សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៥)

...អាកាស ដើម្បីស្វែងរក អ្នករួចផុតពី សេចក្ដីស្លាប់ បានរលត់សូនឈឹង។ ប្រតិបត្តិការជួយសង្គ្រោះ អ្នកភៀសខ្លួនតាម ទូករាប់រយគ្រឿង ដែលបើក រត់ចេញ យ៉ាងអស់ល្បឿន ពីប្រទេសវៀតណាមនោះ បានត្រូវនាំមុខ ធ្វើដោយកងនាវាចរទី៧ របស់អាមេរិចកាំង។ ការរំជើបរំជួលមិនសមហេតុផល ទាំងនោះ បានរើបឡើងវិញ។ យ៉ាងហោច ក៏គេវាយតម្លែពីរឿងនេះដែរ។

ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ ពន្លឺស្រស់បំព្រង នៃព្រះអាទិត្យ នៅឯជើងមេឃ បានចោលរស្មីចិញ្ចាច មកលើផ្ទៃសមុទ្រពណ៌ខៀវ ជុំវិញកោះតាងក្នុង ឈូងសមុទ្រថៃ នៅពេលសំឡេងមួយ ដែលជាលក្ខណៈពិសេស នៃសង្គ្រាមបានលាន់ឮឡើងជាថ្មី។ នៅទិសខាងលិច ឧទ្ធម្ភាកចក្រ ១១គ្រឿង បានលិចឡើងស្ទុងៗ នៅឯនាយជើងមេឃ។ ឧទ្ធម្ភាកចក្រប្រភេទ Jolly Green Giants និង Knife នៃកងអាកាសចរអាមេរិចកាំង បានតម្រង់ក្បាលឆ្ពោះមករកកោះរបស់កម្ពុជា។

កម្មវត្ថុរបស់គេ គឺស្វែងរកកប៉ាល់ដឹកកុងតឺន័រ ចំណាស់មួយគ្រឿង របស់អាមេរិចឈ្មោះ ម៉ៃយ៉ាហ្គេ ដែលត្រូវរុញច្រានដោយទឹករលក ហើយទម្លាក់យុថ្កាឈប់ នៅត្រង់សមុទ្រក្បែកោះតាង។ កាលពីថ្ងៃទី១២ ខែឧសភា នាវាតូចមួយរបស់កម្ពុជា ដែលផ្ទុកទៅដោយុទ្ធជនក្មេងៗ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បានវាយដណ្ដើមយកនាវានោះ ដោយកម្លាំងក្នុងលំហសមុទ្រត្រង់តំបន់កោះពូលូវ៉ៃ ដែលនៅឆ្ងាយមកភាគខាងត្បូងទៀត។

ដោយឆ្លើយតបនឹង ការបញ្ជូនសញ្ញាប្រាប់ពីគ្រោះអាសន្ន របស់នាវាលោកប្រធានាធិបតី ហ្សេរ៉ាល់ ហ្វ័រដ៍ បានចេញបញ្ជា ឲ្យកងឯកភាពឧទ្ធម្ភាកចក្រមួយ នៃអាកាសចរសហរដ្ឋអាមេរិក ដែលសំចតប្រចាំការនៅមូលដ្ឋាន អ៊ូតាប៉ាវ ប្រទេសថៃ និងម៉ារីន នៃកងនាវាចរទី៧ ប្រចាំសមុទ្រប៉ាស៊ីហ្វិក ចេញជួយសង្គ្រោះនាវា ម៉ៃយ៉ាហ្គេ និងក្រុមនាវិក ចំនួន ៣៩នាក់។ ក្នុងពន្លឺមិនទាន់ច្បាស់ នៃពេលព្រឹកព្រហាម នៅពេលដែលទាហានម៉ារីន ប្រឹងប្រែងវាយលុកដណ្ដើមយកកោះនេះ ពួកគេពុំបានដឹងថា ក្រុមនាវិកទាំងនោះ ត្រូវបានក្រុមខ្មែក្រហម ផ្ទេរមកកាន់ដីគោក នៅឯកំពុងផែកំពង់សោមរួចមកហើយទេ។

