បញ្ហា​អភិវឌ្ឍ​ផ្លូវដែក​៖ ក្រសួង​សន្យា​ជា​លើក​ទី​៤ ថា​បើក​វេទិកាសាធារណៈ​

​តំណាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវដែក ក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​មក​តវ៉ា​ជា​លើក​ទី​៤ នៅមុខ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​៧ មីនា​នេះ ។ ការតវ៉ា​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង បើក​វេទិកាសាធារណៈ​ជូន​ពួកគេ ជុំវិញ​គម្រោង​អភិវឌ្ឍ​ផ្លូវដែក​។ ក្រសួង បា​នស​ន្យ​ជាថ្មី​ថា នឹង​បើក​វេទិកាសាធារណៈ ជូន​ប្រជាពលរដ្ឋ ក្នុង​រយៈពេល កន្លះ​ខែ​ទៀត​។

​នេះ​លើក​ទី​៤​ហើយ ដែល​តំណាង​ប្រជាពលរដ្ឋ​ទាំង​៨​សហគមន៍ នៅក្នុង​តំបន់​ផ្លូវដែក​រថភ្លើង បាន​បន្ត​ទាមទារ​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បើក​វេទិកាសាធារណៈ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​សួរដេញដោល​អំពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ចាប់ពី​ផ្លូវ​ចំណត​រថភ្លើង​ចាស់ ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ដែល​មក​តវ៉ា តំណាង​សហគមន៍​ទាំង​៨ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចរចា​ជាមួយ​តំណាង​ក្រសួង ពី​បញ្ហា​នេះ​។

​បន្ទាប់ពី​បញ្ជ​ប់​កិច្ចចរចា​នេះ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ លោក លីម ស៊ី​ដេ​នី​ន ដែលជា​អ្នកទទួលបន្ទុក​លើ​គម្រោង​នេះ បាន​ចេញមក​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ថា រយៈពេល​១៥​ថ្ងៃ​ទៀត​យ៉ាងយូរ ក្រសួង​នឹង​បើក​វេទិកាសាធារណៈ ជូន​ប្រជាពលរដ្ឋ​។ លោក សង្ឃឹមថា ក្នុង​រយៈពេល​កន្លះ​ខែ​នេះ ក្រសួង​នឹង​អាច​ជ្រើសរើស​បាន​ក្រុមហ៊ុន​១ ជា​ផ្លូវការ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣ ដែល​កំពុងតែ​ដេញថ្លៃ​គ្នា ដើម្បី​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​សាងសង់​ផ្លូវដែក​នេះ​។​
បញ្ហា​អភិវឌ្ឍ​ផ្លូវដែក​៖ ក្រសួង​សន្យា​ជា​លើក​ទី​៤ ថា​បើក​វេទិកាសាធារណៈ​

​រដ្ឋលេខាធិការ​រូបនេះ​បានបញ្ជាក់​បែបនេះ​«​ឥឡូវ​យើង​មិនទាន់​រើស​បាន​ក្រុមហ៊ុន​ណាមួយ ដើម្បី​វិនិយោគ​លើ​គម្រោង​នេះ​ទេ​។ យើង​កំពុងតែ​ជ្រើសរើស​។ ដោយសារ​តែមាន​សំណូមពរ​ពី​បងប្អូន​ដែល​ចង់​ធ្វើ​វេទិកាសាធារណៈ​ឲ្យ​បាន​ឆាប់ អ៊ីចឹង​កន្លះ​ខែ​ទៀត យើងខ្ញុំ​នឹង​ជូន​ព័ត៌មាន​ថា​រើស​ក្រុមហ៊ុន​បាន​ឬ​មិនបាន ដោយ​ភ្ជាប់​លិខិតអញ្ជើញ​និង​ប្រាប់​ពេលវេលា ដែល​បងប្អូន​សុំ​ធ្វើ​វេទិកាសាធារណៈ​លើក​ទី​១​នោះ នៅពេលណា​»​។​

