ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ រថយន្ត​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3088 ដឹកឈើ​គ្រញូង​ពេញ​ជា​របស់​មេ​ឈ្មួញ​ដុះ​ស្លែង​ម្នាក់ ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច​ទាំង​យប់ ។

ករណី​រថយន្ត​បា​ឡែ​ន​ដឹកឈើ​គ្រញូង​ពេញ​ជាប់អន្ទាក់​សមត្ថកិច្ច​ទាំង​យប់​នេះ​បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា ២០១៦ នៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទី​របស់ លោក យឹ​ម សោភ័ណ ស្ថិត​ក្នុងភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។

បើ​តាម​ប្រភព​ព័ត៌មាន​ដែល BTV ទទួល​បាន​រឿង​រថយន្ត​បា​ឡែ​ន​ពណ៌​ខ្មៅ​ដឹកឈើ​គ្រញូង​ពេញ​នេះ បាន​ដឹកឈើ​គ្រញូង​ចេញ​មក​ពី​ទិស​ដៅ​ខាង​ខេត្តសៀមរាប ក្នុង​គោល​បំណង​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ចាម ចូល​ទៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក អិុត សុធា បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សហការ​គ្នា​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​ខាងលើ​នេះ ដែល​ត្រូវ​បាន​ឈ្មួញ​បើក​រត់គេច​ទៅ​តាម​ផ្លូវ​ទៅ​កាន់​ខេត្តព្រះវិហារ​វិញ រហូត​ដល់​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ មីនា ទើប​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ ។

ប្រភព​ដដែល​ប្រាប់​ថា ឈើ​គ្រញូង​នេះ ជា​របស់​លោក​អនុសេនីយ៍ឯក យឹ​ម សោភ័ណ មាន​ឋានៈ​ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បន្ទាប់​ពី​បែកការ​ត្រូវ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​ប្រមាញ់ ក៏​បង្ខំចិត្ត​ឲ្យ​កូនចៅ​បើករថយន្ត​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដីចំការ​របស់​ខ្លួន ហើយ​នៅ​លើ​ឈើ​គ្រញូង​មាន​បង់​លេខ និង​សរសេរ​ឈ្មោះ ភាន់ ដាក់​ទៀត​ផង ។ សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​បុរស​ម្នាក់​ឈ្មោះ យិ​ត សាវ៉ា​ន់ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោ​គ​ងួ​ន ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នាំ​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដែល​មាន​ឈើ​គ្រញូង​ចំនួន​៥៣​ដុំ ស្មើនឹង​១,៣៤០​ម៉ែត្រគូប នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​លោក​ព្រះរាជអាជ្ញា ។ បុរស​ឈ្មោះ យិ​ត សាវ៉ា​ន់ បាន​ឆ្លើយ​ថា ឈើ​គ្រញូង និង​រថយន្ត​មិនមែន​ជា​របស់​គាត់​ទេ រូប​គាត់​គ្រាន់តែ​ជា​អ្នក​ម៉ៅ​ចំការ​ស្វាយចន្ទីរ​ពី​ឈ្មោះ យឹ​ម សោភ័ណ សម្រាប់​បេះ​លក់​គ្រាន់​បាន​ចំណេញ​ប៉ុណ្ណោះ នៅ​យប់​ថ្ងៃ​កើតហេតុ​មាន​គេ​បើករថយន្ត​ទៅ​ទីនោះ រួច​គំរាម​ឲ្យ​គាត់​បើកទ្វារ​របង បើ​មិន​ព្រម​ប្រយ័ត្ន​គេ​បាញ់ ដោយ​ខ្លាច​គាត់​ក៏​បើ​ទ្វារ​ឲ្យ​គេ​បើកឡាន​ចូល រួច​ចុះ​រត់គេច​បាត់​អស់​ទៅ​ប្រ​សិន​គាត់​ជា​អ្នក​ជួញ​ឈើ​គ្រញូង​នោះ គាត់​រត់​បាត់​ហើយ មិន​ទុក​ឲ្យ​គេ​ចាប់​នោះ​ទេ ។

ទោះជា​យ៉ាងណា​ករណី​នេះ សមត្ថកិច្ច​មិន​ទាន់​ដោះ​លែង​នោះ​ទេ រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​សិន ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​អនុសេនីយ៍ឯក យឹ​ម សោភ័ណ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពីព្រោះ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល តែ​មិន​ទទួល ចំណែក​លោក​ឧត្តម​សេនីយ៍ត្រី ជូ សំ​អាន ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ មាន​ប្រសាសន៍​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ មីនា ២០១៦ នេះ​ថា បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​អនុសេនីយ៍ឯក យឹ​ម សោភ័ណ ប្រាប់​ថា ករណី​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​រូបគេ​នោះ​ទេ មាន​គេ​បើករថយន្ត​ដឹក​គ្រញូង​ចូល​ទៅ​ក្នុង​ដី​របស់​គាត់ ។