ម្យ៉ាងទៀត អ្នកយុទ្ធសាស្ត្រអាមេរិកកាំង ក៏វាយតម្លៃខុសយ៉ាងខ្លាំង ពីកិច្ចការពារមោះមុត របស់កងទ័ពខ្មែរក្រហមដែលមានកំណើត ជាកសិករ មានអាវុធមិនគ្រប់គ្រាន់ តែអាចទប់ទល់នឹងកងកុម្ម៉ង់ដូរ ជួយសង្គ្រោះរបស់អាមេរិក យ៉ាងមានប្រសិទ្ធភាពបំផុត។ កប៉ាល់ទី១ ប្រភេទ Knife បានបញ្ចុះទាហានមារីន របស់ខ្លួនឡើងគោក សឹងតែមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែនៅជួរដើមឈើ ដែលគ្របដណ្ដប់មកលើឆ្នេរខ្សាច់ ស្នូរផ្ទុះនៃកាំភ្លើងយន្ត និងកាំភ្លើងវែង បានលាន់ឮឡើងដូចលាជផ្ទុះ។

តាមការអះអាង របស់អ្នកដែលរួចផុតពីគ្រោះថ្នាក់ ជាអ្នកបើកឧទ្ធម្ភាកចក្រ ដែលស្ថិតនៅក្រោមការប៉ះទង្គិច ខាងផ្លូវចិត្តនៅឡើយ បាននិយាយថា នោះជា “កម្រងផ្កាសាប៉ាំងមួយ សម្រាប់ណូអែល”។ មិនបានមួយម៉ោងផង នាវាពីរគ្រឿង ត្រូវបានខ្មែរក្រហមកម្ទេចនៅលើឆ្នេរខ្សាច់។ នៅលើកោះគ្មានអ្នកណាជួយសង្គ្រោះ អ្នកណាឡើយ លើកលែងតែទាហានម៉ារីននោះផ្ទាល់ ដែលមិនអាចធ្វើអ្វីកើតសោះ ក្រោមភ្លៀងគ្រាប់កាំភ្លើងរបស់កម្ពុជា។

រយៈពេល១៤ម៉ោង បន្ទាប់ពីនោះ យន្តហោះជាច្រើនគ្រឿង របស់អាមេរិកដែលសំចត នៅឆនឆ្នេរសមុទ្រ និងនាវាចម្បាំងធំៗ របស់កងនាវាចរទី៧ បានបាញ់ស្រោច ទៅលើតំបន់នោះ ឆេះហុយទ្រលោម។ ត្រូវធ្វើឲ្យភ័ន្ធភាំងស្មារតី ដោយការបង្ហាញកម្លាំងនោះ ខ្មែរក្រហមបានព្រមដោះលែងក្រុមនាវិកកប៉ាល់ យ៉ាងឆាប់រហ័ស។ ប៉ុន្តែទាហានម៉ារីនដែលជាប់អន្ទាក់ នៅលើកោះតាងនោះ ពុំទាន់ដោះខ្លួនរួចនៅឡើយទេ។

ប្រធានាធិបតី ហ្សេរ៉ាល់ ហ្វ័រដ៍ បានលើករឿងនេះ មកធ្វើជាសំអាងដើម្បី បញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់ខ្លួនដែលបណ្ដាលឲ្យ ឋបនភ័ណ្ឌទាំងឡាយរបស់កម្ពុជា នៅតាមឆ្នេរសមុទ្រ ខ្ទេចខ្ទីអស់យ៉ាងច្រើននោះ ពិតជាត្រឹមត្រូវមែន។ លទ្ធផលនៃការប្រយុទ្ធ នៅថ្ងៃនោះ គឺអាមេរិកកាំងប្រាំនាក់ និងខ្មែររាប់មិនអស់ត្រូវបានស្លាប់ រោងចក្រចម្រាញ់ប្រេងកាតតែមួយគត់ និងយន្តហោះចម្បាំងមួយកងតូចរបស់កម្ពុជា ត្រូវបានបំផ្លាញខ្ទេចខ្ទី។

