​លោក សម រង្ស៊ី លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​ចេះ​តស៊ូ​ក្នុង​រឿង​នយោបាយ និង​សង្គម​

​ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ដែលមាន​ភាពក្លាហាន​តស៊ូ​ក្នុង​រឿង​នយោបាយ និង​សង្គម​ដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​សង្គម​កម្ពុជា​។ លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​ចេះ​តស៊ូ​ក្នុង​រឿង​នយោបាយ និង​សង្គម ពី​សំណាក់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គឺ​បាន​ធ្វើឡើង​ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​ង្គ្រោះ​ជាតិ​ដែល​បាននិងកំពុង​ធ្វើ​វិមជ្ឈការ​ផ្ទេរអំណាច និង​សិទ្ធិ​ដល់​ស្ត្រី និង​យុវជន​អាច​ចូលរួម​ធ្វើ​សកម្មភាព​ដោយ​ស្មើភាព និង​តម្លាភាព​។​

​ក្នុងឱកាស​កិច្ចប្រជុំ​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ពាក្យសម្តី​សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ មួយរូប គឺ​យុវនារី​ឈ្មោះ ដួង ច័ន្ទ ដែល​បាន​ពោលថា ត្រី​ដែល​ងាប់ តែងតែ​អណ្តែត​ទៅតាម​ខ្សែទឹក ប៉ុន្តែ​មានតែ​ត្រី​រស់​ទេ ដែល​អាច​ហែល​បញ្ច្រាស​ទឹកបាន​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ពាក្យ​នេះ មានន័យ​ទូលំទូលាយ​ណាស់ ពីព្រោះ​ជាការ​ប្រដូច​មនុស្ស​គ្មាន​វិញ្ញាណ ទៅនឹង​មនុស្ស​មាន​វិញ្ញាណ​។ មនុស្ស​គ្មាន​វិញ្ញាណ មិន​ហ៊ាន​តវ៉ា មិន​ហ៊ាន​ប្រឆាំង​អំពើអាក្រក់ ហើយ​ចេះតែ​បណ្តោយ​ឲ្យ​មនុស្ស​អាក្រក់ ធ្វើ​អ្វី​តាមចិត្ត​ក្នុងសង្គម តែ​ចំពោះ​មនុស្ស​មាន​វិញ្ញាណ​វិញ គឺ​ហ៊ាន​ប្រឆាំង​រាល់​អំពើអាក្រក់ ហើយ​ចេះ​តស៊ូ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុងសង្គម​។​

គួរ​បញ្ជាក់ថា ស្ត្រី​មាន​ចំនួន ៥២ ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ប៉ុន្តែ​មាន​ស្ត្រី​តិចតួច​ណាស់​ដែលមាន​សិទ្ធិ​ធ្វើការ​សម្រេចចិត្ត​ធំដុំ​នៅក្នុង​កន្លែងធ្វើការ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានបង្ហាញ​គោលជំហរ​ជា​បន្តបន្ទាប់​ថា ចង់ឃើញ​មានការ​ផ្លាស់ប្តូរ ហើយ ចង់ឃើញ​ស្ត្រី​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នៅ​គ្រប់​ស្ថាប័ន​ចង់ឃើញ​មាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅ​កន្លែងធ្វើការ ខណៈ​សព្វថ្ងៃ​មាន​ស្ត្រី​កាន់តែច្រើន​ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា​រឿង​ដីធ្លី បញ្ហានយោបាយ និង​ការតវ៉ា​ផ្សេង​ដែល​ជះឥទ្ធិពល​មិនល្អ​មកលើ​ស្ត្រី និង​សង្គម​ទាំងមូល​៕

911fa074-0511-4c35-b1b8-72fd833708a0 12801514_1056101197779946_3537036397365081656_n