ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រភព​ព័ត៌មាន​សន្តិសុខ​ខេត្ត​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៥១​នាក់​ស្លាប់ ហើយ​៧០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៦ មីនា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួ​យ​ប្រឆាំង​នឹង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​មួយ​កន្លែង​ក្នុង​ទីក្រុង​ហ៊ី​ល​ឡា​ទីប្រជុំជន​ខេត្ត​បា​ប៊ី​ល​ភាគ​កណ្តាល​អីុរ៉ា​ក់  ។

ប្រភព​ព័ត៌មាន​នោះ​បន្ត​ថា ការ​វាយប្រហារ​នោះ​កើតឡើង​មាន​នា​វេលា​ថ្ងៃត្រង់ ពេល​ជន​អត្តឃាត​ម្នាក់​ដែល​បើករថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​បំ​បុក​ប៉ុស្តិ៍​ត្រួតពិនិត្យ​អា​ល់អាត​ហារ ត្រង់​ច្រកចូល​ខាងជើង​នៃ​ទីក្រុង​ហ៊ីល​ឡា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០០​គ​.​ម​ខាងត្បូង​ក្រុង​បា​ដា​ដ ។ ការ​ផ្ទុះ​បាន​កម្ទេច​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ ហើយ​រថយន្ត​ជា​ច្រើន​សិប​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ខណៈ​រថយន្ត​ស៊ី​វិល​ជា​ច្រើន​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ ។

ប្រទេស​អីុ​រ៉ា​ក់​បច្ចុប្បន្ន​ប្រឈម​មុខ​នឹង​រលក​នៃ​អំពើ​ហិង្សា​ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​ត្រួតត្រា​ផ្នែក​មួយ​យ៉ាង​ធំ​នា​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ប្រទេស​ពី​ខែមិថុនា ឆ្នាំ​២០១៤​មក ៕