​មានការ​រិះគន់​ករណី​លក់​ដី​សាលាខណ្ឌ​ដូនពេញ​ធំ​ទូលាយ​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​

ការងារ​ ​អ​តី​មន្ត្រីរាជការ​បម្រើការ​នៅ​ខណ្ឌដូនពេញ​មួយរូប​ដែល​បាន​ចូលនិវត្តន៍​ហើយ​បាន​រិះគន់ថា​ទីតាំង និង​ទំហំ​របស់​សាលាខណ្ឌ​ដូនពេញ​សព្វថ្ងៃនេះ គឺ​ស័ក្តិ​សមជា​សាលាខណ្ឌ​ណាស់ មាន​កន្លែងធ្វើការ​គ្រប់គ្រាន់ សម្រាប់​មន្ត្រី​គ្រប់ផ្នែក ដូច្នេះ​គេ​មិនគួរ​ដោះដូរ ឬ​បង្រួម​ទីតាំង​សាលាខណ្ឌ ដោយសារតែ​លុយ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការលក់​ដោះដូរ​ស្ថាប័នរដ្ឋ​កន្លងមក​មិនដែល​ធ្វើ​ឲ្យ​រដ្ឋ និង​មន្ត្រី​បម្រើ​ការងារ​ចំណេញ​ទេ គឺមាន​តែ​ខាត ហើយ​ផលប្រយោជន៍​មួយ​ភាគ​ធំ​ត្រូវបាន​ធ្លាក់​ទៅលើ​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​គ្នា​ក្រោមលេស​ថា​អភិវឌ្ឍន៍​។

​គួរ​បញ្ជាក់ថា ទីតាំង​សាលាខណ្ឌ​ដូនពេញ​សព្វថ្ងៃនេះ ស្ថិតនៅ​តាមផ្លូវ​លេខ​៩០ កែង​នឹង​ផ្លូវ​លេខ​៦១ ខាងក្រោយ​បណ្ណាល័យ​ជាតិ មាន​ទំហំ​រហូតដល់​ជាង​២​ពាន់​ម៉ែត្រក្រឡា មាន​អគារ​សាលាខណ្ឌ​ជា​សំណង់​បុរាណ និង​មាន​សំណង់​ថ្មី​សម្រាប់​កា​រិ​យ​ល័យ​ច្រកចេញចូល​តែមួយ ព្រមទាំង​មាន​អគារ​គណបក្ស​ប្រជាជន​ខណ្ឌ ដែល​រង​ការរិះគន់​ពី​ប្រជា​ពល​ដ្ឋ​មូលដ្ឋាន​ថា​អគារ និង​ដី​របស់​រដ្ឋ​តែ​បែរជា​យកទៅ​បម្រើ​ផលប្រយោជន៍​គណបក្សនយោបាយ​ទៅវិញ​។​

​ចំពោះ​រឿងអាស្រូវ​នៃ​ការលក់​ដី​សាលាខណ្ឌ​ដូនពេញ​អ​តី​មន្ត្រីរាជការ​បម្រើការ​នៅ​ខណ្ឌដូនពេញ​បាន​រៀបរាប់ថា សាលាខណ្ឌ​ដូនពេញ​ត្រូវបាន​គេ​ស្នើសុំ​សាងសង់​ថ្មី​មាន​កម្ពស់​ច្រើន​ជាន់​ដោយ​ថ្នូរ​នឹង​ការ​កាត់​ដី​អស់​មួយផ្នែកធំ​តាំងពី​ជំនាន់ លោក សុខ សម្បត្តិ នៅ​ជា​អភិបាលខណ្ឌ​នេះ​។ ប្រភព​ដដែល​បាន​រំលឹកថា ជំនាន់​លោក កែប ជុតិមា នៅ​ធ្វើជា​អភិបាល​រាជធានី​គ្មាន​ការអភិវឌ្ឍ​អ្វី​ធំដុំ​ទេ គឺ​មានតែ​រឿងអាស្រូវ​ពុករលួយ​លក់​ដី និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ចែកគ្នា​ពី​សំណាក់​មន្ត្រី​ខិលខូច ពិសេស​ទំនាស់​ដីធ្លី​ដ៏​អយុត្តិធម៌ និង​ស្រួចស្រាវ​នៅ​តំបន់​បឹងកក់​។​

​មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហើប​ថា សាលាខណ្ឌ​ដូនពេញ​ពិត​ជាមាន​គោលការណ៍​ឲ្យ​លក់ និង​បាន​លក់​យូរ​ដែរ​ហើយ តែ​មិនបាន​លក់​ដី​ទាំងអស់​ទេ គឺ​ទុក​មួយផ្នែក​សម្រាប់​សាងសង់​អគារ​ថ្មី​កម្ពស់​ច្រើន​ជាន់ ហើយ​រហូតមក​ដល់ពេលនេះ​នៅតែ​មិនទាន់បាន​រុះរើ ឬ​សាងសង់​អ្វី​នៅឡើយ​ទេ ដោយសារ​ប្លង់​អគារ​ដែល​គេ​ត្រូវ​សាងសង់​មិនទាន់មាន​ការឯកភាព​ពី​មន្ត្រី​ពាក់ព័ន្ធ​។ ប្រភព​ដដែល​បាន​រិះគន់ថា​មន្ត្រី​មានអំណាច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​តែងតែ​លក់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​គ្មាន​សួរ​យោបល់​មន្ត្រីក្រោមឱវាទ និង​ពលរដ្ឋ​នោះទេ ហើយ​ការលក់​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុងករណី​ខ្លះ​គ្មាន​តម្លាភាព​មិនដឹង​យកលុយ​ទៅធ្វើ​អ្វី ខណៈ​ស្ថាប័ន ឬ​អង្គភាព​រដ្ឋ​ខ្លះ គេ​រុញ​ទៅ​ជាយក្រុង ឬ​យក​ផ្ទះល្វែង​មក​ធ្វើជា​កន្លែងធ្វើការ​៕

Pa-Socheatvong-9-1-2016-1-7index sossk-75-03-2016-025-03-2016-01