ចូលមកដាក់ពាក្យ ហើយ​សុំ​បង្រៀន​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។ នៅប៉ុន្មានថ្ងៃក្រោយមក អ្នកស្រីបានរកឃើញជននេះ នៅតាម​បណ្ដាញ​សារព័ត៌មាន។

អ្នកស្រីសាស្ត្រាចារ្យបានថ្លែងថា៖ «ខ្ញុំភ្ញាក់ខ្លួនក្រញ៉ាង ព្រោះខ្ញុំទើបនឹងដឹងថា ជននេះកំពុងត្រូវបាន​ប្រទេស​ប៊ែលហ្សិក​ ស្វែងរកចាប់ខ្លួន ពីបទបៀតបៀនលើអនិតិជន។ បន្ទាប់មកភ្លាម​នោះ ខ្ញុំ​ក៏ប្រកាស​ករណី​នេះ ទៅ​កាន់​សាលា​រៀន​ផ្សេងទៀត នៅក្នុងខេត្ត។»

ស្នើព្រះមហាក្សត្រខ្មែរ...

អ្នកទោសម្នាក់នេះ មិនត្រូវបានសារព័ត៌មាន បង្ហាញពីអត្តសញ្ញាណទេ។ ប៉ុន្តែបើតាមការ​លើក​ឡើង​ខាង​លើ​នេះ ឧក្រិដ្ឋជនដែលមានទោស ពីបទបៀនបៀនផ្លូវភេទទៅលើកុមារ និងដែលត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ១៩ឆ្នាំនោះ បានជ្រើសរើសប្រទេសកម្ពុជា ជា​ជម្រក​នៃការលាក់ខ្លួន បំបាំងកាយពី​ប្រព័ន្ធ​យុត្តិធម៌ របស់​ប្រទេសប៊ែលហ្សិក។

យ៉ាងណាក៏ដោយ ប្រទេសប៊ែលហ្សិកបានធ្វើការស្នើ ទៅកាន់អាជ្ញាធរកម្ពុជា ដើម្បីចាប់បញ្ជូន​ពលរដ្ឋ​មាន​ទោសរបស់ខ្លួន យកទៅផ្ដន្ទាទោស នៅក្នុងប្រទេសដើមកំណើតវិញ។ សារព័ត៌មានដដែល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ប៊ែលហ្សិក បានទូលថ្វាយមកព្រះមហាក្សត្រកម្ពុជា សុំឲ្យមានកិច្ច​អន្តរាគមន៍ ជុំវិញសំនុំ​រឿង​នេះ៕