​ម៉ារ៉ាតុង​នៅ​ខេត្ត​ព្រះសីហនុ កាន់​តែ​ជោគ​ជ័យ ខណៈ​កីឡាករ​ម្ចាស់​ផ្ទះ​ក្លាយ​ជា​ជើង​ឯក​

ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី៥ នៅ​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​បាន​មន្រ្តី​គ្រប់​គ្រង​ការ​ប្រកួត និង​អាជ្ញាធរ​ដែន​ដី បាន​លើក​ឡើង​ថា ទទួល​បាន​ជោគ​ជ័យ ជា​ងការ​ប្រកួត​ឆ្នាំ​មុនៗ ខណៈ​កីឡាករ​របស់​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុងការ​ប្រកួត ដែល​មាន​អត្ត​ពលិក​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មក​ចូល​រួមសរុប​ចំនួន​១៣០០​នាក់​​លើក​នេះ។

marathon-01លោក យន្ត មីន អភិ​បាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​ថា៖​«​សម្រាប់​ការ​ប្រកួត​លើក​ទី​៥​នេះ គឺ​យើង​ទទួល​បានលទ្ធ​ផលល្អ​ប្រសើរ​ជាង​ការ​ប្រកួត​​ឆ្នាំ​មុនៗ និង​បាន​ផ្តល់​ផល​ប្រយោជន៍ជា​ច្រើន​ទៀត​ដល់​ខេត្ត​របស់​យើង ពិសេស​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ កាន់​តែ​ច្រើន ហេតុ​នេះ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រសួង​ទេសចរណ៍ ពិសេស NOCC ដែល​បាន​ជួយសម្រួលឲ្យ​មាន​ការ​ប្រកួត​នេះ ខណៈ​ការ​ប្រកួត​នេះ​មាន​ទាំង​អត្ត​ពលិក​ខ្មែរ និង​បរទេស ដែល​នេះ​ជាមោទន​ភាព​ខ្លាំង​បំផុត​ចំពោះ​ខេត្ត​របស់​យើង»។

បន្ថែម​លើ​នេះ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​ជា​អ្នក​គ្រង​គ្រង​ការ​ប្រកួត​នេះ បាន​ថ្លែង​ថា៖​«ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ដែន​ដី ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត បាន​ធ្វើ​ឲ្យការប្រកួត​នៅ​ឆ្នាំ​នេះ ទទួល​បាន​ជោគ​ជ័យ​ជាង​ឆ្នាំមុនៗ ព្រោះពួក​បរទេស ដែល​បាន​ចូល​រួម​ការ​ប្រកួត​នេះ បាន​ Comment មក​បណ្តើរៗ​ហើយ​ថា ការ​ប្រកួត​លើក​នេះ​រៀបចំ​បាន​ល្អ​ប្រសើរ​ជាង​មុន ពិសេស​ពួក​គេ​បាន​ឃើញ​តំបន់​ឆ្នេរ​ច្រើន​ជាង​មុន ដោយ​សារ​តែ​កន្លែង​បិទ​បាំង​​តំបន់​ឆ្នេរ​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ចោល​នោះ»។

marathon-03លោក វ៉ាត់ ចំរើន បាន​បន្តថា៖​«ការ​ប្រកួត​លើក​នេះ​​មាន​បរទេស​ចូល​រួម​​ប្រហែល​១១០​ទេ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ជប៉ុន និង​ថៃ ហើយ​ក្រៅ​ពី​នោះ​មាន​ម្នាក់​២​នាក់​មក​ពី​២០​ប្រទេស ព្រោះ​​​យើង​​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​អត្ត​ពលិក​អន្តរជាតិ ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ពី​​ព្រឹត្តិការណ៍​​នេះ​ បាន​ទូលំ​ទូឡាយ ដោយ​យើង​បាន​ប្រាប់​គេ​ថា នៅ​ទី​នេះ​មាន​ផ្លូវ​ និង​បរិយាកាស​ល្អ ប៉ុន្តែ​យើង​នៅ​តែ​រង​ចាំ​ឲ្យ​មាន​ផ្លូវ​ហោះ​ហើរ​ត្រង់​ពី​ប្រទេស​ផ្សេងៗ មក​ខេត្ត​ព្រះសីហនុ នេះ ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែ​ធំ និង​មាន​បរទេស​ចូល​រួម​កាន់​តែ​ច្រើន»។ ​

​តាម​រយៈ​ការ​ប្រកួត​មួយ​ព្រឹក​ពេញ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ កីឡាករ​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ ម៉ា វីរ៉ូ របស់​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្នុង​ការ​​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​២១​គីឡូម៉ែត្រ ជាមួយ​​ថិរវេលា១:១៧:៤៤ម៉ោង ឯ​​លេខ​លេខ​២​​បាន​ទៅ​កីឡាករ​អាមេរិក​Brendon Thomas ក្នុងថិរវេលា ១:១៨:៥៧ ម៉ោង និងលេខ៣​ ​កីឡាករអាមេរិក Josiah Kangas ដោយ​ប្រើ​ពេល ១:៣៦:៤៧ម៉ោង។​ ចំណែក​ផ្នែកនារី កីឡាការិនី​បារំាង Veronique Meesina ទទួល​បាន​លេខ​១ ជាមួយថិរវេលា ១:៣៨:៤៨​ម៉ោង ​​លេខ​២ កីឡាការិនី​អាមេរិក​Hillary Snyder ​ប្រើ​ពេល ១:៤៧:៣៤ម៉ោង និងលេខ៣ បានទៅកីឡាការិនីអាមេរិក  Sara Bawder ​ដោយ​ចំណាយ​ពេល ១:៤៧:៣៨ម៉ោង។​

marathon-06ដោយ​ឡែក ​វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រផ្នែក​បុរស លេខ១បានទៅកីឡាករថៃ sanchai namkhet ក្នុង​ថិរវេលា ៣៥:៨.៨២នាទី លេខ២ កីឡាករកម្ពុជា គៀង សាម៉ន ​ប្រើ​ពេល ៤១:០១.៩២នាទី ហើយលេខ៣ បានទៅកីឡាករកម្ពុជា អូន វាសនា ​ប្រើ​ពេល ៤៥: ០៦.៦៩នាទី រីឯ​ផ្នែកនារី កីឡាការិនីថៃ Thamrong Nawat ​បាន​ប្រើ​ពេល ៤១:០៥.៥៣ នាទី លេខ២ បាន​លើ​កីឡាការិនីកម្ពុជា ហេង ម៉ីជូ ប្រើ​ពេល ៤៩:៥៤.០៣នាទី ឯលេខ៣ បានទៅកីឡាការិនីកម្ពុជា តេង សុភី ដោយ​ចំណាយ​ពេល​រត់ ៥៦:៣១.២២នាទី។​ចំណែកវិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រ មិន​មាន​លទ្ធផល​ទេ ព្រោះ​នេះ​គ្រាន់​តែ​ជា​រត់កម្សាន្ដលក្ខណៈគ្រួសារ ដើម្បីសុខភាពប៉ុណ្ណោះ៕

marathon-05

marathon-04

marathon-02