ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម YONHAP ថា នា​ថ្ងៃ​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ដ៏​ធំ​រវាង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​េ​ម​រិ​ក KEY RESOLVE និង FOAL EAGLE ប្រទេស​កូរ៉េ​ខាងជើង​នា​ព្រឹក​ថ្ងៃ​ទី​៧ មីនា បាន​គំរាម​ធ្វើការ​វាយលុក​ទាំងស្រុង​មួយ ។ ការ​គំរាម​បែប​នេះ​គឺ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​គណៈកម្មាធិការ​ការពារ​ជាតិ ដែល​លោក​គី​ម ជុង​អ៊ុ​ន ជា​ប្រធាន​គណៈកម្មាធិការ​នេះ​។

សេចក្តី​ប្រកាស​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៧ មីនា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA និយាយ​ថា កូរ៉េ​ខាងជើង​បាន​ចាត់​ទុក​សមយុទ្ធ​យោធា​នេះ​ថា ជា​សង្គ្រាម​បរមាណូ​មួយ​នៅ​ឧបទ្វីប​កូរ៉េ ទន្ទឹម​នឹង​ការ​គាបសង្កត់​នានា​ប្រឆាំង​របប​កូរ៉េ​ខាងជើង​តាម​រយៈ​ដំណោះស្រាយ​របស់ អ​.​ស​.​ប ដែល​អនុម័ត​កាលពី​ថ្ងៃ​ទី​៣ មីនា (​ម៉ោង​នៅ​ក្រុង​សេ​អ៊ូ​ល​) កន្លង​មកនេះ ។

សេចក្តី​ប្រកាស​នេះ​ជា​ប្រតិកម្ម​ដំបូង​ចំពោះ​សមយុទ្ធ​យោធា​រួម​នៅ​កូរ៉េ​ខាងត្បូង​បន្ត​ថា យើង​នឹង​ត្រូវ​ធ្វើការ​វាយលុក​ទាំងស្រុង​មួយ​ប្រឆាំង​នឹង​ល្បែង​សង្គ្រាម​បរមាណូ​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​កងកម្លាំង​កូរ៉េ​ខាងត្បូង ដែល​ចង់ឱ្យ​ជីវិត​របស់​យើង​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ។

វិធានការ​តបត​វិញ​ប្រកាស​ដោយ​គណៈកម្មាធិការ​ការពារ​ជាតិ​កូរ៉េ​ខាងជើង គឺ​ធ្វើ​សកម្មភាព​យោធា​មួយ​ផ្អែក​លើ​ការ​វាយប្រហារ​បង្ការ​ខ្លួន​ដែល​អាច​កម្ទេច​ដោយ​គ្មាន​ប្រណី​ប្រឈម​មុខ​នឹង​សភាពការណ៍ ដែល​គំរាមកំហែង​ដល់​ភាព​ថ្លៃថ្នូរ​របស់​យើង ស្និ​ទ្ធិ​ឯករាជ្យ​ភាព និង​ការ​រស់រាន​របស់​យើង ។

សេចក្តី​ប្រកាស​បន្ត​ទៀត​ថា ដោយសារ​សមយុទ្ធ​យោធា​ទាំងនេះ​ធ្វើ​ឡើង​ដោយ​សត្រូវ​ចាត់ទុកជា​ការ​បង្កហេតុ​នៃ​សង្គ្រាម​បរមាណូ​មួយ​ប្រឆាំង​សិទ្ធិ​ឯករាជ្យ​ភាព​របស់​យើង ការ​តបត​ខាង​យោធា​របស់​យើង​នឹង​ជា​ការ​វាយប្រហារ​បង្ការ ហើយ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មាន​លក្ខណៈ​វាយលុក​បំផុត ។ ការ​វាយប្រហារ​នុយក្លេអ៊ែរ​បង្ការ​ទាំងនេះ​នឹង​ត្រូវធ្វើ​យោង​តាម​បទបញ្ជា​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ដ៏​សំខាន់​បំផុត​របស់​ទីបញ្ជាការ​យោធា​ជាន់ខ្ពស់ (​ចុះ​ថ្ងៃ​ទី​២៣ កុម្ភៈ​) ។

រួច​ចំណុច​ទី​៣​ហើយ​ជា​ចំណុច​ចុង​ក្រោយ​នៃ​សេចក្តី​ប្រកាស​នេះ​គឺ​ការ​ដាក់​ពង្រាយ​បណ្តា​មធ្យោបាយ​វាយប្រហារ​ដែល​តម្រង់​លើ​បណ្តា​គោលដៅ​ពិសេស​ៗ​របស់​កូរ៉េ​ខាង​ត្បូង ហើយ​រៀបចំ​មធ្យោបាយ​វាយប្រហារ​នុយក្លេអ៊ែរ​ងាក​ឆ្ពោះទៅ​ដែនដី​អា​មេ​រិ​ក និង​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ។

សេចក្តី​ប្រកាស​សន្និដ្ឋាន​ថា យើង​អាច​ប្រកាស​ដោយ​គ្មាន​ការ​រារែក​ចិត្ត​ណាមួយ​ថា សង្គ្រាម​នេះ​ផ្តោត​លើ​ការ​បង្រួបបង្រួម​ដែល​យើង​បាន​រៀបចំ​ចាប់តាំងពី​កន្លះ​សតវត្ស​មក​ហើយ នឹង​ត្រូវធ្វើ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ភ្លាម​ៗ យោង​តាម​លទ្ធិ JUCHE (​លទ្ធិ​ឯករាជ្យ​ភាព​) ដែល​ពិភពលោក​គិត​មិន​ដល់​ចាប់តាំងពី​បង្កើត​លទ្ធិ​នេះ​មក ។

សមយុទ្ធ​យោធា​រួម KEY RESOLVE និង FOAL EAGLE ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ មីនា ទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ មេ​សា នឹង​ប្រមូលផ្តុំ​ទាហាន​កូរ៉េ​ខាងត្បូង​ប្រមាណ​ជា​៣០០.០០០​នាក់ ទាហាន​អា​មេ​រិ​ក​ជាង​១៥.០០០​នាក់ ព្រមទាំង​មធ្យោបាយ​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​ទាំងឡាយ​ដូច​ជានា​វា​ផ្ទុក​យន្តហោះ USS JOHN C. STENNIS (CVN-74) យន្តហោះ​បំបាំងកាយ B-2 នាវាមុជទឹក​នុយក្លេអ៊ែរ ព្រមទាំង​បណ្តា​យន្តហោះ​ផ្គត់ផ្គង់​យោធា ៕