គ្រួសារ​កុមារី​រងគ្រោះ​ដោយ​អភិបាល​រង​ក្រុង​បាត់ដំបង​គប់​កំណាត់​ឈើ​ចំ​ផ្ទៃ​មុខ​រង់ចាំ​យុត្តិធម៌

គ្រួសារ​កុមារី​អាយុ ៤​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​លីកាដូ (LICADHO) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដើម្បី​ឲ្យ​ជួយ​ដាក់​ពាក្យ​ប្ដឹង​អភិបាល​រង​ម្នាក់​នៃ​ក្រុង​បាត់ដំបង ទៅ​តុលាការ​ខេត្ត ដែល​បាន​បង្ក​របួស​ស្នាម​ទៅ​លើ​កុមារី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ការ​ប្ដឹង​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​របស់​កុមារី​ដែល​រង​របួស​នោះ​ធ្ងន់ធ្ងរ មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ ប៉ុន្តែ​អភិបាល​រង​ក្រុង​អះអាង​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​នោះ ជា​រឿង​អចេតនា និង​ដោយ​ចៃដន្យ​ទេ។

មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​បង្ក​របួស​ស្នាម​របស់​លោក​អភិបាល​រង​ក្រុង​នេះ ថា​ជា​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កុមារ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ម្ដាយ​កុមារី​នោះ​រួច​ហើយ។ លោក​បន្ថែម​ថា ករណី​នេះ​គឺ​ជា​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ ដែល​លោក​អភិបាល​រង​ក្រុង​ត្រូវ​តែ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​មាន​អំណាច​ដទៃ មិន​ឲ្យ​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត៖ «បទល្មើស​នេះ គឺ​ជា​អំពើ​ព្រហ្មទណ្ឌ​មិន​អាច​អនុគ្រោះ​ឲ្យ​បាន​នោះ​ទេ។ ម្យ៉ាង​ទៀត​មិន​មែន​យក​ប្រាក់ ១៥០​ដុល្លារ​នោះ​មក​លុបលាង​ទោស​នេះ​បាន​ឡើយ»

ឪពុក​កុមារី​រង​របួស​រស់នៅ​ភូមិ​អង់ សង្កាត់​អូរចារ ក្រុង​បាត់ដំបង គឺ​លោក ឯម និល រៀបរាប់​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ លោក​អភិបាល​រង​ក្រុង​បាត់ដំបង ឈ្មោះ ឌី ពៅ បាន​យក​កំណាត់​ឈើ​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​គប់​ទៅ​លើ​កូន​ស្រី​របស់​គាត់​ឈ្មោះ និល ឡុងអឺ អាយុ ៤​ឆ្នាំ ត្រូវ​ចំ​ផ្ទៃ​មុខ បណ្ដាល​ឲ្យ​រង​របួស​ហើម​ថ្ពាល់​ខាង​ឆ្វេង និង​គុម្ព​ត្រចៀក​ជា​ទម្ងន់។ លោក​អះអាង​ថា ភ្លាមៗ​នោះ លោក​បាន​ប្ដឹង​ទៅ​ប៉ូលិស​ក្រុង​បាត់ដំបង និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ឲ្យ​លោក​អភិបាល​រង​ក្រុង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ លោក​ថា នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ រឿងរ៉ាវ​នោះ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត ហៅ​លោក​ទៅ​សម្រុះសម្រួល​គ្នា​បញ្ចប់​រឿង ដោយ​លោក​អភិបាល​រង​ក្រុង​ប្រគល់​ប្រាក់​ចំនួន ១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​យក​ទៅ​ព្យាបាល​របួល​កូន​របស់​គាត់​ទៅ​វិញ៖ «លោក​ចៅហ្វាយ​ក្រុង​រូប​នេះ​បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​មិន​គួរ​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​គេ​នោះ​ទេ ពីព្រោះ​កន្លង​មក គាត់​តែង​វាយ​ធ្វើ​បាប​កូន​របស់​ខ្ញុំ និង​ប្រពន្ធ​របស់​គាត់​រហូត​មក»

