ឡៅ ​ចន្ទ្រា ​សង្ឃឹម​៩០​% ​យក​ខ្សែ​ក្រវាត់ Leo Beer ​វគ្គ​២ នៅPNN

ជើងខ្លាំង​ ឡៅ ចន្ទ្រា ​មាន​សង្ឃឹម​ដល់​ទៅ​៩០​ភាគរយ​ឯ​ណោះ​ថា​អាច​យក​ឈ្នះ​កីឡាករ សូត្រ ប៊ុនធី ​បាន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែ​ក្រវាត់​ Leo Beer ​វគ្គ​២ របស់​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​សង្វៀន PNN ​នៅ​ថ្ងៃ​ទី​១៩​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ។

 

ឡៅ ​ចន្ទ្រា ​សង្ឃឹម​៩០​% ​យក​ខ្សែ​ក្រវាត់ Leo Beer ​វគ្គ​២ នៅPNN

 

ចន្ទ្រា ក្នុង​កម្មវិធី​ខាង​លើ​នេះ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​មក​ម្ល៉េះ ខណៈ​ដែល​កាល​ពី​សប្ដាហ៍​មុន​នេះ​រូបគេ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Sam A ​ដោយ​ពិន្ទុ ​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ​កីឡាករ​ខ្មែរ​ដូចគ្នា សូត្រ ប៊ុនធី ដែល​បាន​យក​ឈ្នះ​កីឡាករ​ថៃ។

 

ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​គាំទ្រ​ខ្លួន​ពី​ដើម​មក ឡៅ ចន្ទ្រា ​បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា ​រូបគេ​នឹង​ព្យាយាម​ឱ្យ​អស់​សមត្ថភាព​ដណ្ដើម​យក​ខ្សែ​ក្រវាត់ Leo Beer ​មួយ​នេះ​ឱ្យ​បាន មិន​ឱ្យ​បាក់​មុខ​នោះ​ទេ។ “ខ្ញុំ​​សង្ឃឹម​៩០​%​ថា ​អាច​ឈ្នះ ប៊ុនធី ​បាន។ ខ្ញុំ​ធ្លាប់​ប៉ះ​ជាមួយ​គេ​៣​ដង​មក​ហើយ ដោយ​ខ្ញុំ​​​ឈ្នះ​​​ទាំង​៣​ដង។ យើង​ខាន​ប៉ះ​គ្នា​យូរ​ដែរ​ហើយ ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​អី​ពី​គាត់​បាន​ច្រើន​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា ​គាត់​ខ្ពស់ ​ហើយ​ទាត់​ល្អ”។ សម្ដី ​របស់​ប្អូន​ប្រុស​កីឡាករ​ ឡៅ ស៊ីណាត ។

 

នៅ​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០១៦​នេះ ឡៅ ចន្ទ្រា និង សូត្រ ប៊ុនធី ត្រូវ​ឡើង​ប្រកួត​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី ដណ្ដើម​យក​ខ្សែ​ក្រវាត់ និង​ទឹកប្រាក់​សរុប ៥០០០ ដុល្លារ ខណៈ​អ្នក​ចាញ់ បាន ៣០០០ ដុល្លារ ​រី​ឯ ហាធ្លាម​ និង Sam A ត្រូវ​ប្រកួត​ដណ្ដើម​យក​លេខ ៣ និង​លេខ ៤ ដោយ​មាន​ទឹកប្រាក់ ២០០០ ដុល្លារ និង ១០០០ ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