ក្រសួងការងារ ដាក់យុទ្ធសាស្រ្ត អនុវត្ត បញ្រ្ជាបយេនឌ័រ ចំនួន៣

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ ការចូលរួមទាំងអស់គ្នា ទាំងស្រ្តី ទាំងបុរស ក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ សម្រាប់ឆ្នាំ២០១៤-២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តោតសំខាន់លើយុទ្ធសាស្រ្តធំចំនួន៣ អនុវត្តយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័ររបស់ក្រសួង ។

យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ របស់ក្រសួងការងារបានឲ្យដឹងថា យុទ្ធសាស្ត្រទំាងបី រួមមាន ៖ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យ ការងារ , លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ និងលើកកម្ពស់សមភាពយេនឌ័រក្នុង វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងក្នុងឱកាសអបអរសាទរខួបលើកទី១០៥ នៃទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទវិនិយោគ សមភាព យេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី៧ ខែមីនាថា ក្រសួងបានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ និងផ្តល់កាលានុវត្តភាព ឲ្យដល់មន្រ្តីនារីក្នុងក្រសួងគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមធ្វើសេចក្តីសម្រេចលើកិច្ចការជាយុទ្ធសាស្រ្ត ទាំងឡាយ ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់មូលដ្ឋាន រាជធានី-ខេត្ត។ គិតដល់បច្ចុប្បន្ន ក្រសួង មានចំនួនស្រ្តីក្នុងសេចក្តីសម្រេចចំនួន ៤៤រូប ស្មើនឹង ៥.០៥% នៃចំនួនសរុបមន្រ្តីរាជការជាស្រ្តី។

ជាមួយទិវាអន្តរជាតិនារី ៨មីនាលោក រដ្ឋមន្រ្តីបញ្ជាក់ថា« យើងប្រារព្ធប្រកបដោយឆន្ទៈមុះមុត គឺជា ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរំលឹក ឲ្យយើងទាំងអស់គ្នា ឲ្យពិនិត្យមើលទៅលើស្ថានភាព ជីវភាព ឋានៈ តួនាទីស្រ្តីកម្ពុជា ដែលជាធនធានមនុស្ស ប្រកបដោយសក្តានុពល នៅក្នុងគ្រួសារ និងសង្គម លើការអប់រំ គ្រប់គ្រង ផ្គត់ផ្គង់ ថែបំប៉ន សមាជិកគ្រួសារ រួមទាំងលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ផងដែរ»។

តាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តផែនការ យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ របស់ក្រសួងការងារក៏បានឲ្យដឹងថា លទ្ធផលសម្រេចបានគិតមកដល់ឆ្នាំ២០១៥ ក្រុមការងារយេនឌ័រ របស់ក្រសួងការងារ បានអនុវត្តសកម្មភាពសំខាន់ៗ ដោយបញ្ចូលផែនការសកម្មភាពយេនឌ័រ ទៅក្នុងផែនការប្រចាំឆ្នាំក្នុងន័យលើកកម្ពស់ សមភាព យេនឌ័រវិស័យការងារ បានបង្កើនឱកាសការងារសមស្រប និងការងារ ដែលមានប្រាក់កម្រៃទាំងក្នុងស្រុក និងក្រៅស្រុកដល់ស្រ្តី ជាពិសេសស្រ្តីនៅតាម ជនបទដោយផ្សព្វផ្សាយ ព័ត៌មាន ទីផ្សារការងារ សេវាពិគ្រោះយោបល់ និងតម្រង់ទិសវិជ្ជាជីវៈ ដល់ស្រ្តីនៅលើទីផ្សារពលកម្ម៕

ក្រសួងការងារ ដាក់យុទ្ធសាស្រ្ត អនុវត្ត បញ្រ្ជាបយេនឌ័រ ចំនួន៣

ក្រសួងការងារ ដាក់យុទ្ធសាស្រ្ត អនុវត្ត បញ្រ្ជាបយេនឌ័រ ចំនួន៣