កម្ពុជានឹងដាក់ ចេញនូវផែនការ សម្រាប់ដោះស្រាយ បញ្ហាប្រឈមក្នុង វិស័យស្រូវអង្ករ

ភ្នំពេញ៖ ដើម្បីដោះស្រាយ បញ្ហាប្រឈម លើវិស័យស្រូវអង្ករកម្ពុជា ដែលបាននិងកំពុង ជួបប្រទះនាពេល បច្ចុប្បន្នប្រកប ដោយប្រសិទ្ធភាពខ្ពស់ សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងដាក់ ចេញនូវផែនការ គន្លឹះសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

តាមរយៈកិច្ចប្រជុំក្រុម ប្រឹក្សាភិបាលរបស់ខ្លួន កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចដាក់ ចេញនូវផែនការ គន្លឹះសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយ ហើយផែនការទាំងនោះ នឹងលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដែលនឹងធ្វើឡើង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានអ្នកពាក់ព័ន្ធ នៅក្នុងវិស័យ ស្រូវអង្ករសំខាន់ៗ តំណាងមកពីរោង ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍កសិករ ចូលរួមផងដែរនៅ ភោជនីយដ្ឋាន ទន្លេបាសាក់២ ក្រុងភ្នំពេញ។

ទាក់ទិននឹង បញ្ហាប្រឈមនេះ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា “សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងប្រឹងប្រែងយ៉ាងខ្លាំង ធ្វើការជាមួយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ស្វែងរកដំណោះស្រាយ សម្រាប់វិស័យស្រូវអង្ករ ដែលជាវិស័យមួយ ដ៏មានសក្តានុពល និងសារៈសំខាន់សម្រាប់ សេដ្ឋកិច្ចជាតិ ជាពិសេសសម្រាប់ទ្រទ្រង់ ជីវភាពប្រជាកសិករខ្មែរ និងសន្តិសុខស្បៀង”។

គួរំលឹកថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោល នយោបាយកំណត់នាំអង្ករ ចេញអោយបាន ១លានតោន ដើម្បីទប់ស្កាត់ការ នាំស្រូវចេញពី ប្រទេសកម្ពុជា។ ការនាំស្រូវចេញ ទាំងដុលមិនទាន់កែច្នៃ ធ្វើអោយកម្ពុជាបាត់បង់ តម្លៃបន្ថែមយ៉ាងច្រើនដូចជា កម្លាំងពលកម្ម អង្កាម កន្ទក់ ជាដើម..,។

អ្នកវិភាគមួយ ចំនួននិយាយថា កង្វះខាតដើមទុន ដើម្បីពង្រីកចង្វាក់ ផលិតកម្មនិងដើម្បីទិញស្រូវ ពីដៃប្រជាកសិករខ្មែរ គឺជារឿងធ្ងន់ធ្ងរបំផុត។ កម្ពុជានៅសល់ ទិន្នផលស្រូវជា ច្រើនតោនក្នុង១ឆ្នាំៗ ហើយកម្ពុជាត្រូវការ ដើមទុនប្រចាំឆ្នាំ ប្រមាណជាង ១ពាន់លានដុល្លារ សម្រាប់ទិញស្រូវពី ដៃកសិករខ្មែរ ដោយមិនទាន់បូក បញ្ចូលទឹកប្រាក់ដែល ត្រូវការសម្រាប់ការ វិនិយោគដំឡើងរោង ម៉ាស៊ីនកិនស្រូវ ស្តង់ដារអន្តរជាតិ។

អ្នកវិភាគខាងលើថា ប្រទេសកម្ពុជា មានសក្ដានុពលវិស័យ កសិកម្មច្រើន ប៉ុន្តែនៅមិនទាន់ អាចទាញយកផល ចំណេញអោយអស់ លទ្ធភាពពីវិស័យ នេះនៅឡើយទេ។ កម្ពុជាអាចទាញយក ផលចំណេញបានច្រើន ដរាបណាអាចផលិត ដោយខ្លួនឯង ហើយកែច្នៃដោយខ្លួនឯង បានច្រើនជាអតិបរិមា៕

កម្ពុជានឹងដាក់ ចេញនូវផែនការ សម្រាប់ដោះស្រាយ បញ្ហាប្រឈមក្នុង វិស័យស្រូវអង្ករ