សម្រាប់ ហ្វ័រដ៍ រឿងនាវា ម៉ៃយ៉ាហ្គេ គឺជាឱកាសលើកម្ពស់ផ្លូវចិត្ត ដែលកំពុងទ្រេតទ្រោតបន្តិច នៅអាមេរិក ឲ្យងើបត្រង់ឡើងវិញ បន្ទាប់ពីការដកថយទាំងអាម៉ាស់ ពីទីក្រុងភ្នំពេញ និងក្រុងព្រៃនគរ។ នេះជា “កម្ទេចភ្លើងដែលបញ្ឆេះ     អោយមានជំនឿទុកចិត្តឡើងវិញ”។ សហរដ្ឋអាមេរិកទើប និងឆ្លងកាត់រយៈពេលដ៏ខ្មៅងងឹត មួយនៃសម័យកាល របស់  ខ្លួន។ ដូច្នេះ “ព្រឹត្តិការណ៍នេះ អាចបើកឱកាស ឲ្យខ្លួនត្រឡប់ទំព័រ និងកំណត់ទិសដៅថ្មីៗទៀត”។

អំណឹះតទៅ សហរដ្ឋអាមេរិក នឹងចំណាយពេលពេលវេលាទាំងអស់ របស់ខ្លួន ដើម្បីរុំមុខរបួសកន្លងមក។ អាមេរិ កាំង បានបោះបង់ឥណ្ឌូចិន ឲ្យវិលទៅរកភាព មិនប្រាកដប្រជាជាថ្មីម្ដងទៀត។ សាច់រឿងនាវា ម៉ៃយ៉ាហ្គេ បានរលាយបាត់ពីទំព័រទីមួយ នៃកាសែតនានា យ៉ាងឆាប់រហ័ស។ តាមពិត អ្នកសរសេអត្ថបទ អត្ថាធិប្បាយ របស់កាសែត បានធ្វើការកត់សម្គាល់ខ្លះៗថា នេះគ្រាន់តែជា ព្រឹត្តិការណ៍បន្ទាប់បន្សំប៉ុណ្ណោះ នៅក្នុងជម្លោះមួយ ដែលគេនិយាយថា រឹតតែធ្ងន់ធ្ងរជាមុនទៀត គឺបដិបក្ខភាពដណ្ដើមទឹកដីគ្នា រវាងប្រទេសជិតខាងពីរ ដែលបញ្ឈប់យូរមកហើយ។

ការប្រយុទ្ធចុងក្រោយ ដើម្បីស្ដារកិត្តិយស របស់សហរដ្ឋអាមេរិក នៅឥណ្ឌូចិន បានជួយឲ្យមានការបិទបាំង សញ្ញាឲ្យដឹងដំបូងៗនៃសង្គ្រាមថ្មីមួយ លើកនេះជាសង្គ្រាមសម្លាប់តែបងប្អូនឯង ដែលកំពុងចាប់ផ្ដើម រវាងអតីតសមមិត្តទាំងឡាយ ដែលកាលពីពេលថ្មីៗនេះ បានពួតដៃគ្នាប្រយុទ្ធ ទល់នឹងសត្រូវរួម គឺអាមេរិកកាំង។

ដ្បិតអីការចាប់នាវា ម៉ៃយ៉ាហ្គេ បានកើតមានឡើង ក្នុងជំហាននៃការវាយប្រហារ របស់ខ្មែរក្រហម ទៅលើកោះទាំងឡាយ នៅក្នុងឈូងសមុទ្រ ដែលកាន់កាប់ដោយ វៀតណាមដែរ។ ទាហានខ្មែរក្រហមក្មេងៗ ដែលពុះពោរទៅដោយកំហឹង បានវាយប្រហារនាវា ម៉ៃយ៉ាហ្គេ ជាមួយកាំភ្លើងអាការ៤៧ របស់ខ្លួនប៉ុណ្ណោះ។ តាមពិត គឺខ្មែរក្រហមចង់បង្ហាញ  ឲ្យឃើញពីអធិបតេយ្យភាព ទាំងស្រុងរបស់ខ្លួនជាថ្មី លើព្រំដែនសមុទ្ររបស់កម្ពុជាប៉ុណ្ណោះ។...(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៥)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី៥)