ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់​ដោយសារ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​ក្នុងផ្ទះ ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅហើយ​ចាក់​សោរ​​ចេញ​ទៅ​ធ្វើការ​​កាលពី​ម៉ោង​៧ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ិច គឹ​ម​សាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក​ធនាគារ រស់នៅ​ជាមួយ​ប្អូន​ៗ២​នាក់ ។ ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​សម្ភារៈ​ខូចខាត​ផ្ទះ​១​ខ្នង ទំហំ៥​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​ឆេះ​អស់ទាំង​ស្រុង ដែល​អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​(​ទុ​ស្សេ​ខ្សែភ្លើង​) ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៦ និង​៣០​នាទី ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ គឹ​ម​សាន បាន​រៀបចំ​ខ្លួន​ទៅ​ធ្វើការ ឯ​ប្អូន​ៗ​ក៏​រៀបចំ​ទៅ​រៀន​ដែរ ដោយ​ចាក់សោរ​ផ្ទះ និង​សោរ​របង ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ក៏​មាន​អណ្តាតភ្លើង​ឆាបឆេះ​ពី​ក្នុងផ្ទះ​យ៉ាង​សន្ធោសន្ធៅ ពេល​នោះ​ក៏​មាន​កម្លាំង​ប៉ុស្តិ៍​កោះ​ខែល និង​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​រាយ​ទុយោ​បូមទឹក​ពី​ក្នុង​ទន្លេ​មក​បាញ់ និង​ជះ​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយសារ​ភ្លើង​ឆាបឆេះ​យ៉ាង​លឿន បណ្ដាល​ឲ្យ​ឆេះ​អស់​ផ្ទះ​តែ​ម្តង ប៉ុន្តែ​មិន​បណ្តាល​អោយ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ៕