ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគ​ផ្ទាល់​ធំ​លំដាប់​ទី​២ របស់​អាស៊ាន ។ នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​មក ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​សហគមន៍​អឺរ៉ុប មាន​ទឹកប្រាក់​ចំនួន​២០១​ប៊ី​លាន​អឺ​រ៉ូ កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​ផ្អែក​តាម​ស្ថិតិ​របស់​សហគមន៍​អឺរ៉ុប ។ នៅ​ឆ្នាំ​២០១៤ លំហូរ​វិនិ​យោគ​ផ្ទាល់​ពី​សហគមន៍​អឺរ៉ុប បាន​កើនឡើង​៣១,៥​ភាគរយ ដែល​មាន​ទឹកប្រាក់​សរុប​២៩,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​២១,៥​ភាគរយ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​សរុប​ទៅ​កាន់​អាស៊ាន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប លើក​ទី​១៤ នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ ដែល​សហ​ដឹកនាំ​ដោយ​លោកស្រី Khemmani Pholsena រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ និង​លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៣ មីនា កន្លង​មក ។

សេចក្តី​ប្រកាស​បាន​លើក​ឡើង​អំពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ដោយ​អាស៊ាន និង​សហគមន៍​អឺរ៉ុប បូក​សរុប​រួម​ដោយ​ឧត្តមមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​អឺរ៉ុប និង​ទិស​ដៅ​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​សហគមន៍​អឺរ៉ុប រួម​មាន​លទ្ធភាព​នៃ​ការ​បន្ត​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​សហគមន៍​អឺរ៉ុប ។

ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​ពិភពលោក​នា​ពេល​ថ្មី​ៗ និង​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​តំបន់​ទាំង​ពីរ​ឱ្យ​កាន់តែ​កើនឡើង​ខ្លាំង​ថែម​ទៀត ព្រមទាំង​បាន​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កម្មវិធី​ការងារ​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន​-​សហគមន៍​អឺរ៉ុប​ឆ្នាំ​២០១៥-២០១៦ ផង​ដែរ ។

នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​នា​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​សហគមន៍​អឺរ៉ុប ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ស្តី​អំពី​អ្វី​គ្រប់យ៉ាង លើកលែង​អាវុធ (EBA) ។ ការ​ផ្តល់​ជូន​នេះ គឺជា​ការ​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​បង្កើត​ការងារ​ធ្វើ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​បាន​យ៉ាងច្រើន ។

លោក​ជំទាវ Cecilia Malmström បាន​លើក​ឡើង​នូវ​បញ្ហា​ដី​សម្បទាន ដែល​ទាក់ទង​នឹង​ការ​ដាំ​ស្ករអំពៅ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ជា​ការ​ឆ្លើយ​តប លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រួចហើយ » ។

ទន្ទឹម​នឹង​នេះ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​ពន្យារពេល​នាំ​ចូល​គ្រឿងបន្លាស់​កង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ចំនួន​៣​ឆ្នាំ​បន្ត​ទៀត​ចាប់ពី​ឆ្នាំ​២០១៦​នេះ​ទៅ ដើម្បី​ធានា​ដល់​និរន្តរភាព​ឧស្សាហកម្ម​នៅ​កម្ពុជា ។ ក្នុង​នោះ​លោក​ជំទាវ​ក៏​បាន​សន្យា​ថា នឹង​ពិនិត្យ​មើល​សំណើ​នេះ និង​ផ្តល់​ចម្លើយ​មក​ភាគី​កម្ពុជា​តាម​ពេល​សម​ស្រប ៕