ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៧ មីនា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន ក្រោម​បទចោទប្រកាន់​ថា «​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​» នៅ​ស្រុក​ភ្នំព្រឹក កាលពី​ស​ប្ដា​ហ៍
មុន​។

បើ​តាម​របាយការណ៍​របស់​អាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ សេង​លី ហៅ​សេង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រួស​ក្រហម​២ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក រីឯ​កុមារី​រង​គ្រោះ​អាយុ​៦​ឆ្នាំ ។

ក្នុង​របាយការណ៍​បន្ត​ថា ជន​ឈ្មោះ​សុខ សេង​លី ត្រូវ​គេ​សង្ស័យ​ថា បាន​ចាប់រំលោភ​កុមារី​រង​គ្រោះ នៅ​ចន្លោះ​ពី​ម៉ោង​១១​ថ្ងៃត្រង់ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០៤ មីនា កន្លង នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ ខណៈ​ដែល​នាង​ទៅ​មើល​ទូរទស្សន៍​នៅ​ទីនោះ ។ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៥ មីនា បន្ទាប់​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង ។

ប្រភព​ពី​ម្ដាយ​កុមារី​រង​គ្រោះ​ថា នៅ​ពេល​កើតហេតុ គាត់​មិនដឹង​ទេ តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល ទើប​ដឹង​នេះ ដោយសារ​ឃើញ​កូនស្រី​ដើរ
យំ​។ ពេល​គាត់សួរនាំ ត្រូវ​នាង​មិន​ព្រម​ប្រាប់​ទេ ។ លុះ​គាត់​ងូតទឹក​ដុះក្អែល​ប៉ះ​ចំ​ប្រដាប់​ភេទ ធ្វើ​ឲ្យ​នាង​ឈឺ និង​ហាម​មិន​ឱ្យ​គាត់​ប៉ះ ទេ ។ ហើយ​គាត់​បាន​សួរ​ដេញដោល​សួរ​ទៀត ទើប​នាង​ប្រាប់​ថា ឈ្មោះ​សេង បាន​ចាប់រំលោភ​នាង ពេល​នាង​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​ជនសង្ស័យ​។ ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ម្តាយ​បន្ត​ថា  ឈ្មោះ​សេង បាន​គំរាម​អារ​.​ក​សម្លាប់​នាង​ចោល បើ​នាង​និយាយ​រឿង​នេះ ប្រាប់​ម្ដាយ​នាង ។

ក្រោយ​ពី​កូនស្រី​ប្រាប់​រឿង​នេះ គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ស្នើ​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​សង្ស័យ​​តែ​ម្ដង​។

ជុំវិញ​ការ​ប្ដឹង​ចោទប្រកាន់​នេះ ត្រូវ​ជនសង្ស័យ​ឈ្មោះ​សុខ សេង​លី ហៅ​សេង បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រ​ព្រិ​ត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​ជន​នេះ​បាន​ទទួលស្គាល់​ថា កុមារី​រង​គ្រោះ​ពិតជា​បាន​ទៅ​លេង​ផ្ទះ​ខ្លួន​មែន​នៅ​ថ្ងៃ​កើតហេតុ ហើយ​នៅ​លេង​ជា​មួយ​កូនស្រី​ខ្លួន ខណៈ​ខ្លួន​ដើរទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង​នៅ​ក្បែរ​នោះ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ។

បើ​ទោះជា​ជន​នេះ មិន​ព្រម​ឆ្លើយ​សារភាព​ក្ដី តែ​លោក​មេបញ្ជាការ​ខេត្ត និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​តុលាការ​ហើយ ដើម្បី​ឱ្យ​អយ្យការ​សួរនាំ​បន្ត ។