ប៉ូលិស​បំបែកសំណុំរឿង រំលោភ​ហើយ​ប៉ុនប៉ង​សម្លាប់ ក្មេងស្រី​ម្នាក់ នៅ​ស្រុក​ថ្មគោល​ចប់​ហើយ​

បាត់ដំបង: ប៉ូលិស​បំបែក សំណុំរឿង​រំលោភ​ហើយ​ប៉ុនប៉ង​សម្លាប់​ក្មេងស្រី​អាយុ​១៨​ឆ្នាំ​ម្នា​ក់នៅស្រុក​ថ្មគោល ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន បាន​ហើយ នៅ​ព្រឹកថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាព។

​ជនសង្ស័យ​ឈ្មោះ ម៉េ​ក ពឿ​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទំពូង ឃុំ​តា​ពួ​ង ស្រុកថ្មគោល ។ ក្រោយពី​ពេល​ឃាត់ខ្លួន​ភ្លាមៗ ជ​នេះ​​មិនបាន​ឆ្លើយ​សារភាព​ទេ ។ លុះក្រោយមក បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ពី​សាច់ញាតិ​ជនរងគ្រោះ និង​សាក្សីមួយចំនួន​ផង ទើប​ជននេះ​សារភាព ។

​ជនសង្ស័យ​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​ប៉ុនប៉ង​សម្លាប់​នាង គឺ​ដោយសារក្រោយពេល​រំលោភ​បានសម្រេច នាង​យំ ហើយ​នាង​បាន​ស្ដីបន្ទោស​ឲ្យ​ខ្លួនថា «​ចាំ​ធ្វើ​ចឹ​ង​ធ្វើ​អ្វី ធ្វើ​ចឹ​ង​ធ្វើ​ឲ្យ​ឪពុកម្ដាយ​នាង​ខ្មាស​គេ​» ។ ពេលឮ​នាង​និយាយបែបនេះ ម្យ៉ាង​ខ្លាច​បែកការណ៍​ផង ទើប​ខ្លួន​ទាញ​ដំបង និង​ចបកាប់​វាយ​សំពងទៅលើ​នាង ក្នុង​បំណង​សម្លាប់​បំបិតមាត់ តែ​ចៃដន្យ​នាង​មិន​ស្លាប់ ។​

​សូមបញ្ជាក់ថា​ហេតុការណ៍​បានកើត​ឡើង កាលពី​យប់​ថ្ងៃទី​៦​ខែមីនា ឆ្នាំ​២០១៦ នៅភូមិ​-​ឃុំ តាពូង ស្រុក​ថ្មគោល ។​

​លោក​វរសេនីយ៍ត្រី ផង់ សុភាព អធិការ​នគ​បាល ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថាជនរងគ្រោះ​ឈ្មោះ ភឿន សុ​ភី ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុខាងលើ​ជាមួយគ្នា​។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា​មុនពេល​កើតហេតុ​ម្តាយ​ជនរងគ្រោះ​មិន​នៅផ្ទះ ទើបជនសង្ស័យ​ឆ្លៀត ឱកាស ចូលចាប់​រំលោភ​ជនរងគ្រោះ ហើយ​ព្យាយាម​សម្លាប់បំបិទមាត់ តែ​មិន​ស្លាប់​ដោយ​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​ក្រុមគ្រួសារបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​។​ករណីនេះ សមត្ថកិច្ចជំនាញ​កំពុងធ្វើការ ស្រាវជ្រាវ រក​ជនល្មើស​ដើម្បី​យក​ផ្តន្ទាទោស​តាមច្បាប់៕​