ពលរដ្ឋ​ក្រុង​សិរីសោភ័ណ អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​ដី​បង្ក​ផលប៉ះពាល់​

ឈ្មួញ​មានអំណាច​ម្នាក់​បានធ្វើ​អាជីវកម្ម​ជីក​អាចម៍ដី​លក់ ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​កង​វ៉ា និង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ក្នុង​សង្កាត់​កំពង់ស្វាយ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក គោ​ស៊ុំ សារឿ​ត កាលពីពេល​ថ្មីៗ​នេះ ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់​ជាបន្ទាន់​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កង​វ៉ា និង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ការដ្ឋាន​រណ្ដៅ​ដី​៣​កន្លែង​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ជាពិសេស​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនចៅ​តូចៗ​ពេល​ទៅ​សាលារៀន​។ ដោយហេតុថា រថយន្ត​ដឹក​ដី​ធំៗ​ជាច្រើន​គ្រឿង​ផ្ទុក​ដី​ពេញ​ហៀរ​បើកបរ​លឿនៗ​ក្នុង​ក្រុង​សិរីសោភ័ណ ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​ម្ចាស់​ក្រុមហ៊ុន​អាង​មាន​លុយ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា រថយន្ត​ដឹក​ដី​ធ្វើ​ឲ្យ​ធ្លាក់​ដី​ពេញ​ផ្លូវជាតិ អ្នកជិះ​ពីក្រោយ​រថយន្ត​ទាំងនោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ លើស​នេះ​ទៅទៀត​នៅ​រដូវប្រាំង​អាកាសធាតុ​ក្ដៅ​ធ្វើ​ឲ្យ​ដី​ហុយ​សំពោង​ប៉ះពាល់​ផ្លូវដង្ហើម​ដល់​ប្រជាពលរដ្ឋ​កើត​ជំងឺ​ផ្លូវដង្ហើម​ជា​បន្តបន្ទាប់​។ ជាងនេះទៅទៀត​រណ្ដៅ​ដី​ខ្លះ​នៅក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​កង​វ៉ា នាពេលខាងមុខ​ចៀស​មិន​ផុត​ឡើយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹង​ទៀតថា រណ្ដៅ​ដី​ធំៗ​៣​កន្លែង​ក្នុងភូមិ​កង​វ៉ា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​គិតគូរ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទាល់តែសោះ​។ សកម្មភាព​រថយន្ត​ដឹក​ដី​ធំៗ​ចេញពី​ភូមិ​កង​វ៉ា និង​ភូមិ​ពង្រ កើតឡើង​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ​ដាក់​ដី​ឡើង​ហៀរ​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​មន្ត្រី​មន្ទីរជំនាញ​ជាពិសេស​មន្ទីរ​សាធារណការ​មិនដែល​ពិនិត្យ​ទៅលើ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ដឹក​ដី​ធំៗ​ទាំង​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​កន្លងមក​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ជីក​អាចម៍ដី​លក់​ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរជំនាញ​ធ្វើ​អ្វីៗ​គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​ឡើយ​៕

12573031_1551568678490831_8026042780619315689_nលោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ 1av3 - Copy 1av3 1av1