ជាមួយនឹង​ប្រាក់ឧបត្ថម្ភ និង​ប្រាក់រង្វាន់ កម្មករ​ទទួលបាន​ប្រាក់ខែ​លើសពី ១៤០ ដុល្លារ​

: កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​កម្ពុជា ដែលមាន​ចំនួន​រហូតដល់​ទៅជា​ង ៧០ ម៉ឺន​នាក់ កំពុងតែ​ទទួលបាន​ប្រាក់ខែ​ច្រើនជាង​មុន​ថែមទៀត គឺ​លើសពី​ប្រាក់​ឈ្នួល​អប្បបរមា ១៤០ ដុល្លារ ដែល​ចាប់ផ្ដើម​អនុវត្ត​កាលពី​ខែមករា ហើយ​នេះ​ក៏​ដោយសារតែ​ពួកគាត់​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ ដែល​កំណត់ដោយ​ច្បាប់ និង​ប្រាក់រង្វាន់​ផ្សេងទៀត ពី​រោងចក្រ​ដែល​ខ្លួន​ធ្វើការ ។ នេះ​បើ​យោងតាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC ដែល​តំណាង​ឲ្យ​រោងចក្រ​ផលិត​ស្បែកជើង និង​សម្លៀកបំពាក់​ប្រមាណ​ជាង ៥០០ រោងចក្រ​ទូទាំងប្រទេស​។​

​ប្រាក់ឧបត្ថម្ភ ប្រាក់រង្វាន់ និង​ប្រាក់​ការងារ​បន្ថែម​ម៉ោង ដែល​កម្មករ​រោងចក្រ​ទទួលបាន​គឺមាន​កម្រិត​យ៉ាងតិច​បំផុត ចាប់ពី ១៧  ដុល្លារ រហូតដល់​ទៅ ៦០ ដុល្លារ ឬ​ច្រើនជាង​នេះ ។ នេះ​មានន័យថា ជា​មធ្យម កម្មករ​ទទួលបាន​ប្រាក់ចំណូល ប្រមាណ​ជា ២០០ ដុល្លារ​ក្នុង​មួយខែ ។ នៅ​សប្ដាហ៍​នេះ កម្មករ​រោងចក្រ​កាត់ដេរ នឹង​ទទួលបាន​ប្រាក់ខែ​ទី​ពីរ​របស់ខ្លួន​ហើយ ។

​អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំ​ង ម៉ូ​នី​កា បាន​មានប្រសាសន៍ថា​៖ “​ជារួម កម្មករ​កាត់ដេរ​នៅ​កម្ពុជា មិន​ថា​មាន​ជំនាញ ឬ​គ្មាន​ជំនាញ​នោះទេ គឺអាច​ទទួលបាន​ប្រាក់ខែ​យ៉ាងហោចណាស់​ក៏​ចន្លោះ​ពី ១៥៧ ដុល្លារ ដល់​ជាង ២០០ ដុល្លារ​ដែរ​ក្នុង​មួយខែៗ ហើយ​នេះ​ជា​ទឹកប្រាក់​ដែល​គាត់​ទទួលបាន​ជាក់ស្ដែង ។ ប្រសិនបើ​យើង​ក្រឡេកមើល​លើ​ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់ខែ​ដែល​ទទួលបាន​ជាក់ស្ដែង​វិញ ឃើញថា ខុសគ្នា​ច្រើន​” ។​

​ប្រាក់ឧបត្ថម្ភ​ដែល​កំណត់ដោយ​ច្បាប់​រួមមាន ១០ ដុល្លារ​យ៉ាងតិច សម្រាប់​ការងារ​ទៀងទាត់ ៧ ដុល្លារ​យ៉ាងតិច សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើដំណើរ និង​ពី ២ ដល់ ១១ ដុល្លារ​សម្រាប់​អតីតភាព​ការងារ​។  ចំណែកឯ​ប្រាក់រង្វាន់​វិញ​រួមមាន ៥ ដុល្លារ​សម្រាប់​កម្មករ​ដែលមាន​ជំនាញ និង​ប្រាក់ឧបត្ថម្ភ​ថ្លៃ​អាហារ​យ៉ាងតិច ០,៥ ដុល្លារ​សម្រាប់​កម្មករ ដែល​ស្ម័គ្រចិត្ត​ធ្វើការ​ថែម​ម៉ោង ។​

​លោក កាំ​ង ម៉ូ​នី​កា បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដោយសារតែ​ប្រាក់ខែ​ដែល​កម្មករ​ទទួលបាន​ជាក់ស្ដែង ចេះតែ​បន្ត​កើនឡើង ដូច្នេះ ឧស្សាហកម្ម​ចាំបាច់​ត្រូវ​ផ្ដោតលើ​មធ្យោបាយ​នានា​ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ការងារ ។

​លោក កាំ​ង ម៉ូ​នី​កា បាន​មានប្រសាសន៍ថា​៖ “​ខណៈដែល​បញ្ហា​ប្រាក់ខែ​ត្រូវបាន​ដោះស្រាយ​ដោយ​ផ្ដល់​អាទិភាព​លើក​ម្មករ ដូច្នេះ នៅពេលនេះ ឧស្សាហកម្ម​កាត់ដេរ ចាំបាច់​ត្រូវ​រួមគ្នា​ស្វែងរក​វិធីសាស្ត្រ​ធ្វើយ៉ាងណា បង្កើន​ផលិតភាព​ការងារ​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ផលិត​សម្លៀកបំពាក់​ផ្សេងទៀត ដែល​ផ្ដល់់​ប្រាក់ខែ​ទាប​ជាង ប៉ុន្តែ មាន​ផលិតភាព​ខ្ពស់ជាង​កម្ពុជា​” ៕

ជាមួយនឹង​ប្រាក់ឧបត្ថម្ភ និង​ប្រាក់រង្វាន់ កម្មករ​ទទួលបាន​ប្រាក់ខែ​លើសពី ១៤០ ដុល្លារ​

ជាមួយនឹង​ប្រាក់ឧបត្ថម្ភ និង​ប្រាក់រង្វាន់ កម្មករ​ទទួលបាន​ប្រាក់ខែ​លើសពី ១៤០ ដុល្លារ​