លោក​បន្ថែម​ថា រឿង​នេះ ប្រពន្ធ​របស់​លោក​មិន​ព្រម​ទទួល​យក​ប្រាក់ ១៥០​ដុល្លារ​នោះ​ឡើយ ហើយ​បាន​ប្ដឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ និង​ជា​ការ​ព្រមាន ដើម្បី​កុំ​ឲ្យ​លោក​អភិបាល​រង​ក្រុង​បង្ក​ហិង្សា​ទៅ​លើ​គ្រួសារ​របស់​គាត់​បន្ត​ទៀត៖ «កូន​ខ្ញុំ​តាំង​ពី​លោក​អភិបាល​រង​ក្រុង​គាត់​គប់​ត្រូវ​មុខ​មក វា​ចេះ​តែ​ហូរ​ឈាម​តាម​ច្រមុះ​មិន​ឈប់​សោះ មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​បាត់​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ក្រុង​បាត់ដំបង លោក ឌី ពៅ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​កើត​ហេតុ​នោះ មាន​កុមារ​ចំនួន ៣​នាក់ បាន​នាំ​គ្នា​លេង​ពំនូក​ខ្សាច់​នៅ​ក្បែរ​ផ្ទះ​របស់​លោក។ លោក​អះអាង​ថា គ្រា​នោះ​លោក​ព្រួយ​បារម្ភ​ក្រែង​ដី​ខ្សាច់​ចូល​ភ្នែក​របស់​ពួក​គេ ហើយ​ក៏​បាន​ដេញ​ពួក​គេ​ឲ្យ​ឈប់​លេង​ជាច្រើន​ដង ប៉ុន្តែ​ក្មេងៗ​ទាំង​នោះ​មិន​ព្រម​ស្ដាប់ ទើប​លោក​សម្រេច​ចិត្ត​យក​បន្ទះ​ឈើ​ស្ដើង​គប់​បង្អើល​ពួក​គេ ដើម្បី​ឲ្យ​ឈប់​លេង​ដី​ខ្សាច់​ទៀត ហើយ​ស្រាប់​តែ​ខ្យល់​បក់​ក៏​ប៉ើង​បន្ទះ​ក្ដារ​ប្លាត​ទៅ​ចំ​មុខ​កុមារី​នោះ​តែ​ម្ដង ប៉ុន្តែ​លោក​ថា​មិន​ធ្ងន់ធ្ងរ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «បាទ! រឿង​នេះ​តាម​ពិត​ទៅ​គេ​មួលបង្កាច់​ខ្ញុំ​ទេ ព្រោះ​អី​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​គាត់​ស្អប់​គ្រួសារ​ខ្ញុំ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង អះអាង​ថា របួស​ស្នាម​របស់​កុមារី​នោះ​ធ្ងន់ធ្ងរ មាន​ឈាម​ហូរ​តាម​ច្រមុះ និង​មាន​ស្នាម​ជាំ​ត្រង់​គុម្ព​ត្រចៀក​ខ្លាំង។ លោក​ស្នើ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លោក​អភិបាល​រង​ក្រុង​រូប​នេះ​ឲ្យខាងតែ​បាន និង​ដោយ​មិន​មាន​ការ​បន្ធូរបន្ថយ​ទោស​នោះ​ឡើយ៖ «រឿង​នេះ​យើង​ពិនិត្យ​មើល​ទៅ​តាម​របួស​ស្នាម​កុមារី​រងគ្រោះ គឺ​ជា​ចេតនា​របស់​លោក​អភិបាល​រង​ក្រុង​ទៅ​លើ​រូប​នាង​យ៉ាង​ពិត​ប្រាកដ»

គ្រួសារ​កុមារី​រងគ្រោះ​អះអាង​ថា រូប​គាត់​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​លោក​អភិបាល​រង​ក្រុង​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង រួច​មក​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់​ការ​ថា​យ៉ាង​ណា​ពី​ខាង​តុលាការ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាត់ដំបង និង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មីនា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ត្រៀម​ចេញ​សេចក្ដី​ថ្លែងការណ៍​លើ​ករណី​នេះ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ ចំណែក​ឯ​ស្ថានភាព​របស់​កុមារី​រូប​នោះ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ។ ម្យ៉ាង​ទៀត ចាប់​តាំង​ពី​កុមារី​នេះ​រង​របួស​មក ឪពុក​ម្ដាយ​របស់​នាង​បាន​នាំ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ខេត្ត​បាត់ដំបង ដើម្បី​ព្យាបាល​របួស​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។