សម្តេច ស ខេង បង្ហាញការ ព្រួយបារម្ភ រីករាលដាល គ្រឿងញៀន ទៅដល់ទីជនបទ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបាន លើកឡើង ពីការព្រួយបារម្ភ នៃការរីករាលដាល បញ្ហាគ្រឿងញៀន ដល់ទីជនបទ និងបញ្ហា គ្រឿងញៀន កំពុងតែបំផ្លាញ ធនធានមនុស្សនៅ កម្ពុជាជាពិសេសយុវវ័យ ។

ការលើកឡើងរបស់សម្តេច បែបនេះ ខណៈដែលគេមើលឃើញថា ស្រទាប់យុវជនមួយចំនួន នៅក្នុងវ័យសិក្សា កំពុងរងការ ធ្លាក់ចូលទៅក្នុង ការអូសទាញ នៃគ្រឿងញៀន ។ មិនតែប៉ុណ្ណោះអ្នកដែល ប្រើប្រាស់ថ្នាំញៀន ក៏ក្លាយទៅជាមុខសញ្ញា អ្នកប្រព្រឹត្ត បទល្មើសដើរលួចឆក់ ប្លន់ ប្រើអំពើហិង្សា និងរំលោភជាដើម។
សម្តេចក៏បានអំពាវនាវឲ្យមានវិធានការរួមគ្នាបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀន ឲ្យមានប្រសិទ្ធភាពបំផុត។  

សម្តេចក្រឡាហោម ក៏បានលើកឡើងទៀតថា គ្រឿងញៀនមិនទាន់មានថ្នាំព្យាបាល នៅឡើយនោះទេ អ្នកដែលញៀនគ្រឿងញៀននោះហើយ នឹងក្លាយជាមនុស្ស បាត់បង់សតិបញ្ញា ធ្វើឲ្យប៉ះពាល់ដល់កិត្តយសក្រុមគ្រួសារ និងបង្កឲ្យប៉ះពាល់ដល់សង្គមទៀតផង។  

សម្តេចក៏បានអំពាវនាវ ឲ្យយុវជនទាំងអស់ត្រូវ នៅឲ្យឆ្ងាយពីគ្រឿងញៀន និង កុំចង់សាកល្បង ជាមួយគ្រឿងញៀន ។  
នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្រងសំដី សម្តេច ស ខេង បានថ្លែងក្នុងឱកាសអញ្ជើញ ចូលរួមកាត់ ប្ញសសីម៉ា ព្រះវិហារ នៅវត្តគីរីរម្យសន្តិភាព (អូរចោទ) ស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី៥ មីនា៕

សម្តេច ស ខេង បង្ហាញការ ព្រួយបារម្ភ រីករាលដាល គ្រឿងញៀន ទៅដល់ទីជនបទ