​ប្រជាពលរដ្ឋ ក៏​ចាប់ផ្តើម​ស្ងប់ស្ងាត់ និង​ស្រុះស្រួល​គ្នា​ទៅ​លំនៅដ្ឋាន​វិញ ក្រោយពី​ឮ​តំណាង​ក្រសួង​ប្រកាស​ឲ្យ​រងចាំ រយៈពេល​១៥​ថ្ងៃ​ទៀត ក្នុង​ការបើក​វេទិកាសាធារណៈ​។
បញ្ហា​អភិវឌ្ឍ​ផ្លូវដែក​៖ ក្រសួង​សន្យា​ជា​លើក​ទី​៤ ថា​បើក​វេទិកាសាធារណៈ​

​យ៉ាងណា​ក៏ដោយចុះ តំណាង​ប្រជាពលរដ្ឋ លោកស្រី មាស ស្រីមុំ ហាក់ដូចជា​គ្មាន​ជំនឿ​លើ​ក្រសួង​សោះឡើយ ព្រោះ​ពួកគេ​បាន​ខក​ចិត្តនឹង​ការសន្យា​របស់​ស្ថា​ប័​នេះ ចំនួន​៣​លើក​មកហើយ​។ លោកស្រី អះអាងថា  ប្រសិនបើ​កន្លះ​ខែ​ទៀត ក្រសួង​នៅតែ​មិន​បើក​វេទិកាសាធារណៈ​ទេ ពួកគេ​នឹង​បន្ត​ការតវ៉ា​សាជាថ្មី​។ «​បើ​ក្រសួង​មិន​ធ្វើតាម​ពាក្យសន្យា​ទេ ពួក​ខ្ញុំ​នឹង​មក​តវ៉ា​ម្តងទៀត​។ យើង​នឹង​តវ៉ា រហូត​ក្រសួង​មាន​ដំណោះស្រាយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ស្រី មាស ស្រីមុំ​។​

​តំណាង​សហគមន៍​មួយចំនួន បានលើកឡើង​ដូចៗ​គ្នា​ថា ការជំរុញ​ក្រសួង​ជារឿយៗ​បែបនេះ ដោយ​ពួក​មាន​ហេតុផល​ធំៗ​ពីរ គឺ​ទី​១ ភាពភ័យខ្លាច ពី​សំណាក់​រដ្ឋាភិបាល​ឬ​ក្រុមហ៊ុន ដែល​អាច​នឹង​មក​ឈូសឆាយ ផ្ទះសម្បែង​របស់​ពួ​គេ​ភ្លាមៗ ដោយ​គ្មាន​ការពិភាក្សា​ជាមុន ដូច​អ្វីដែល​ធ្លាប់​កើតមាន​ចំពោះ​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​កន្លងមក​។ ទី​២ ប្រជាពលរដ្ឋ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​សាងសង់​ផ្ទះ​ថ្មី​ឬ​ជួស​ជួល​ផ្ទះ​ដែល​បែកបាក់ ដោយ​ពួ​គេ​ព្រួយបារម្ភ​ថា ពេលធ្វើ​ផ្ទះ​ថ្មី​ឬ​ជួសជុល​រួចរាល់ ក្រុម​ក៏​មក​អភិវឌ្ឍ​។

​កន្លងមក​ប្រជាពលរដ្ឋ​ទាំង​៨​សហគមន៍ រស់នៅក្នុង​តំបន់​ផ្លូវដែក​រថភ្លើង មាន​ក្តីកង្វល់​ជា​ពន់ពេក​ចំពោះ គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ ដែល​អាច​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ពួកគេ នៅក្នុង​ខណ្ឌ​ចំនួន​បី​គឺ ខណ្ឌ​ឫស្សកែវ ខណ្ឌដូនពេញ និង​ខណ្ឌទួលគោក​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​