ស្លាប់ ៦​នាក់ របួសធ្ងន់​ស្រាល ១៣​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​៦​មីនា

ភ្នំពេញ: មនុស្ស​៦​នាក់​បាន​ស្លាប់ (​ស្រី ១​នាក់​) រងរបួស​ធ្ងន់ ៩​នាក់ (​ស្រី ២​នាក់​) និង​របួសស្រាល៤​នាក់ (​ស្រី ១​នាក់​) ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ប្រចាំ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០១៦  នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១១​លើក ក្នុងនោះ​យប់ ៨​លើក ។​នេះ​បើយោងតាម​របាយ​​ការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ។​

​យោងតាម របាយការណ៍​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាតយានយន្ត សរុប ចំនួន ១៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូចចំនួន ៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៤​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន៤​លើក , ប្រជែង គ្រោះថ្នាក់ ៣​លើក​, មិន​គោរព​សិទ្ធី ១​លើក , មិន​ប្រកាន់​ស្តាំ ១លើក ,​បត់​គ្រោះថ្នាក់ ១​លើក និង​បុក​ដែក​បា​រ៉ា​ស់​ផ្លូវ ១​លើក ។ ក្នុងនោះ​អ្នក​មិនពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៥​នាក់ (​យប់ ១១​នាក់​) ។ គ្រោះថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ២​លើក និងផ្លូវលំ ចំនួន ១​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ៣លើក រថយន្ត​ធុន​ធំ ២​លើក និង​យាន​កែច្នៃ ១​លើក ។​

​ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តព្រៃវែង ១​លើកស្លាប់ ២​នាក់​- ភ្នំពេញ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់​- ខេត្ត​ព្រះសីហនុ ១លើក ស្លាប់ ១​នាក់​- ខេត្តកំពង់ឆ្នាំង ១​លើក ស្លាប់ ១​នាក់​- និង​ខេត្ត​ត្បូងឃ្មុំ ១​លើកស្លាប់ ១​នាក់ ( ស្រី ) ។​

​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៥.២៩៦​គ្រឿងក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ២.៤៨៦​គ្រឿង ពិន័យ​សរុប ២.៨១០​គ្រឿង និងអប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១.២៤៩​នាក់ ៕​