ជក់បារីនៅ ទីតាមសាធារណៈ គឺមិនគោរព សិទ្ធិអ្នកនៅដទៃ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈណ្ឌលជាតិ លើកកំពស់សុខភាព បានថ្លែងថា  ការជក់បារីនៅតាម ទីសាធារណៈ និងទីប្រជុំជន គឺជាការមិនគោរព សិទ្ធិអ្នកដទៃ ជាអំពើមិនសមរ្យ និងគ្មានសុជីវធម៌ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកនៅជុំវិញខ្លួន។

លោកស្រីបណ្ឌិត ឈា ឆដាភា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ ធដើម្បីបង្កើនការយល់ដឹង អំពីគោលនយោបាយ ហាមឃាត់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ការលើកកម្ពស់ និងការឧបត្ថម្ភផលិតផលថ្នាក់ជក់ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ថា បារីជាអាហារផ្សែង ដែលបានបង្កផលវិបាក ជាខ្លាំងដល់មនុស្សនៅក្បែរខ្លួន។

លោកបន្តថា  “យើងត្រូវការអប់រំប្រជាពលរដ្ឋ មិនឲ្យជក់បារីនៅទីសាធារណៈ ឲ្យយល់ដឹងទាំងអស់ ហើយឲ្យដូរឥរិយាបថ ពីការជក់បារីជារឿងធម្មតា ជក់បារីជាអាហារផ្សែង។ យើងឃើញថា ការជក់បារីនៅជិតមនុស្សម្នាក់ទៀត គឺជាអំពើមិនសមរ្យ និងមិនគោរពអ្នកដទៃ និងមិនមានសុជីវធម៌ នឹងមានតែធ្វើការបែបហ្នឹងទេ បានផ្លាស់ប្ដូរសង្គមយើងទាំងមូលបាន”។

លោក មុំ គង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា “ផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំជក់តាមប្រព័ន្ធផ្សផ្សាយជារូបជា ឬជាអក្សរ ឬជាសំឡេងតាម រយៈវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ស៊ីឌី វីស៊ីឌី ឌីវីឌី សេវាប្រៃសណីយ៍ សេវាទូរគមនាគមន៍ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតត្រូវហាមឃាត់”។

នៅក្នុងសេចក្តីព្រាង អនុក្រឹត្យការហាមឃាត់ជក់បារី នឹងធ្វើការផាកពិន័យកម្រិត ស្រាលដល់ បុគ្គលជក់បារីនៅកន្លែងហាមឃាត់  ២០.០០០រៀល (ពីរម៉ឺនរៀល) ដោយឡែក ចំពោះម្ចាស់កន្លែង ដែលមិនព្រមបិទសញ្ញាហាមជក់បារី ឬនៅតែបន្ត ដាក់បង្ហាញចានគោះបារី នឹងពិន័យ ៥០.០០០រៀល(ប្រាំម៉ឺនរៀល) ។
សេចក្តីព្រាងនេះ ក៏បានឆ្លងផុតពីគណៈរដ្ឋមន្រ្តីកាល ពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦៕

ជក់បារីនៅ ទីតាមសាធារណៈ គឺមិនគោរព សិទ្ធិអ្នកនៅដទៃ